ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គម្រោង​មួយ​នៅ​កម្ពុជា​បង្ហាញ​អំពី​កង្វះ​មីក្រូ​អាហារូបត្ថម្ភ

  • Robert Carmichael

កម្មករ​កាត់​ដេរ​ខ្មែរ​ទិញ​ម្ហូប​អាហារ​ថោកៗ​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​នៅ​មុខ​រោងចក្រ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១១។

ថ្វី​បើ​ប្រទេស​កម្ពុជា​ធ្វើស្រែ​បាន​ស្រូវ​គ្រប់គ្រាន់​បំពេញ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ខ្លួន​ក្តី ​តែ​មាន​មនុស្សច្រើន​លាន​នាក់​មិន​មាន​មីក្រូ​អាហារូបត្ថម្ភ​គ្រប់គ្រាន់​សម្រាប់​ថែ​រក្សា​សុខភាព​ក្នុង​ពេល​យូរ​ទៅ​មុខទេ​ នៅ​ពេល​មាន​បញ្ហា​ខាង​សុខភាព​នោះ។​ នៅ​សប្តាហ៍​ក្រោយ​នេះ ​គម្រោង​មួយ​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​កាណាដា​មាន​ទឹក​ប្រាក់​៣​លាន​ដុល្លារនឹង​ពិនិត្យ​មើល​ដើម្បី​យក​មក​អនុវត្ត​បន្ត​និង​បង្កើន​ជោគជ័យ​សម្រាប់​គម្រោង​សាកល្បង​មួយ​ដែល​បាន​អនុវត្ត​រួច​ហើយ​នៅ​តំបន់​ជនបទ​នៅ​ក្នុង​ខេត្ត​មួយ។​

កង្វះ​អាហារូបត្ថម្ភ​នៅតែ​ជា​បញ្ហា​ធ្ងន់ធ្ងរនៅ​ក្នុង​ប្រទេស​កម្ពុជា។​ តាម​តួលេខ​ចេញ​នៅ​ឆ្នាំ​នេះ​ដោយ​អង្គការ​ស្បៀង​អាហារ ​និង​កសិកម្ម​របស់​អ.ស.ប.​គឺ ​U.N. Food and Agriculture Organization ​បង្ហាញ​ថា​ កុមារ​ម្នាក់​ក្នុង​ចំណោម​បី​នាក់​អាយុ​ក្រោម​៥​ឆ្នាំ ​មានជំងឺ​ក្រិន​ដោយ​សារតែ​ខ្សត់​ខ្សោយ​របប​អាហារ។​

សាស្ត្រា​ចារ្យ ​Tim Green ដែល​ជា​អ្នក​ជំនាញ​ខាង​អាហា​រូបត្ថម្ភ​មកពី​សាកល​វិទ្យាល័យ​ British Columbia ​នៃ​ប្រទេស​កាណាដា ​និយាយ​ថា ​ ទោះបី​ជា​ប្រទេស​កម្ពុជា​ត្រូវ​គេ​ចាត់​ទុក​ថា ​ផុត​ពីគ្រោះ​ថ្នាក់​កង្វះ​ស្បៀង​អាហារ​ក្តី ក៏​នៅ​មាន​មនុស្ស​ជា​ច្រើន​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។​

«ដូច្នេះ​ទោះ​ជា​កម្ពុជា​មាន​ស្រូវ​គ្រប់គ្រាន់ ​មាន​កាឡូរី​គ្រប់​គ្រាន់​ សម្រាប់​ពលរដ្ឋ ​តែ​ពួក​គេ​ខ្វះ​ធាតុ​នៃ​អាហារូបត្ថម្ភ​សំខាន់ៗជា​ច្រើន​ទៀត»។​

កង្វះ​មីក្រូ​អាហារូបត្ថម្ភ​ ដូចជា​វីតាមីន ​និង​ជាតិ​ខនិជ​ ប៉ះពាល់​ដល់​ការ​លូតលាស់​ខាង​រាង​កាយ ​និង​ស្មារតី ​ហើយ​វា​អាច​បង្ក​បញ្ហា​លំបាក​ខាង​សុខភាព​រយៈ​ពេល​យូរ​ទៅ​មុខ។​

