ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹក​នាំ​សហ​ជីព​ណាហ្គា​វើលដ៍យ៉ាង​តិច​ពីរនាក់​ទៀត ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់


កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​លើក​​បដា​​​នៅ​ខាង​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ដើម្បី​គាំទ្រ​កញ្ញា ​ឈឹម ស៊ីថរ ដែល​​មក​ចូល​រួម​សវនាការ​ ​កាល​ពី​ថ្ងៃទី​១៤ ខែ​មីនា ​ឆ្នាំ​២០២៣។ (លាស់ លីបលីប/វីអូអេ)
កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​លើក​​បដា​​​នៅ​ខាង​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ដើម្បី​គាំទ្រ​កញ្ញា ​ឈឹម ស៊ីថរ ដែល​​មក​ចូល​រួម​សវនាការ​ ​កាល​ពី​ថ្ងៃទី​១៤ ខែ​មីនា ​ឆ្នាំ​២០២៣។ (លាស់ លីបលីប/វីអូអេ)

សមាជិក​នៃ​ថ្នាក់ដឹកនាំសហ​ជីព​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍យ៉ាង​តិច​ពីរ​នាក់​ បាន​បដិ​សេធ​នៅ​ចំពោះ​មុខ​ចៅ​ក្រម​ថា​ ពួក​គេ​មិន​ទទួល​ស្គាល់ការ​ចោទ​ប្រកាន់​ពី​បទ ​«​ញុះញង់» ​ដែល​កើត​ឡើង​ដោយ​សារការ​តវ៉ារបស់​ពួកគេ​និង​កម្មករ ក្នុង​វិវាទការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើល​ដ៍​នេះ​ទេ​។

ក្នុង​សវនាការ​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​អ្នកស្រី សឿង ចរិយា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅ​ក្រម​ជំនុំ​ជម្រះ​ បាន​ចោទ​សួរម្តង​ម្នាក់ ដោយ​ប្រើពេល​វេលា​មុន​និង​ក្រោយ​ ​ទៅ​កាន់​អនុ​ប្រធាន​សហជីពទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ​កញ្ញា ឈឹម សុខន អាយុ​៤០ ​ឆ្នាំ និង​សួរ​ទៅ​ទីប្រឹក្សា​សហជីព​អ្នកស្រី ឃ្លាំង សុបិន្ត​ អាយុ ៤១ ​ឆ្នាំ​ថា ​«​តើ​ជន​ជាប់​ចោទ​ទទួល​ស្គាល់ការ​ចោទ​ប្រកាន់​ពី​បទញុះញង់​បង្ក​ឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ប្រព្រឹត្តនៅ​ប្រទេស​កម្ពុជា កាលអំឡុង​ឆ្នាំ ​២០២១ និង​បន្តបន្ទាប់​ តាមបញ្ញត្តិ​មាត្រា ​៤៩៤​ និង​មាត្រា​ ៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ទេ?»​

​ទាំង​កញ្ញា ឈឹម សុខន ​និង​អ្នកស្រី ឃ្លាំង សុបិន្ត​ បាន​បដិ​សេធ​ថា ​ពួក​គេមិន​ទទួល​ស្គាល់​បទចោទ​ប្រកាន់​នេះ​ទេ ព្រោះ​មិន​បាន​ធ្វើសកម្ម​ភាព​ញុះញង់​ និង​អូសទាញ​អ្វី​នោះ​ទេ។

