ក្រោយនាំគ្នារៀបចំក្រុមសហជីពឯករាជ្យមួយដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់កម្មករ សមាជិកសហជីពបានឱ្យដឹងថា រោងចក្រផលិតកាបូបមួយឈ្មោះ Cinlon International ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបញ្ឈប់មេដឹកនាំសហជីព ៣ នាក់ពីការងារ។ បច្ចុប្បន្ននេះ ពួកគេកំពុងតែតវ៉ាសុំអន្តរាគមន៍ ដើម្បីបានចូលធ្វើការងារវិញ។
សហជីពដែលត្រូវបានបញ្ឈប់ពីការងារនោះមកពីសហព័ន្ធសហជីពឯករាជ្យ កំពុងស្វះស្វែងរកអន្តរាគមន៍ពីអង្គការអន្តរជាតិខាងការងារ (ILO) ដែលគ្រប់គ្រងគម្រោងរោងចក្រកាន់តែប្រសើរ ឬហៅថា BFC។ នេះបើតាមលិខិតរបស់សហជីព ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ដែលផ្ញើទៅកាន់អង្គការអន្តរជាតិខាងការងារនេះ។
មេដឹកនាំសហជីពទាំងនោះ រួមមានលោក ស្រឺ នាង អ្នកស្រី ប៊ូ រ៉ាត និងលោក មួន សាម៉ុក ដែលធ្វើការនៅរោងចក្រCinlon ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លិខិតសហជីពលើកឡើងថា ក្រោយពីមានការសម្របសម្រួល និងផ្សះផ្សាដែលរកចំណុចរួមមិនឃើញ នាយកដ្ឋានវិវាទការងារ កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ បានសម្រេចឱ្យក្រុមហ៊ុនមួយនោះទទួលយកពួកគេទាំង ៣ នាក់នោះ ចូលធ្វើការងារវិញ ហើយបង់សងប្រាក់ឈ្នួលតាំងពីថ្ងៃដែលពួកគេត្រូវបានបញ្ឃប់ពីការងារ ប៉ុន្តែរោងចក្រ Cinlon មិនអនុវត្តតាមឡើយ។
ក្រោយមក ក្រុមសហព័ន្ធសហជីពបានស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ និងក្រុមហ៊ុនអ្នកបញ្ជាទិញ CleverMade ប៉ុន្តែមិនមានការឆ្លើយតបណាឡើយ។
លិខិតនោះបញ្ជាក់ថា៖ «ជាលទ្ធផលក្រុមហ៊ុន Clevermade មិនអើពើនិងមិនខ្វាយខ្វល់ពីសិទ្ធិរបស់កម្មករនយោជិត ជាពិសេសបន្ថែមទៀត គឺក្រុមហ៊ុន CleverMade ថែមទាំងបានចូលរួមចំណែកក្នុងរំលោភសិទ្ធិរបស់កម្មករនិយោជិតនៅប្រទេសកម្ពុជាទៀតផង»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុន CleverMade តាមសារអ៊ីម៉ែលបាននៅឡើយទេ។
អ្នកស្រី ប៊ូ រ៉ាត អាយុ ២៨ ឆ្នាំ ជាកម្មករនៅរោងចក្រ Cinlon ដែលត្រូវបានបញ្ឈប់ពីការងារ ក្រោយបង្កើតសហជីពក្នុងរោងចក្រ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា អ្នកស្រី និងមេដឹកនាំសហជីពផ្សេងទៀត នៅតែត្រូវបានបញ្ឈប់មិនឱ្យធ្វើការងារនៅរោងចក្របន្តទៀត ក្រោយក្រុមអ្នកស្រីបានបង្កើតសហជីពនៅក្នុងរោងចក្រ។
