មេដឹកនាំសហជីពក្នុងឧស្សាហកម្មកាត់ដេរ ត្រៀមទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន២០៧ដុល្លារ ក្នុងមួយខែដល់កម្មករ ដោយផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ។
ប្រាក់ឈ្នួលអប្បបរមាចំនួន២០៧ដុល្លារនេះ គឺខុសពីចំនួនតួលេខចាស់១៧៧ដុល្លារដែលមេដឹកនាំសហជីពគ្រោងទាមទារកាលពីពេលកន្លងមក។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងថា សហជីពឯករាជ្យស្ទើតែជិត៨០ភាគរយគ្រោងនឹងយកតួលេខប្រាក់ឈ្នួលអប្បបរមា២០៧ដុល្លារនេះ ដើម្បីចចារជាមួយនិយោជក ពីព្រោះតួលេខនេះ បានមកពីការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រសង្គមសេដ្ឋកិច្ចចុងក្រោយមួយដែលអាចទុកចិត្តបាន។
«យើងត្រូវយកអាហ្នឹងទៅ យើងរង់ចាំតែការស្រាវជ្រាវហ្នឹងទេ ឥឡូវ យើងឃើញហើយការស្រាវជ្រាវហ្នឹង អញ្ចឹងយើងនឹងទៅយកអាលេខហ្នឹងទៅ»។
មេដឹកនាំសហជីពរូបនេះ បានបញ្ជាក់ផងដែរថា ក្រុមសហជីពនឹងជួបប្រជុំគ្នានៅថ្ងៃទី១៦ ខែកញ្ញាដើម្បីកំណត់ជំហររួមមួយរវាងសហជីពឯករាជ្យ និងសហជីពដែលទោរទន់ទៅរករដ្ឋាភិបាល។ការជួបប្រជុំគ្នានេះ មានគោលបំណងធ្វើការសម្រេចយកតួលេខ២០៧ដុល្លារនេះ ទៅជួបចចារជាមួយនិយោជកនៅពេលខាងមុខ។
លទ្ធផលបឋមដែលបានមកពីការស្ទាបស្ទង់នៃតម្រូវការរបស់កម្មករចំនួន៧៤៥នាក់ ធ្វើឡើងដោយក្រុមអ្នកសិក្សាស្រាវជ្រាវ DC Research បង្ហាញថា ចំនួនពាក់កណ្តាលនៃកម្មករទាំងអស់នេះ ចង់ទទួលបានប្រាក់ឈ្នួល២០៧,៥០ដុល្លារក្នុងមួយខែ។ លទ្ធផលបឋមនេះត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅ ហើយលទ្ធផលស្រាវជ្រាវពេញលេញរបស់ DC Researchនេះ ត្រូវគេរំពឹងថានឹងចេញផ្សាយនៅក្នុងសប្តាហ៍នេះ។
អ្នកស្រីឆេង ដានោ ប្រធានស្តីទីនៃសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយណភណ្ឌកាត់ដេរកម្ពុជា ឲ្យដឹងថា តួលេខនេះ មិនអាចជួយឲ្យកម្មកររស់នៅដោយសមរម្យនោះទេ តែវាអាចជួយឲ្យកម្មកររស់បានមិនខ្វះមុខមិនខ្វះក្រោយ ក្នុងមួយខែៗ។
«ខាងជំហរពួកខ្ញុំ គឺបើយើងស្រាវជ្រាវឃើញប៉ុណ្ណឹងហើយ យើងត្រូវដាក់ប៉ុណ្ណឹង ព្រោះប៉ុណ្ណឹងវាមិនមែនជា ជាការចាយវាយសមរម្យទេ អាហ្នឹងនោះ គឺគាត់ចាយវាយប្រចាំថ្ងៃនិងបច្ចុប្បន្ន ដែលយើងស្រាវជ្រាវឃើញថាគាត់ចាយរាល់ថ្ងៃហ្មង ក្នុងបច្ចុប្បន្នវាមិនមែនជារឿងដែលថាអាហារសមរម្យអីគាត់ហូបដែលត្រូវកាឡូរីហ្នឹងអត់ទេ»។