កញ្ញា ឈឹម សុខន ជា​សមាជិក​ថ្នាក់ដឹកនាំ​សហជីពនៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ផ្តល់​បទ​សម្ភាសន៍​ដល់អ្នកសារព័ត៌មាន​ នៅខាង​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣។ (លាស់ លីបលីប/វីអូអេ)
កញ្ញា ឈឹម សុខន ជា​សមាជិក​ថ្នាក់ដឹកនាំ​សហជីពនៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ផ្តល់​បទ​សម្ភាសន៍​ដល់អ្នកសារព័ត៌មាន​ នៅខាង​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣។ (លាស់ លីបលីប/វីអូអេ)
​អ្នកស្រី ឃ្លាំង សុបិន្ត​ ជា​សមាជិក​ថ្នាក់ដឹកនាំ​សហជីពនៅក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​ផ្តល់​បទ​សម្ភាសន៍​ដល់អ្នកសារព័ត៌មាន​ នៅខាងមុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣។ (លាស់ លីបលីប/វីអូអេ)
​អ្នកស្រី ឃ្លាំង សុបិន្ត​ ជា​សមាជិក​ថ្នាក់ដឹកនាំ​សហជីពនៅក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​ផ្តល់​បទ​សម្ភាសន៍​ដល់អ្នកសារព័ត៌មាន​ នៅខាងមុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣។ (លាស់ លីបលីប/វីអូអេ)

កញ្ញា ឈឹម សុខន បញ្ជាក់​បន្ថែម​ ក្រោយ​ពេល​បញ្ចប់​សវនាការ​ថា​៖ «​ពីដំបូង​ចៅ​ក្រម សួរ​យើង​ដែរ ថា​យើង​ទទួល​ស្គាល់​បទចោទ​ញុះញង់​ទេ? បង​ផ្ទាល់​បង​អត់​ទទួល​ស្គាល់​ទេ ព្រោះ​បង​អត់បាន​ញុះញង់​ អ្នកណា​ម្នាក់​ឱ្យ​មក​ចូលរួម​ធ្វើ​កូដ​កម្ម​ហ្នឹង​ទេ»​។

កញ្ញា​បន្ថែម​ថា៖ ​«កូដ​កម្ម​នេះ មានការ​បោះឆ្នោត​ មានការ​ស្ទង់មតិ​ ហើយ​មានការ​ជូន​ដំណឹង​ ហើយ​មានការ​សម្រេច​ចិត្ត​ស្ថិត​លើកូដករ​ជាអ្នក​ដែល​ចូលរួម​ធ្វើ​កូដកម្ម​ហ្នឹង​ថា គាត់​សម្រេច​ចិត្ត​ម៉េច។ អ៊ីចឹង​អត់​មាន​អ្នកណា​បាន​ញុះញង់​អ្នកណា​ទេ»។​

នេះជា​សវនាការលើក​ទី​៣​ ពាក់​ព័ន្ធ​បទ ​«​ញុះញង់​បង្ក​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​» ក្រោយតុលាការបានចោទ​ប្រកាន់​ថ្នាក់​ដឹក​នាំ​សហ​ជីព​ក្រុម​ហ៊ុន​ណា​ហ្គា​វើលដ៍ ​តាំងពីដើម​ឆ្នាំ​២០​២២​ មក។​ ចៅក្រម​បាន​កោះ​ហៅ ​និង​សាក​សួរ​សមាជិក​២​នាក់​នៃ​ថ្នាក់​ដឹកនាំ​សហជីព ក្នុង​ចំណោម ៩ នាក់​ដែល​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់។

​ក្នុង​សវនាការ​នាព្រឹក​ថ្ងៃអង្គារនេះ គេ​ក៏​ឃើញ​មាន​វត្ត​មាន​ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីពនៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៏​មក​ចូលរួម​សវនាការ​ផងដែរ។ ​ប៉ុន្តែ​ចៅ​ក្រម​បាន​សម្រេច​ឱ្យ​ ស៊ីថរ គ្រាន់តែអង្គុយ​លើ​កៅអី​វែង នៅ​ខាង​មុខ​ក្រចក​ជើង​សេះ ​ដើម្បី​ស្តាប់​ចៅ​ក្រម តំណាង​អយ្យការ​ និង​មេធាវីការ​ពារ​ក្តី ​ចោទ​សួរ​សមាជិក​ថ្នាក់ដឹកនាំ​សហ​ជីពពីរ​នាក់ទៀត​ប៉ុណ្ណោះ​។

រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
អាជ្ញាធរ​ដឹក​កញ្ញា ​ឈឹម ស៊ីថរ ​អតីត​មេដឹកនាំ​សហជីពនៅក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចេញ​ពី​តុលាការ​ ​ក្រោយ​បញ្ចប់​សវនាការ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣។ (លាស់ លីបលីប/វីអូអេ)
អាជ្ញាធរ​ដឹក​កញ្ញា ​ឈឹម ស៊ីថរ ​អតីត​មេដឹកនាំ​សហជីពនៅក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចេញ​ពី​តុលាការ​ ​ក្រោយ​បញ្ចប់​សវនាការ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣។ (លាស់ លីបលីប/វីអូអេ)

មិនខុស​គ្នា​នោះ​ ក្នុងសវនាការ​លើក​ទី ២ កាល​ពី​ថ្ងៃ​ទី​ ២៨ ​ខែ​កុម្ភៈកន្លងទៅ កញ្ញា ឈឹម ស៊ីថរ ​ក៏​បាន​ការពារ​ខ្លួនថា កញ្ញា​មិន​បាន​«​ញុះ​ញង់​»​ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ក្នុងពេល​នោះកញ្ញា ​ឈឹម ស៊ីថរ ​បាន​ប្រាប់​ចៅ​ក្រមថា កូដ​កម្មរឿងវិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ ​មិន​មាន​ផែន​ការ​បិទ​ច្រ​ក​ចេញ​ចូល​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ទេ ព្រោះ​ការ​ធ្វើ​កូដ​កម្ម​មាន​មនុស្ស​ច្រើន តែង​តែ​មាន​ការ​កកស្ទះ និង​រាំង​ស្ទះ​ច្រក​ចេញ​ចូល​នោះ​។

ការ​ធ្វើ​កូដ​កម្ម​គឺ​យោង​ទៅ​តាម​ច្បាប់​ការងារ ដើម្បី​ទាម​ទារ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​គោរព​សិទ្ធិ​ការងារ​របស់​និយោ​ជិត។ ​ម្យ៉ាង​ទៀត​ ​កូដកម្ម​នេះ​ជា​ការសម្រេច ​និង​ការ​បោះ​ឆ្នោត​ដោយ​សមា​ជិក​សហ​ជីពទាំង​អស់​ ដោយ​មិនមែន​ជា​ការ​សម្រេច​ជាឯក​ច្ឆន្ទរបស់​បុគ្គល​ណាម្នាក់​នោះ​ទេ ​ហើយ​សមា​ជិក​មា្នក់​ៗ ក៏​បាន​ស្ម័គ្រចិត្ត​រៀង​ៗខ្លួន ​ដោយ​មិន​មាន​ការ​បង្ខិត​បង្ខំឱ្យ​មក​ធ្វើ​កូដ​កម្ម​នេះផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កញ្ញា​ ស៊ីថរ ក្នុង​សវនាការ​លើកទី ២ នោះ។

​ងាក​មក​សវនា​ការ​លើក​ទី ៣ ​នេះ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យ​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ លោក សេង ហៀង ​បាន​ចោទ​សួរ​សំណួរ​ជាច្រើន​ទៅ​កញ្ញា ឈឹម សុខន និង​អ្នក​ស្រី ឃ្លាំង សុបិន្ត​ ដូចជា៖ តើមនុស្ស​ប៉ុន្មាន​នាក់​ដែល​ក្រុម​ហ៊ុនបញ្ឈប់​ពីការងារ​?

​នៅ​ពេល​ក្រុមហ៊ុន​បញ្ឈប់ ​តើ​ក្រុមហ៊ុន​មាន​បាន​ផ្តល់​ប្រាក់​សំណង​ឱ្យ​ឬ​ទេ ? ​មូល​ហេតុ​អ្វី​បាន​ជា​មិន​ព្រម​ទទួល​យក​សំណង​? តើអ្នក​ដែល​ចេញ​តវ៉ា ​រាល់​ថ្ងៃ​នេះ ​នៅ​តែ​ចាត់​ខ្លួន​ជាបុគ្គ​លិក ឬ​មិន​មែន​ជាបុគ្គលិកនៃ​ក្រុមហ៊ុនណាហ្គាវើលដ៏? តើ​មាន​ការ​អូស​ទាញ​ ឬ​ញុះ​ញង់ សមា​ជិក​ផ្សេង​ឱ្យ​មក​ចូល​រួមបាតុ​កម្ម​នេះ​ទេ​? ​តើ​សហ​ជីព​ ធ្លាប់​ទទួល​បាន​លុយ​ឧបត្ថមអ្វី​ដែរ​ទេ​? តើ​សកម្ម​ភាព​បាតុ​កម្ម​ជាង​មួយឆ្នាំ​នេះ ​ហេតុអ្វី​បាន​នៅតែ​អាច​បន្ត​ ​បើ​អ្នក​តវ៉ា​មិន​មាន​ការ​ងារ​ធ្វើ​បែប​នេះ​? រួមទាំង​សំណួរ​មួយ​ចំនួន​ផ្សេងទៀត​។