បើតាមស្ត្រីរូបនេះ រោងចក្របានបញ្ជាក់ថា ការបញ្ឈប់នោះ ដោយសារតែមិនមានការងារច្រើនសម្រាប់ពួកគេធ្វើ។
ទោះជាយ៉ាងណា អ្នកស្រី ប៊ូ រ៉ាត ចាត់ទុកការបញ្ឈប់ពីការងារនេះ ជាការរើសអើងសហជីព និងអយុត្តិធម៌។ អ្នកស្រីជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយវិវាទការងារមួយនេះ ពោលគឺអនុញ្ញាតឱ្យអ្នកស្រីបានចូលធ្វើការឡើងវិញ។
អ្នកស្រីបញ្ជាក់ថា៖ «ជាចុងក្រោយខ្ញុំសូមសំណូមពរទៅដល់ពូៗដែលគាត់ធ្វើការនៅក្រសួង អធិការការងារ អធិការកិច្ចហ្នឹង សូមឱ្យគាត់ជួយជំរុញ ដើម្បីឱ្យក្រុមហ៊ុនខាងរោងចក្រ Cinlon ទទួលពួកខ្ញុំចូលធ្វើការងារវិញ ហើយនឹងគោរពតាមគោលការណ៍រោងចក្រច្បាស់លាស់។ ហើយសុំឱ្យរោងចក្រ Cinlon គិតជាប្រាក់កម្រៃដែលតាំងពីបញ្ឈប់ពួកខ្ញុំរហូតមកដល់ឥឡូវ»។
អ្នកស្រីបន្តថា ក្រោយមិនមានការងារធ្វើ ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រី រងផលប៉ះពាល់ខ្លាំង ដោយសារត្រូវសងបំណុលធនាគារ និងបង់ថ្លៃសិក្សារបស់កូន។
លោក ស្រឺ នាង មេដឹកនាំសហជីពមួយរូបទៀតដែលត្រូវបានបញ្ឈប់ពីការងារដែរ លើកឡើងថា បន្ទាប់ពីក្រុមរបស់លោកបានជូនដំណឹងទៅរោងចក្រ ពាក់ព័ន្ធនឹងការបង្កើតសហជីព ៥ ថ្ងៃក្រោយមក រោងចក្របានបញ្ចប់ការងាររបស់ពួកគេ ដោយមិនបានជូនដំណឹងអ្វីឡើយ។
បុរសវ័យ ៣២ ឆ្នាំរូបនេះចាត់ទុកការបញ្ឈប់ពួកគេបែបនេះ ខុសនឹងច្បាប់ការងារ។ បើតាមសហជីព រោងចក្រក៏បានប្តឹងពួកគេទៅនគរបាលពីបទញុះញង់ផងដែរ ក្រោយមានការតវ៉ារបស់កម្មករផ្សេងទៀតប្រឆាំងនឹងការបញ្ឈប់សហជីព។
លោកថ្លែងថា៖ «ខ្ញុំសូមសំណូមពរឱ្យខាងក្រសួងការងារឱ្យគាត់ជួយជំរុញទៅរោងចក្រហ្នឹង ឱ្យពួកខ្ញុំបានចូលធ្វើការវិញ ព្រោះវិវាទមួយនេះ គឺរងសម្ពាធខ្លាំងពីរោងចក្រៗប្តឹងទៅរកស្នងការខេត្តទៀត។ អ៊ីចឹងករណីគាត់ប្តឹងខ្ញុំ បំភិតបំភ័យខ្ញុំនេះ ធ្វើឱ្យខ្ញុំពិបាកដែរ»។
លោក ស្រឺ នាង អះអាងថា នគរបាលធ្លាប់កោះហៅរូបលោកទៅសាកសួរ ប៉ុន្តែលោកមិនបានចូលទៅបំភ្លឺឡើយ ហើយក៏មិនឃើញមានចំណាត់ការណាទៀតលើរូបលោក។
ទោះជាយ៉ាងណា អ្នកស្រី ទូច សុភ័ណ្ឌ អ្នកគ្រប់គ្រងផ្នែករដ្ឋបាលនៅរោងចក្រ Cinlon ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា រោងចក្របញ្ឈប់កម្មករទាំងនោះនៅក្នុងក្របខណ្ឌដែលពួកគេជាកម្មករ មិនមែនជាសហជីពអ្វីឡើយ។
អ្នកស្រីការពារថា ការបញ្ឈប់ពួកគេ ដោយសារតែរោងចក្រមិនមានការងារច្រើនសម្រាប់កម្មករ ដូច្នេះមានតែកាត់បន្ថយកម្មករ។