អ្នកស្រីបានសម្តែងក្តីបារម្ភ ទាក់ទិនការចចារទាមទារឲ្យបាននូវចំនួន ២០៧ដុល្លារនេះដែរ តែអ្នកស្រីថាសហជីពគ្មានជម្រើសណាផ្សេងទៀតនោះទេ។ អ្នកស្រីថ្លែងថា ការធ្វើយុទ្ធនាការនានានឹងកើតមាន ប្រសិនបើនិយោជកមិនអាចបំពេញការទាមទារនេះ បាន។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជាកាលពីខែសីហា បានបង្ហាញថា ថៅកែរោងចក្រកាត់ដេរនៅតែរក្សាជំហរមិនដំឡើងប្រាក់ឈ្នួលបន្ថែម។ លទ្ធផលស្ថាពរនៃការស្ទាបស្ទង់ដដែលនេះបានបង្ហាញថា ៦៦ភាគរយនៃសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាមិនមានលទ្ធភាពដំឡើងប្រាក់ឈ្នួលនោះទេ រីឯ២៧ភាគរយនៃសមាជិកបោះឆ្នោតដំឡើងពី១ដុល្លារទៅ៥ដុល្លារ ហើយមានតែ៤ភាគរយនៃសមាជិកប៉ុណ្ណោះ បោះឆ្នោតដំឡើងពី៦ដុល្លារដល់១០ដុល្លារ។
លោកកាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ជាក់ថាតួលេខ២០៧ដុល្លារនេះ មិនមែនជាតួលេខប្រាក់ឈ្នួលអប្បបរមាទេ ហើយថាតួលេខនេះគឺសំដៅលើប្រាក់សម្រាប់ការរស់នៅ។ ក៏ប៉ុន្តែ លោកឲ្យដឹងថា មេដឹកនាំសហជីពអាចយកតួលេខនេះមកជជែកគ្នាក្នុងពេលជួបចចារ។
«ជាសិទ្ធិរបស់ភាគីដាក់លេខមកប៉ុន្មានក៏បានដែរ។ នៅក្នុងកិច្ចពិភាក្សា គឺយើងបានព្រមព្រៀងគ្នាហើយ គឺយើងពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច និងសង្គម គឺយើងយកទាំងពីរហ្នឹងមក ជាគោលជាមូលដ្ឋានសម្រាប់ពិភាក្សា»។
VOA ពុំអាចទំនាក់ទំនងលោកហេង សួ អ្នកនាំពាក្យក្រសួងការងារបានទេ។
ឧស្សាហកម្មកាត់ដេរបានផ្តល់ការងារឲ្យមនុស្សយ៉ាងហោចណាស់៦០០.០០០នាក់។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពចម្រូងចម្រាសនៅក្នុងវិស័យនេះ ដោយសារការធ្វើបាតុកម្មទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យបានសមស្របទៅនឹងការកើនឡើងនូវថ្លៃទំនិញនានាក្នុងប្រទេសកម្ពុជា ដែលបានបន្តកើនឡើងលឿនជាងប្រាក់ខែកម្មករ។
ការតវ៉ារបស់កម្មករដើម្បីឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាកាលពីខែមករាដើមឆ្នាំ២០១៤បានប្រឈមនឹងការបង្រ្កាបដោយអំពើហិង្សាពីរដ្ឋាភិបាល ដែលនាំឲ្យមានមនុស្សយ៉ាងហោចណាស់ចំនួនប្រាំនាក់បានស្លាប់ និងរាប់សិបនាក់រងរបួសព្រមជាមួយនឹងការចាប់អ្នកតវ៉ាដាក់ពន្ធនាគារមួយចំនួនថែមទៀតផង។
បន្ទាប់ពីមានការតវ៉ាទាំងនោះ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់១២៨ដុល្លារក្នុងមួយខែ ប៉ុន្តែក្រុមកម្មករបានឲ្យដឹងថា ពួកគេត្រូវការយ៉ាងហោចណាស់១៧៧ដុល្លារក្នុងមួយខែដើម្បីទប់ទល់នឹងការកើនឡើងនូវការចំណាយក្នុងការរស់នៅប្រចាំថ្ងៃនាពេលបច្ចុប្បន្ន។
កិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៦នឹងត្រូវធ្វើឡើងនៅដើមខែតុលាខាងមុខនេះ។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងការងារក្នុងពេលកន្លងមក៕