ក្នុង​សវនាការ​ ​អ្នកស្រី ឃ្លាំង សុបិន្ត​ ​បាន​ប្រតិកម្ម​ទៅព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យ​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​លោក សេង ហៀង ​ដែល​ហៅសកម្ម​ភាព​តវ៉ា​ជា​បាតុ​កម្ម​ ដោយ​កញ្ញា​អះអាង​ថា សកម្ម​ភាព​តវ៉ា​វិវាទ​ការងារ​មិន​មែនជា​បាតុកម្ម​នោះ​ទេ។ អ្នកស្រី​ប្រាប់​ព្រះ​រាជ​អាជ្ញា​រង​ថា ​នេះ​ជា​កូដ​កម្ម មិនមែនជាបាតុកម្មទេ ​ព្រោះ​សហជីព​បាន​អនុ​វត្ត​យ៉ាង​ត្រឹមត្រូវ​តាម​រយៈ​ការ​បោះឆ្នោត ​ដែល​ជា​ការសម្រេច​ចិត្ត​របស់​សមា​ជិក​សហជីព​។ បន្ថែម​លើនេះ ក៏​មាន​ការ​ជូ​ន​ដំណឹង​ទៅ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ ​ទាំង​សាលា​ក្រុង ទាំង​ក្រសួងការងារ​ និង​អ្នក​ផ្សេង​ទៀត។ ​

ចំពោះកញ្ញា ឈឹម សុខន និង​អ្នក​ស្រី ឃ្លាំង សុបិន្ត​ បាន​ឆ្លើយ​នឹង​សំណួរ​របស់​ព្រះ​រាជ​អាជ្ញា​រង​ម្ត​ង​ម្នាក់​ ​កញ្ញា ឈឹម សុខន​ ត្រូវ​បាន​ចោទសួរ​មុន​។ ស្ត្រី​ទាំងពីរ​បាន​បញ្ជាក់​ក្នុង​សវនាការ​ដោយឆ្លើយ​នឹង​សំណួរ​របស់​ព្រះ​រាជ​អាជ្ញា​រង​លោក សេង ហៀង ដោយ​បង្ហាញ​គោល​ជំហរ​ភាគ​ច្រើន​ដូច​គ្នា​។ ពួក​គេ​បញ្ជាក់​ថា ការ​សម្រេច​ធ្វើ​កូដ​កម្ម​នេះ គឺ​ដោយសារ​កូដករ​មិនអាច​ទទួល​យក​បាន​តាម​ការ​សម្រេចរបស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដោះស្រាយ​វិវាទ​ការងារ ដែល​មិនបាន​ដោះស្រាយ​ចំណុចដែល​កូដករ​ចង់​បាន។ ហេតុដូច្នេះ ​កម្មករ​និង​សហជីព​ដែលត្រូវបាន​បញ្ឈប់​ពី​ការងារទាំង​អស់បានសម្រេច​ចិត្តបោះឆ្នោត​ ​ធ្វើកូដកម្ម ដើម្បី​ស្វែង​រក​ដំណោះបន្ត​ទាក់ទង​វិវាទការងា​រនេះ​។