កង្វះ​អាហារូបត្ថម្ភ​ប្រភេទ​នេះ​គឺ​ហៅ​ថា«កង្វះ​អាហា​រូបត្ថម្ភ​លាក់​មុខ»​ ហើយ​វា​បង្ក​បញ្ហា​សម្រាប់​ទារក​និង​ម្តាយ។​ ឧទាហរណ៍​ ការស្រាវជ្រាវ​របស់​លោក​ Green ​បង្ហាញ​ថា​ កង្វះ​វីតាមីន ​B1 ​មាន​ជាទូទៅ ​ហើយ​វា​អាច​នាំឲ្យ​ទារក​ស្លាប់​ភ្លាម​ក្នុង​ពេល​មួយ​ថ្ងៃ​ ដោយសារ​តែ​រោគ​សញ្ញា​បណ្តាល​មក​ពី​កង្វះ​អាហារូបត្ថម្ភ​នេះ។ ​តែ​កង្វះ​អាហារូបត្ថម្ភ​នេះ​អាច​បំពេញ​បាន​ដោយ​ងាយ។​ ឧទាហរណ៍​ ក្រុម​របស់​លោក ​Green ​បាន​បន្ថែម​ជាតិ​វីតាមីន ​B1​ ក្នុង​ទឹកត្រី​សម្រាប់​បរិភោគ។​

លោក ​Green ​និយាយ​ថា ​នៅ​ពេល​អ្នក​ជំនាញ​សិក្សា​អំពី​ចំណី​អាហារ​ នោះគេ​ណែ​នាំ​ថា របប​អាហារ​របស់​ពលរដ្ឋ​ត្រូវ​មាន​ច្រើន​បែប​យ៉ាង​ខុសៗ​គ្នា។​

ជា​តួយ៉ាង​ បើ​គេ​បរិភោគ​សាច់ ​អង្ករ ​និង​បន្លែ​បាន​កាន់តែ​ច្រើន​ប្រភេទ​ នោះ​សុខភាព​របស់​គេ​ក៏​ប្រសើរ​ឡើង​ដែរ។ ​ តែ​ករណី​បែប​នេះ​មិន​មាន​ទេ​នៅ​តំបន់​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​ ថ្វី​បើ​របប​អាហារ​របស់​ពលរដ្ឋ​មាន​ច្រើន​មុខ​ក៏​ដោយ។​

«ព្រោះ​ថា ​ការ​សិក្សា​រក​ឃើញ​ថា ​ពលរដ្ឋ​ខ្មែរ​បរិភោគ​ចំណី​អាហារ​តិចតួច។​ ដូច្នេះ ​ប្រជាជន​និយាយ​ថា ​គេ​បរិភោគ​សាច់​ជ្រូក​រាល់​ថ្ងៃ​ តែ​បើ​គិត​ជា​បរិមាណ​គឺ​មាន​ចំនួន​តិចតួច ​ប្រហែល​ពី​៥​ទៅ​១០​ក្រាម​ប៉ុណ្ណោះ។​ ដូច្នេះ​យើង​ទៅ​ធ្វើការ​សិក្សា​វាយ​តម្លៃ​អំពី​បរិមាណ​អាហារ​ ហើយ​យើង​រក​ឃើញ​ថា ថ្វី​បើ​គេ​បរិភោគ​ច្រើន​មុខ ​តែ​បរិមាណ​គឺ​តិច​ពេក»។​

ក្រុម​របស់​លោក ​Green ​បាន​វាយ​តម្លៃ​អំពី​គម្រោង​សាកល្បង​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​កាណាដា ​នៅ​ខេត្ត​ព្រៃវែង ​ភាគ​អាគ្នេយ៍​ក្រុងភ្នំពេញ។​