អ្នកស្រីបញ្ជាក់ថា៖ «ក្រុមហ៊ុនបញ្ឈប់ពួកគាត់ ៣ នាក់ហ្នឹង គឺក្រុមហ៊ុនទូទាត់សំណងទៅជូនពួកគាត់ទៅតាមក្រសួងហើយៗ។ ហើយម្យ៉ាងវិញទៀត ក្រុមហ៊ុនអត់ទទួលពួកគាត់ចូលធ្វើការវិញ ដោយសារពួកគាត់ធ្វើការកូដកម្ម ដោយមិនបានជូនដំណឹងទៅដល់រោងចក្រ ញុះញង់កម្មករឱ្យធ្វើការកូដកម្ម ហើយវាមានផលប៉ះពាល់ដល់រោងចក្រ ខាតប្រយោជន៍រោងចក្រ ហើយនឹងធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់»។
នៅពេលសួរថាតើក្រុមហ៊ុននឹងដោះស្រាយជាមួយក្រសួងការងារយ៉ាងដូចម្តេច ដែលបញ្ជាឱ្យយកសហជីពទាំងនោះចូលធ្វើការវិញ អ្នកស្រី ទូច សុភ័ណ្ឌ លើកឡើងថា អ្នកស្រីមិនឆ្លើយបានឡើយ ដោយបង្វែរសំណួរនេះទៅថៅកែរោងចក្រដែលជាជនជាតិចិន ហើយបច្ចុប្បន្ននៅប្រទេសចិន។
លោក សែ សាម៉ឺឌី ទីប្រឹក្សារបស់សហព័ន្ធសហជីពឯករាជ្យ ប្រាប់វីអូអេថា មុនចងក្រងគ្នាបង្កើតក្រុមសហជីព កម្មករបានជូនដំណឹងទៅក្រសួងការងារ រួមទាំងខាងក្រុមហ៊ុនផងដែរ។ លោកថា ការបញ្ឈប់កម្មករ ដោយសារតែពួកគេនាំគ្នាបង្កើតសហជីព ជាការខុសពីច្បាប់ទាំងស្រុង។ លោកអំពាវនាវឱ្យមានដំណោះស្រាយលើបញ្ហាពីភាគីពាក់ព័ន្ធ។
លោកបញ្ជាក់ថា ៖ «ខ្ញុំសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅក្នុងវិស័យកាត់ដេរទាំងមូល ជាពិសេសអ្នកបញ្ជាទិញឱ្យរោងចក្រ Cinlon ឈ្មោះម៉ាក CleverMade ហើយនិងអង្គការ ILO រួមទាំងអង្គការផ្សេងៗទៀត សារព័ត៌មានជាតិ អន្តរជាតិ ជួយធ្វើម៉េចជំរុញឱ្យថៅកែរោងចក្រយកមេដឹកនាំសហជីពទាំង ៣ នាក់ ហើយសងប្រាក់រំឭករបស់គាត់»។
នៅក្នុងលិខិតរបស់ក្រសួងការងារ ចុះថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលវីអូអេទទួលបាន ក្រសួងបានផាកពិន័យរោងចក្រជាប្រាក់ចំនួន ១០ លាន ៨ ម៉ឺនរៀល រួមទាំងតម្រូវឱ្យទទួលយកសហជីពទាំង ៣ នាក់នេះ ចូលធ្វើការវិញផងដែរ។ ក្រសួងលើកឡើងថា រោងចក្រមួយនេះមិនព្រមអនុវត្តតាមច្បាប់ស្តីពីការងារនៅក្នុងជម្លោះជាមួយសហជីពទាំង ៣ នាក់នេះ។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បាននៅឡើយទេ។
កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា ដែលជាសហជីពឯករាជ្យមួយទៀត ក៏បានលើកឡើងថា សហជីពឯករាជ្យដែលមិនស្ថិតក្រោមការបង្គាប់បញ្ជារបស់ក្រុមហ៊ុន រងគ្រោះក្រោមរូបភាពគំរាមកំហែង ធ្វើទុក្ខបុកម្នេញ ការឃ្លាំមើល និងបញ្ឈប់ពីការងារជាដើម។ ចុងក្រោយនេះ សហជីពយ៉ាងតិច ២០ នាក់ មិនត្រូវបានបន្តកិច្ចសន្យាការងារទៀត ក្រោយពីពួកគេបានបង្កើតសហជីពឯករាជ្យនៅក្នុងរោងចក្រ៕