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

​ពួក​គេ​បន្ត​ថា​ ​សកម្ម​ភាព​កូដ​កម្មមិន​មាន​អ្នកណា​បង្ខិត​បង្ខំ​នោះ​ទេ ​ហើយ​វាជា​ការ​ស្ម័គ្រ​ចិត្ត បូករួម​នឹង​ការ​ចំណាយ​រៀង​ៗ​ខ្លួន បើ​ទោះ​បីជាកូដករ​ខ្លះធ្វើ​ការងារ ជា​អ្នកមើល​កូន​គេ​តាម​ផ្ទះ អ្នក​ខ្លះលក់​ដូរ​របស់​របរបន្តិច​បន្តួច ហើយអ្នកខ្លះទៀត​ ​មាន​សមាជិ​ក​គ្រួសារ​ជួយ​ទំនុក​បម្រុង​ជា​ដើម​។

​មេដឹកនាំ​សហជីព​ទាំងពីរ​រូបបាន​ឱ្យដឹងថា​ ពួកគេ​បានចាត់​ទុក​កូដករ​ដែល​កំពុង​ធ្វើ​កូដ​កម្មថា ​នៅ​តែ​ជា​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ បើទោះ​បីជា​មិន​បាន​ប្រាក់ខែក្តី​ ពីព្រោះកូដករ​មិនទាន់​បាន​ចុះហត្ថ​លេខាបញ្ចប់​កុងត្រា​ការងារ​នៅឡើយទេ ក្រោយ​ក្រុម​ហ៊ុនណាហ្គាវើលដ៏​បានបញ្ឈ​ប់​ពួកគេ​ពីការងារ​ដោយ​អយុត្តិ​ធម៌​។ ​

​ទាក់​ទង​បញ្ហា​លុយ​ជំនួយ​ ដែល​ធនាគារ​ ABA បង្កក​ កាល​ពីពេលថ្មីៗ​នេះ ទាំង​កញ្ញា ឈឹម សុខន និង​អ្នកស្រី ឃ្លាំង សុបិន្ត​ បញ្ជាក់​ក្នុង​សវនាការ​ថា លុយ​ទាំង​អស់​នោះ​គឺ​ជា​លុយ​មនុស្ស​ធម៌ ​ដែល​ម្ចាស់​ជំនួស​ផ្តល់​ឱ្យសម្រាប់​ដោះ​ស្រាយ​ជីវភាព អំឡុងការ​រីក​រាល​ដាល​ខ្លាំង​នៃជំងឺ​កូវីដ​ ១៩​។

​ពួកគេបាន​បកស្រាយទៀតថា ​កូដករ​បាន​ស្នើ​សុំ​ទៅក្រសួង​ការងារ ​ប៉ុន្តែ​ក្រសួង​មិន​ដែល​បា​នផ្តល់​ការ​ឧបត្ថម្ភ​អ្វីដល់​កូដករ​ម្តង​ឡើយ ហើយ​ក្រសួង​បាន​ផ្តល់ប្រាក់​ឧបត្ថម្ភ​ឱ្យតែ​ទៅ​ខាង​ផ្នែក​សណ្ឋាគារ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ ​គឺ​ផ្តល់​ឱ្យ​ ៤០​ ដុល្លារអាមេរិក​។ ​ពួកគេ​បន្ត​ថា ​លុយ​ជំនួយ​មនុស្ស​ធម៌​នេះ ​មិនមែន​សម្រាប់​ធ្វើ​សកម្ម​ភាព​កូដ​កម្ម​នោះ​ទេ​ គឺយក​មកទិញខោ​ទឹកនោម ទឹក​ដោះគោ និង​ស្បៀង ដើម្បី​ជួយ​ដល់​សមា​ជិក​ក្នុង​អំឡុង​ពេល​រីក​រាលនិងបិទ​ខ្ទប់​នៃការ​ឆ្លង​រាតត្បាត​ជំងឺកូវីដ១៩​ ជា​ពិសេស​ជួយ​ដល់​សមាជិ​ក​ដែលមាន​កូនតូចៗ។

