ក្រុមសហជីពនិងសង្គមស៊ីវិលចំនួន៣៧ស្ថាប័នបានទទូចទៅរដ្ឋាភិបាល ជាពិសេសស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះស្រាយវិវាទការងាររបស់ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់ ដើម្បីឈានទៅបិទបញ្ចប់វិវាទការងារនេះ។ នេះបើយោងតាមសេចក្តីអំពាវនាវរួមមួយចេញផ្សាយនៅថ្ងៃអង្គារនេះ។
ការចេញសេចក្តីអំពាវនាវនេះធ្វើឡើងបន្ទាប់ពីក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍បានព្យាយាមស្វែងរកកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់ ដែលរួមមានស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការងារ និងក្រសួងកិច្ចការនារីជាដើម។ ប៉ុន្តែគេមិនទាន់ឃើញមានដំណោះស្រាយណាមួយសមរម្យ ឬមានការព្រមព្រៀងគ្នារវាងភាគីក្រុមហ៊ុន និងភាគីកូដករនៅឡើយទេ។
ក្រុមសហជីព និងសង្គមស៊ីវិលបញ្ជាក់ថា ពួកគេដែលធ្វើការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសិទ្ធិការងារ សិទ្ធិដីធ្លី បរិស្ថាន បានសង្កេតឃើញថា ការបន្តអូសបន្លាយមិនព្រមដោះស្រាយវិវាទការងាររបស់បុគ្គលិកកម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាចេតនាក្នុងការដាក់សម្ពាធផ្នែកសេដ្ឋកិច្ច និងសម្ពាធផ្នែកស្មារតីកាន់តែខ្លាំង។
ក្រុមសហជីព និងសង្គមស៊ីវិល ទាំង៣៧ស្ថាប័ន រួមមានសម្ព័ន្ធសហជីពកម្ពុជា សហភាពការងារកម្ពុជា សហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងស្ថាប័នមួយចំនួនផ្សេងទៀត។ ពួកគេបានទទូចទៅរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រីឱ្យចាត់វិធានការដោះស្រាយវិវាទការងារមួយនេះ ដោយតម្កល់ប្រយោជន៍របស់ភាគីទាំងសងខាង ដើម្បីបិទបញ្ចប់វិវាទការងារនេះ ដោយសន្តិវិធី តាមគោលនយោបាយឈ្នះ-ឈ្នះ ដែលបានអនុវត្តកន្លងមក។
ក្នុងលិខិតចំហបញ្ជាក់ថា៖ «យើងខ្ញុំសង្កេតឃើញថា នៅក្នុងរយៈពេលចុងក្រោយនេះ ការបន្តធ្វើទុក្ខបុកម្នេញ ការប្រើប្រាស់ទម្រង់ហិង្សាទៅលើកូដករ ដែលជាស្រ្តីគ្រប់រូបភាពនៅតែបន្តកាន់តែអាក្រក់ទៅៗ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅដល់ដំណើរការស្វែងរកយុត្តិធម៌ ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិការងារ និងសេរីភាពផ្នែកសហជីព ប្រកបដោយអហិង្សា និងដោយសន្តិវិធីអស់រយៈពេលជិតមួយឆ្នាំមកនេះ»។
បើតាមសេចក្តីអំពាវនាវ ការពន្យារពេលមិនព្រមដោះស្រាយវិវាទការងាររបស់កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺជា«ចេតនាបំបាក់ស្មារតី»ចលនាសហជីពឯករាជ្យប្រកបដោយវិជ្ជាជីវៈ ដែលធានាដោយអនុសញ្ញាស្នូលផ្នែកការងារ រដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព។
នៅចំពោះមុខក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ដែលចេញតវ៉ានៅរសៀលថ្ងៃអង្គារនេះ លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ បានប្រាប់អ្នកសារព័ត៌មានថា លោកសុំស្នើទៅលោកនាយករដ្ឋមន្ត្រីឱ្យជួយដោះស្រាយវិវាទការងារមួយនេះ ដើម្បីផ្តល់ភាពត្រឹមត្រូវ និងយុត្តិធម៌ដល់ក្រុមកូដករឱ្យបានឆាប់។