គម្រោង​នេះ​មាន​បំណង​សិក្សា​អំពី​ប្រជាជនចំនួន​៩០០គ្រួសារ​ក្នុង​ការ​លើក​កម្ពស់​របប​អាហារូបត្ថម្ភ​របស់​គេ ​ដោយ​ឲ្យ​មាន​របប​អាហារ​ច្រើនមុន​និង​គ្រប់គ្រាន់។​

គម្រោង​ដែល​មាន​ឈ្មោះ​ថា ​Fish on Farms ​គឺ​កសិដ្ឋាន​ត្រី បានផ្តល់​ជំនួយ​ដល់​គ្រួសារ​ចំនួន​៣០០​ក្នុង​ការ​ធ្វើ​ចម្ការ​បន្ថែ ​ច្បារ​ដំណាំ​ រីឯ​៣០០​គ្រួសារ​ទៀត​បាន​ទទួល​ជំនួយ​ក្នុង​ការ​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី​ ជា​ការ​បន្ថែម​លើ​ចម្ការ​បន្លែ។ ហើយ​៣០០​គ្រួសារ​ទៀត​ ជាក្រុម​ដែល​គម្រោងត្រូវ​តាមដាន​សុខភាព ​ដូច្នេះ​ ពួក​គេ​មិន​បាន​ទទួល​ជំនួយ​អ្វី​ទេ។​

បីឆ្នាំ​ក្រោយ​មក ក្រុម​គ្រួសារ​ដែល​មាន​ស្រះ​ចិញ្ចឹម​ត្រី ​និង​ចម្ការ​បន្ថែ​នោះ​ មាន​សុខភាព​ប្រសើរ​ឡើង ​និង​ធូរធារ​ជាង​ក្រុម​អ្នក​ភូមិ​ដែល​មាន​តែ​ចម្ការ​បន្លែ។ ​ ទោះជា​យ៉ាងណាក្តី ​ក្រុម​ទាំង​ពីរ​នេះ​មាន​សុខភាព​ប្រសើរ​ជាង​ក្រុម​ដែល​ត្រូវ​តាម​ដាន ​ហើយ​ដែល​មិនមាន​អ្វី​សោះ​នោះ។​

«យើង​ឃើញ​ថា ​គេ​មាន​ចំណូល​កើន​ឡើង ​ហើយ​ចំណូល​នេះ​គ្រប់គ្រង​ដោយ​ស្ត្រី​មេផ្ទះ ​ហើយ​លុយ​នោះ​ទុក​សម្រាប់​ទិញ​ម្ហូប​ និង​សម្រាប់​ការ​អប់រំ។ ​យើង​ឃើញ​ថា ​មាន​ការ​ប្រសើរ​ឡើង​នូវ​សារធាតុ​ផ្សេងៗ​នៃ​របប​អាហារូបត្ថម្ភ​របស់​គេ»។​

ជោគជ័យ​របស់​គម្រោង​សាកល្បង​នេះ​កំពុង​ត្រូវ​ពង្រីក​ធ្វើជា​កម្ម​វិធី​ធំ​ ហើយ​គ្រោង​នឹង​ដំណើរការ​នៅ​សប្តាហ៍​ក្រោយ​នេះ។ ​កម្ម​វិធី​នេះ​នឹង​ត្រូវ​ពង្រីក​ដល់​គ្រួសារ​ក្រីក្រ​៤៥០០នៅ​ក្នុង​ខេត្ត​ចំនួន​បួន។

លោកស្រី​ Zaman ​Talukder ​គឺ​ជា​ទីប្រឹក្សា​បច្ចេកទេស​ខាង​អាហា​រូបត្ថម្ភ​សម្រាប់​អង្គការ​អន្តរជាតិ​ Helen Keller International​ ដែល​ជា​អង្គការក្រៅ​រដ្ឋាភិបាល​មិន​រក​កម្រៃ​ ដែល​ជួយ​ជ្រោម​ជ្រែង​គម្រោង​ទាំង​ពីរ​នេះ។​