អ្នកស្រី ​ឃ្លាំង សុបិន្ត​ ដែល​ជា​ទីប្រឹក្សា​សហ​ជីព ប្រាប់​វីអូអេ​ ក្រោយ​បញ្ចប់​សវនាការ​ថា៖ ​«បើរឿង​ប្រភព​លុយ​ គ្មាន​អ្នក​ណា​ក្រៅ​ពីក្រុមគ្រួសារ​គាត់​ទេ។ ហើយ​ដូច​និយាយ​អ៊ីចឹង​ ចំនួន​នៅ​សល់​ជាង​ ៣០០ ​នាក់ ប៉ុន្តែដែល​ទៅឃើញ​ធ្វើ​សល់តែ​ អត់ដល់ ​១០០ ​នាក់ ​ដោយ​សារ​ពួកគាត់​ឆ្លាស់​វេនគ្នា។ ដូចស្រីៗ ​បងផ្ទាល់​ បង​ទៅមើល​កូនគេ​តាម​ផ្ទះ ហើយ​អ្នកខ្លះ​ទៀត​ប្រុស​ៗរត់ ​[កង់បី​] App តាម​អ្វី​ដែល​គាត់​ធ្វើ​បាន​ចន្លោះ​ម៉ោង​ហ្នឹង។ ​ហើយ​គាត់​ឆ្លាស់ ដូច​ថា​ថ្ងៃហ្នឹង​បង​ទៅ ស្អែក​បង​ជាប់​ធ្វើការ​ គេផ្សេង​ទៅ​ម្តង​ យើង​ឆ្លាស់​គ្នា ធ្វើ អ៊ីចឹង​យក​ប្រាក់ខែ​បន្តិចបន្ទួច​ដែលយើង​ធ្វើការ ​Part time ហ្នឹង​ដើម្បី​ទ្រទ្រង់​ បន្ត​ដំណើរ​រហូត​ទាល់​តែ​យើង​មាន​ដំណោះ​ស្រាយ»​។

អ្នកស្រី​បាន​បញ្ជាក់​ទាក់​ទង​លុយជំនួយ​របស់​អង្គការ​មួយ​ចំនួន​នោះ​ថា៖ «គេផ្ញើ​តាម​រយៈ​ធនាគារ បាន​ន័យ​ថា ​គេ​អត់មាន​លាក់​លៀម​ទេ​។ អ៊ីចឹង​គេ​មាន​គណ​នីយ​ភាព មាន​តម្លា​ភាព ​មាន​គោល​ការណ៍ក្នុង​ការ​ចាយ​វា​យ​ កញ្ចប់ថវិកា​សម្បុរស​ធម៌របស់​គេហ្នឹង​ហើយ អ៊ីចឹង​បើយើង​យក​ទៅប្រើ​លើ​អ៊ីចឹង​ គេ​អត់​មាន​ជំនួយទេ ប៉ុន្តែជាក់ស្តែង​ស្នើជំនួស​នេះ ​តាំងពី​មុន​បិទខ្ទប់ផ្ទុះកូវីដ ដោយ​សារ​យើង​ត្រូ​វការ​ជំនួយ​ហ្នឹង​ ជួយ​ដល់​សមាជិក​យើង​ដែល​អត់​មាន​ការ ​Support [ឧប​ត្ថម៤០ដុល្លារ] ពី​រដ្ឋាភិបាល​ហ្នឹង យើង​ជួយ​ដល់​ពួកគាត់ ហើយ​យើងជួយ​ដល់​ស្ត្រីមាន​ផ្ទៃពោះ​ អ្នក​កូនខ្ចី​អត់មាន​លទ្ធភាព​ទិញ​ខោទឹក​នោម​ ឬម្ស៉ៅ​ទឹក​ដោះ​គោ​ គឺ​យើង​យក​ជំនួយ​មនុស្ស​ធម៌គេហ្នឹង​ ប្រើប្រាស់​ទៅលើ​បែប​ឯង​អ៊ីចឹង»។​

ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទាក់ទង​ផ្លូវ​ច្បាប់​លើ​កញ្ញា​ ឈឹម ស៊ីថរ​ ​ថ្នាក់​ដឹកនាំ​និងសកម្មជ​ន​សហជីព​ចំនួន ​៨​ នាក់​ផ្សេង​ទៀត​ពី​បទ​ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ក្នុង​បទ​ព្រហ្មទណ្ឌ ត្រូវបាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២២។ ការ​សម្រេច​ធ្វើ​ចំណាត់ការ​ផ្លូវ​ច្បាប់​នេះកើត​ឡើង បន្ទាប់​ពី​អាជ្ញាធរ​រាជ​ធានី​បាន​ចោទ​កូដកម្ម​នោះ​ថា​ ជា​កូដ​កម្ម​ខុស​ច្បាប់ ​ហើយ​ថា ​សកម្ម​ភាព​កូដកម្ម​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ និង​របៀប​រៀបរយ​សាធារណៈ ​និង​សិទ្ធិ​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​ ជា​ពិសេស​ក្រុម​អ្នក​តវ៉ា​មិន​ចូលរួម​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩។​

លោក អំ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ ដែល​បាន​ចូល​រួមសង្កេត​ក្នុង​សវនាការ​ ប្រាប់វីអូអេ​ថា ​ក្នុង​រយៈ​ពេល​សវនា​ការ​ទាំង​ ៣ ​លើក លោក​មិន​ទាន់​មាន​ឃើញ​ចំណុច​ណា​ដែល​ស៊ី​សង្វាក់​ទៅ​នឹងការ​ចោទ​ប្រកាន់​លើ​អតីត​ថ្នាក់​ដឹកនាំ​សហជីពនៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ​ទេ​។ ដូច្នេះលោកថា ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​អូស​បន្លាយ​ជាង​មួយឆ្នាំ​នេះ គឺអ្នក​ពាក់​ព័ន្ធ​គួរតែ​ឈរ​លើ​គោល​ការណ៍​ ​តម្លា​ភាព​ និង​យុត្តិ​ធម៌​។

លោក​ថ្លែង​ថា៖ ​«បញ្ហានេះ​បើយើង​ចង់បញ្ចប់ លុះត្រា​តែយើងឈរលើ​គោល​ការណ៍​តម្លាភាព​ និង​យុត្តិធម៌​ ដោះស្រាយ​បញ្ចប់​ នៃ​វិវាទការងារ​នៃក្រុមហ៊ុន​ណាហ្គាវើលដ៍​ និង​ជាមួយ​អតីត​ ដែល​កំពុង​ធ្វើ​កូដកម្មនេះ​ឱ្យបាន​ចប់ ដោយ​ឈរ​លើគោលការណ៍ យុត្តិធម៌ តម្លាភាព ​ហើយ​និង​ច្បាប់​ការងារ និង​អនុសញ្ញា​នៃ​អង្គការអន្តរជាតិ​ខាង​ការងារ ​ហៅកាត់​ថា (ILO) ដែល​មាន​ចែង​ស្រាប់​ដើម្បី​បញ្ចប់»។

ដោយឡែក​ ក្រុម​កូដករ​មួយ​ចំនួន ​ដែល​មក​តាម​ដាន​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ នាថ្ងៃ​អង្គារ​នេះ​ ប្រាប់​អ្នក​សារព័ត៌​មានវីអូអេថា ពួក​គេ​មិនមាន​បុគ្គលណា​ម្នាក់​អូស​ទាញ​ឱ្យ​ចូលរួម​ធ្វើកូដ​កម្ម​នោះទេ។ ពួកគេ​ក៏​រៀប​រាប់​ថា រាល់ថ្ងៃនេះ​ពួកគេប្រឈម​បញ្ហា​សេដ្ឋកិច្ច ដោយអ្នក​ខ្លះត្រូវបាន​ឪពុកម្តាយ​ជួយផ្គត់​ផ្គង់ និង​អ្នក​ខ្លះ​ទៀតបាន​រកស៊ីលក់​ដូរ​ដោយបានចំណូល​បន្តិចបន្តួច ហើយ​បន្ត​ចូលរួម​ ដើម្បី​យុត្តិ​ធម៌ ​និងទាម​ទារ​ឱ្យ​មានការ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការ​ងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍មួយ​នេះ​៕

XS
SM
MD
LG