លោកក៏ស្នើទៅអាជ្ញាធរឲ្យបំពេញការងារដោយភាពត្រឹមត្រូវ និងឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សា ការបៀតបៀនគ្រប់រូបភាពលើក្រុមកូដករ និងត្រូវបើកឱកាសឱ្យកូដករ អាចធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីអាចដាក់សម្ពាធដល់ក្រុមហ៊ុន ក្នុងការចរចា និងដោះស្រាយវិវាទមួយនេះឱ្យបានឆាប់រហ័ស។
លោកថ្លែងថា៖ «អ៊ីចឹងឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំជាអង្គការតំណាងសមាគម សូមអំពាវនាវទទូចដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី ដែលជាអ្នកមានសិទ្ធិអំណាចកំពូល ដែលមានឥទ្ធិពល ក្នុងការដោះស្រាយ ឬដាក់ចេញនូវគោលការណ៍ ដើម្បីឱ្យមាននីតិវិធី ដើម្បីឈានទៅដល់ការបិទបញ្ចប់នៃវិវាទការងារនេះ»។
ចំណែកអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ដែលចូលរួមគាំទ្រការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ដែរ ថ្លែងថា ប្រសិនបើវិវាទការងារមួយនេះ មិនត្រូវបានដោះស្រាយឱ្យបានឆាប់នោះទេ នោះក្រុមសហជីពដទៃទៀត នឹងអាចចូលរួមតវ៉ាទ្រង់ទ្រាយធំជាងនេះ ដើម្បីឱ្យមានដំណោះស្រាយវិវាទការងារមួយនេះ ក្នុងការទាមទារឱ្យមានការគោរពសិទ្ធិការងារ និងសិទ្ធិសហជីពនៅកន្លែងការងារ និងស្របទៅតាមអ្វីដែលក្រុមកូដករណាហ្គាវើលដ៍ចង់បាន ដែលមិនមែនជាការដោះដូរដោយអំណាចទឹកលុយនោះទេ។
អ្នកស្រីថ្លែងថា៖ «សម្រាប់វិវាទនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ បើសិនណានិយោជកប្រើប្រាស់លុយក្នុងការដោះស្រាយបញ្ហា ខ្ញុំគិតថាអត់អាចដោះស្រាយបញ្ហាបានទេ។ ក្រុមកូដករទាំងអស់ដែលមានវត្តមាននៅទីនេះ គឺគាត់អត់ចង់យកជម្រើសក្នុងការដោះស្រាយដោយប្រើប្រាស់លុយទេ»។
ការចរចាដោះស្រាយវិវាទរវាងក្រុមកូដករ និងក្រុមហ៊ុនណាហ្គាវើលដ៍ ដោយមានការសម្របសម្រួលដោយក្រសួងការងារ គឺមានចំនួន១២ដងរួចមកហើយ ប៉ុន្តែមិនទាន់ទទួលបានការព្រមព្រៀងគ្នានៅឡើយ។ នេះបើតាមតំណាងក្រុមកូដករ កញ្ញា ឈឹម ស៊ីថរ ដែលបានបញ្ជាក់ប្រាប់វីអូអេកាលពីពេលថ្មីៗនេះ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពី លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៏បាននៅឡើយទេ នៅថ្ងៃអង្គារនេះ។
ប៉ុន្តែលោក ហេង សួរ ធ្លាប់ថ្លែងថា ក្រសួងការងារតែងលើកទឹកចិត្តឱ្យគ្រប់ភាគីអនុវត្តនីតិវិធីបន្ទាប់ គឺប្តឹងទៅតុលាការ ប្រសិនជាភាគីណាមួយយល់ថានីតិវិធីបច្ចុប្បន្នត្រូវបានបំពេញចប់។
នៅសប្តាហ៍មុននេះ ក្រុមកូដករណាហ្គាវើលដ៍បានបន្តសុំកិច្ចអន្តរាគមន៍ពីរដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្រ្តី ឱ្យជួយដោះស្រាយវិវាទការងារនេះ ដោយទទួលយកបុគ្គលិកដែលនៅសេសសល់ត្រឡប់ចូលធ្វើការវិញជាមួយប្រាក់រំឭកការទូទាត់សំណងឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការងារ និងទម្លាក់ចោលការចោទប្រកាន់លើថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពទាំង១៥រូប។ មេដឹកនាំសហជីពកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ធ្លាប់ថ្លែងថាការតវ៉ារបស់កម្មករ គឺដើម្បីធានាការគោរពសេរីភាពរបស់សហជីព ហើយសេរីភាពនេះមិនអាចទូទាត់នឹងសំណងបានឡើយ៕
ក្រុមសហជីពនិងសង្គមស៊ីវិលទទូចសុំនាយករដ្ឋមន្ត្រីដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍
ភ្នំពេញ —