អង្គការយូនីសែហ្វ (UNICEF) និងក្រសួងសុខាភិបាលបានរៀបចំការផ្សាយពាណិជ្ជកម្មចំនួនបួនស្តីពីរោគសញ្ញាជំងឺផ្លូវដង្ហើមរបស់កុមារ ដើម្បីបង្កើនការយល់ដឹងក្នុងការថែទាំទារកទើបនឹងកើត និងកុមារដែលមានជំងឺនេះ។ ការផ្សព្វផ្សាយពាណិជ្ជកម្មត្រូវបានគេរៀបចំសម្រាប់វិទ្យុ និងទូរទស្សន៍ក្នុងគោលបំណងកាត់បន្ថយអត្រាស្លាប់កម្រិតខ្ពស់របស់កុមារនៅក្នុងប្រទេសនេះ។
ការផ្សាយពាណិជ្ជកម្មមួយបង្ហាញអំពីទិដ្ឋភាពនៅក្នុងភោជនីយដ្ឋានមួយ។ ស្វាមីកំពុងមើលការប្រកួតប្រដាល់មួយនៅលើកញ្ចក់ទូរទស្សន៍។ នៅចន្លោះនៃការប្រកួតមួយទឹកៗ មានការបង្ហាញពីរោគសញ្ញាធ្ងន់ធ្ងរនៃជំងឺរលាកសួត។ នៅពេលដែលគេឃើញកូនរបស់ពួកគេមានរោគសញ្ញាទាំងនោះ ពួកគេត្រូវនាំកូនទៅមន្ទីរពេទ្យជាបន្ទាន់។
នៅក្នុងការផ្សាយពាណិជ្ជកម្មនោះ មនុស្សនៅក្នុងភោជនីយដ្ឋានបានស្រែកជំរុញឲ្យស្វាមី និងភរិយារួសរាន់នាំកូនទៅមន្ទីរពេទ្យ។
Your browser doesn’t support HTML5
ពួកគេបានស្រែកថា៖ «មែនហើយឆាប់យកទៅពេទ្យទៅ!»
លោកមាស ប៊ុនលី មន្ត្រីទាក់ទងសម្រាប់អង្គការ Unicef បាននិយាយថា ការផ្សព្វផ្សាយពាណិជ្ជកម្មដ៏មានអត្ថន័យដើម្បីផ្តល់ជាព័ត៌មានដល់ប្រជាជនអំពីជំងឺរលាកសួតរបស់កុមារ និងជំងឺផ្សេងទៀតហ្នឹងគឺដើម្បីលើកទឹកចិត្តឲ្យឪពុកម្តាយនាំកូនដែលឈឺទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ។
គិលានុបដ្ឋាយិកានៅក្នុងវីដេអូផ្សាយពាណិជ្ជកម្មបានណែនាំថា៖ «ដូច្នេះសូមប្រញ៉ាប់នាំកុមារមកជួបគ្រូពេទ្យជាបន្ទាន់។ ពេលវេលាគឺជាអាយុជីវិត»។
ចេវ សុខនី ដែលអាយុ៣៤ឆ្នាំនិងមានផ្ទៃពោះ បាននិយាយថា ព័ត៌មានផ្សព្វផ្សាយបែបនេះគឺជាព័ត៌មានដែលមានប្រយោជន៍។ គាត់បានបន្ថែមថា អ្នកខ្លះមិនយកកូនទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពទេ រហូតដល់កុមារមានសភាពធ្ងន់ធ្ងរ។
ចេវ សុខនីនិយាយថា៖ «ពួកគេទុកកូនរហូតដល់មានសភាពគ្រោះថ្នាក់»។
គាត់បានបន្ថែមថា៖ «ការផ្សព្វផ្សាយពាណិជ្ជកម្មនេះគួរត្រូវបានចាក់ផ្សាយនៅរវាងម៉ោង៦និងម៉ោង៨ល្ងាច នៅពេលដែលមនុស្សភាគច្រើនបំផុតមើលទូរទស្សន៍។
លោកកឹម គុណវឌ្ឍ ជាអគ្គនាយកនៃទូរទស្សន៍ជាតិកម្ពុជា បាននិយាយថា ស្ថានីយរបស់លោកកំពុងចាក់ផ្សាយពាណិជ្ជកម្មនេះ។ ហើយស្ថានីយនេះក៏បានផលិតកម្មវិធីពិភាក្សាអំពីសុខភាពរបស់ទារក កុមារ និងមាតាជារៀងរាល់ព្រឹកនៅចុងសប្តាហ៍ ដោយមានការអញ្ជើញចូលរួមពីគ្រូពេទ្យ និងម្តាយដើម្បីពិភាក្សាអំពីសុខភាពរបស់កុមារ និងមាតា៕