លោកស្រី​ Zaman ​និយាយ​ថា ​គម្រោង​សាកល្បង​នេះ​បង្ហាញ​ថា លទ្ធផល​ជាច្រើន​នឹង​សម្រេច​បាន​ក្នុង​តំបន់​ជាច្រើន។​

«គម្រោង​នេះ​មាន​ឥទ្ធិពល​ក្នុង​ការ​បង្កើន​បរិមាណ​ចំណី​អាហារ​មាន​គុណភាព​ និង​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ​ដែល​សម្បូរជាតិ​មីក្រូ​អាហារូបត្ថម្ភ​ ហើយ​វា​បង្កើន​បរិមាណ​ក្នុង​ការ​បរិភោគ​សម្រាប់​កុមារ និង​ស្រ្តី​ដែល​ងាយ​រងគ្រោះថ្នាក់។​ គម្រោង​នេះ​ជួយ​ឲ្យ​គេ​មាន​កំណើន​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ពួកគេ ​ហើយ​វា​ក៏​ជួយ​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​ផ្តល់​អំណាច​ដល់​ស្ត្រីដែល​ជា​អ្នក​សម្រេច​ចិត្ត​ក្នុង​ការ​ចំណាយ ​ការ​ហូបចុក​និង​ការ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​ ព្រមទាំង​សុខភាព​គ្រួសារ»។​

កម្ម​វិធី​ថ្មី​នេះ​មានលក្ខណៈ​ខុស​ប្លែក​ច្រើន​យ៉ាង។ ​ ក្នុង​ពេល​ចាប់​ផ្តើម​ និង​ដើម្បី​ធ្វើឲ្យ​គម្រោង​មាន​ចីរភាព ​គ្រួសារ​ដែល​ចូល​រួម​ក្នុង​គម្រោង​ត្រូវ​ចូលរួម​ចំណែក​ក្នុង​ការ​ចំណាយ​ខ្លះៗ​ក្នុង​ការ​ធ្វើ​ស្រះ​ចិញ្ចឹមត្រី ​ចម្ការ​បន្លែ​ ឬ​កសិដ្ឋាន​ចិញ្ចឹម​មាន់​ទា។​

គ្រួសារ​ដែល​ចូល​រួម​ក្នុង​គម្រោង​ក៏​ត្រូវ​ធ្វើ​តាម​ការណែនាំ​អំពី​អនាម័យ​ ដែល​នៅតែ​ជា​បញ្ហា​ធំ​នៅ​តំបន់​ជនបទ។​ ក្រៅពី​នោះ​ក៏​មាន​ការ​អប់រំ​អំពី​អាហារូបត្ថម្ភ​ ឥណទាន​មីក្រូ ​ហើយ​និង​ជួយ​រក​ទីផ្សារ​សម្រាប់​ផលិតផល​ដែល​គេ​ផលិត​បាន​លើស​តម្រូវការ​ផង​ដែរ។​

នៅ​ទីបញ្ចប់​ គោល​បំណង​គម្រោង​នេះ​គឺ​ថា ​ភស្តុតាង​នៃ​លទ្ធផល​គម្រោង​ទាំង​ពីរ​នេះ​នឹងត្រូវ​ចងក្រង​បញ្ចូល​ក្នុង​គម្រោង​គោល​នយោបាយ​របស់​ប្រទេស​កម្ពុជា​សម្រាប់​អាហា​រូបត្ថម្ភ​ ព្រោះ​ថា ​ថ្វីបើ​ប្រទេស​កម្ពុជា​បាន​ប្រឈម​ដោះស្រាយ​បញ្ហា​ស្រេក​ឃ្លាន​យូរ​ហើយ​ក្តី ​តែ​ការ​ដោះស្រាយ​«កង្វះ​អាហា​រូបត្ថម្ភ​លាក់មុខ»​នេះ​ត្រូវ​មាន​ការ​ប្រឹងប្រែង​កាន់តែ​ច្រើន​ បើ​ធៀប​ធៀប​នឹង​បញ្ហា​កង្វះ​ស្បៀងអាហារ។

ប្រែ​សម្រួល​ដោយ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG