ប្រទេសប៉ាគីស្ថានដែលរងការចោទប្រកាន់ពីការមានចំណងទាក់ទងដ៏ជិតស្និទ្ធជាមួយក្រុមតាលីបង់ ហើយនិងឃ្លាំងអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad) ត្រូវគេរំពឹងថា នឹងស្ថិតនៅលើរបៀបវារៈនៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ធ្វើជាម្ចាស់ផ្ទះរៀបចំទទួលនាយករដ្ឋមន្រ្តីប៉ាគីស្ថាន Nawaz Sharif នៅសេតវិមាននៅថ្ងៃព្រហស្បតិ៍នេះ។
លោកប្រធានាធិបតី អូបាម៉ា ត្រូវគេរំពឹងថា នឹងដាក់គំនាបលើលោកនាយករដ្ឋមន្រ្តី Sharif ធ្វើឲ្យមានការចរចាសន្តិភាពឡើងវិញរវាងរដ្ឋាភិបាលទីក្រុងកាប៊ុល និងអតីតក្រុមកាន់អំណាចឥស្លាមជ្រុលនិយមអាហ្វហ្គានីស្ថានដែលបានធ្វើការបះបោរចាប់តាំងពីត្រូវបានទម្លាក់ចេញពីអំណាចដោយកងទ័ពសហរដ្ឋអាមេរិកនៅចុងឆ្នាំ២០០១ចំពោះការផ្តល់ទីជម្រកដល់ Osama bin Laden មេដឹកនាំក្រុម al-Qaida ដែលជាមេគំនិតនៃការវាយប្រហារភេរវកម្មឆ្នាំ២០០១មកលើសហរដ្ឋអាមេរិក។ លោកប្រធានាធិបតីអូបាម៉ាបានប្រកាសកាលពីសប្តាហ៍មុនថា លោកមានផែនការរក្សាកងទ័ពសហរដ្ឋអាមេរិក៥.៥០០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានហួសពីឆ្នាំ២០១៦ ដោយមិនគោរពទៅតាមការសន្យាដែលលោកបាននិយាយជាយូរយារណាស់មកហើយថានឹងដកកងទ័ពសហរដ្ឋអាមេរិកស្ទើរទាំងអស់ចេញពីប្រទេសនោះនៅចុងឆ្នាំនេះ។
រដ្ឋបាលរបស់លោកអូបាម៉ាក៏បានដាក់គំនាបលើរដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដឲ្យបង្ក្រាបលើក្រុមឥស្លាមជ្រុលនិយមដូចជាក្រុម Haqqani ដែលមានទីតាំងក្នុងប្រទេសប៉ាគីស្ថាន។
លោកប្រធានាធិបតីអូបាម៉ាក៏នឹងព្យាយាមជំរុញឲ្យនាយករដ្ឋមន្រ្តី Sherif យល់ព្រមកំណត់ទំហំនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថានដែរ។ របាយការណ៍ថ្មីមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះដោយទស្សនាវដ្តី Bulletin of the Atomic Scientists បានប៉ាន់ស្មានថា ឃ្លាំងអាវុធប៉ាគីស្ថានអាចពង្រីកពីពេលបច្ចុប្បន្ននេះមានក្បាលនុយក្លេអ៊ែរប្រហែល១៣០ទៅ២៥០ក្នុងរយៈពេលមួយទសវត្សរ៍ទៀតដែលធ្វើឲ្យប៉ាគីស្ថានក្លាយជារដ្ឋមានអាវុធនុយក្លេអ៊ែរធំទី៥របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងបារាំង៕