ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយថា កុមារប្រមាណ២លាននាក់ បានរត់គេចខ្លួនពីការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ហើយកុមារប្រមាណ២លាន៥សែននាក់ផ្សេងទៀត បានខ្ចាត់ព្រាត់ពីទីលំនៅរបស់ពួកគេនៅក្នុងប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធ អង្គការ UNICEF និងឧត្តមស្នងការការិយាល័យសិទ្ធិមនុស្សរបស់សហប្រជាជាតិ UNCHR បាននិយាយថា កុមារមានចំនួនពាក់កណ្តាលនៃជនភៀសខ្លួនសរុបទាំងអស់ដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ អង្គការ UNICEF រាយការណ៍ថា កុមារប្រមាណជាង១លាន១សែននាក់ បានមកដល់ប្រទេសប៉ូឡូញ ហើយកុមាររាប់សែននាក់ផ្សេងទៀត បានទៅដល់ប្រទេស រូម៉ានី ម៉ុលដាវី ហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆែក។
អង្គការ UNCHR បានកត់ត្រាផងដែរថា កុមារប្រមាណជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លាះនៅអ៊ុយក្រែន ហើយកុមារប្រមាណ១៣៤នាក់ទៀត បានរងរបួស។ ប៉ុន្តែទីភ្នាក់ងារនេះ និយាយថា កុមារដែលស្លាប់និងរងគ្រោះពិតប្រាកដ អាចមានចំនួនច្រើនជាងនេះ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងពីរនេះ ក៏បានព្រមានផងដែរថា កុមារដែលខ្ចាត់ព្រាត់ពីលំនៅដ្ឋានទាំងនេះ អាចប្រឈមនឹងហានិភ័យខ្ពស់នៃការជួញដូរនិងការកេងប្រវ័ញ្ច។ ដើម្បីកាត់បន្ថយហានិភ័យរបស់កុមារនិងមនុស្សវ័យក្មេងនោះ អង្គការ UNICEF អង្គការ UNHCR រដ្ឋាភិបាល និងដៃគូនៃសង្គមស៊ីវិលនានា បានបង្កើតមជ្ឈមណ្ឌលឈ្មោះ “Blue Dot” នៅក្នុងប្រទេសដែលទទួលជនភៀសខ្លួន ដែលរួមមានប្រទេសម៉ុលដាវី រូម៉ានី និងស្លូវ៉ាគី។
មជ្ឈមណ្ឌល “Blue Dot” គឺជាមណ្ឌលសុវត្ថិភាព ដែលផ្តល់ព័ត៌មានដល់គ្រួសារដែលកំពុងធ្វើដំណើរ និងជួយសម្គាល់កុមារដែលគ្មានក្រុមគ្រួសារមកជាមួយឬបែកពីគ្រួសាររបស់គេ ដើម្បីធានានូវការការពារដល់ពួកគេពីកេងប្រវ័ញ្ច និងជាមជ្ឈមណ្ឌលមួយដែលផ្តល់ជូនសេវាសំខាន់ៗនានា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ នាយិកាប្រតិបត្តិនៃអង្គការ UNICEF លោកស្រី Catherine Russell និយាយថា៖ «ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន កំពុងធ្លាក់ដុនដាបយ៉ាងឆាប់រហ័ស»។ ស្របពេលដែលចំនួនកុមាររត់គេចចេញពីផ្ទះសម្បែងរបស់គេ កើនឡើងជាបន្តនោះលោកស្រីថ្លែងថា យើងត្រូវចងចាំថា «កុមារគ្រប់រូបត្រូវការការពារ ការអប់រំ សុវត្ថិភាព និងការគាំទ្រ»៕