ក្រុមមន្រ្តីនិយាយថា ការកើនឡើងនៃការផលិតថ្នាំញៀនប្រភេទអំហ្វេតាមីនឬ ATS ត្រូវបានគេឃើញមានយ៉ាងច្បាស់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាការជួញដូរថ្នាំញៀនប្រភេទហេរ៉ូអ៊ីនដែលផលិតនៅក្នុងតំបន់ត្រីកោណមាសភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា នៅតែបន្តកើនឡើងក៏ដោយ។
នៅក្នុងឆ្នាំ ២០១៥ ការិយាល័យអង្គការសហប្រជាជាតិផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានរាយការណ៍ពីការរឹបអូសថ្នាំគ្រីស្តាល់អំហ្វេតាមីនដែលមានសារធាតុញៀនខ្លាំង សរុបចំនួន ២៧.០០០គីឡូក្រាម ដែលថ្នាំប្រភេទនេះត្រូវបានគេស្គាល់ថាជាម៉ាទឹកកក ឬ «ទឹកកក» នៅទូទាំងប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម។
ក្នុងពេលដូចគ្នានេះដែរ ក៏មានការរឹបអូសថ្នាំញឿនអំហ្វេតាមីនគ្រាប់ចំនួនសរុប ២៨៦លានគ្រាប់ ចំណែកសារធាតុហេរ៉ូអ៊ីនដែលផលិតពីដំណាំអាភៀននៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ត្រូវបានរឹបអូសបានជាង ១០.០០០គីឡូក្រាម។ ការរឹបអូសសារធាតុគីមីសំខាន់ៗផ្សេងទៀតសម្រាប់ផលិតថ្នាំញៀន ក៏បានកើនឡើងផងដែរ។
លោក Jeremy Douglas មន្រ្តីតំណាងអង្គការសហប្រជាជាតិផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ប្រចាំតំបន់អាស៊ីបាននិយាយថា ក្រុមឧក្រិដ្ឋជនផលិតគ្រឿងញៀន បានប្តូរទៅផលិតថ្នាំម៉ាទឹកកកដែលមានធាតុសុទ្ធខ្លាំង។ លោកបាននិយាយថា អាជ្ញាធរកំពុង «រឹបអូសថ្នាំម៉ាទឹកកកក្នុងចំនួនមួយដ៏ច្រើន នៅតាមព្រំដែនប្រទេសអូស្ត្រាលី ព្រលានយន្តហោះ កំពង់ផែ ក្រុមហ៊ុនទទួលបញ្ញើដែលថ្នាំញៀនទាំងនោះចូលមកតាមរយៈអីវ៉ាន់បញ្ញើ និងការដឹកជញ្ជូនទំនិញធំៗ»។
លោក Douglas បានប្រាប់វីអូអេថា៖ «វាគឺជាក្តីបារម្ភដ៏ធំមួយ។ បច្ចុប្បន្ននេះ គ្រឿងញៀនកំពុងហូរហៀរពេញក្នុងតំបន់នេះ។ គ្រឿងញៀននោះ គឺជាប្រភេទម៉ាទឹកកកដែលធ្វើឲ្យញៀនខ្លាំង។ ក្តីបារម្ភដ៏ធំមួយនេះ មិនមែនសម្រាប់តែការអនុវត្តច្បាប់នៅប្រទេសអូស្ត្រាលីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាក្តីបារម្ភសម្រាប់ការអនុវត្តច្បាប់ក្នុងប្រទេសនូវែលសេឡង់ផងដែរ ហើយតំបន់អាមេរិកខាងជើង ក៏ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការវិវឌ្ឍនៃបញ្ហាគ្រឿងញៀននេះដែរ»។
ប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ គឺជាគោលដៅសំខាន់នៃក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀននេះ ដោយសារតែប្រទេសទាំងពីរមានប្រាក់ចំណូលខ្ពស់ ហើយអត្រានៃការប្រើប្រាស់ថ្នាំញៀនក៏ខ្ពស់ដែរ។
ចាប់តាំងពីចុងឆ្នាំ២០១៥ មក ប៉ូលិសសហព័ន្ធប្រទេសអូស្ត្រាលី (AFP) បានចុះហត្តលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិន និងប្រទេសថៃ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជួញដូរថ្នាំញៀនចូលទៅក្នុងប្រទេសអូស្ត្រាលី។
កិច្ចព្រមព្រៀងជាមួយប្រទេសចិនបានភ្ជាប់ប៉ូលិសសហព័ន្ធជាមួយគណៈកម្មការជាតិគ្រប់គ្រងគ្រឿងញៀនរបស់ប្រទេសចិន (NNCC) ការិយាល័យប្រឆាំងការរត់ពន្ធរបស់ប្រទេសចិន (ASB) និងការិយាល័យសន្តិសុខសាធារណៈខេត្តក្វាងទុង (GCSB) ។
កិច្ចព្រមព្រៀងបង្កើតក្រុមការងារស្រដៀងគ្នានេះជាមួយអាជ្ញាធរប្រឆាំងការលាងលុយកខ្វក់របស់ប្រទេសថៃ និងទីភ្នាក់ងារគ្រប់គ្រងគ្រឿងញៀន ត្រូវបានដាក់រហស្សនាមថា «ក្រុមការងារខ្យល់ព្យុះ»។
ប្រធានគណកម្មការប៉ូលិសសហព័ន្ធប្រទេសអូស្ត្រាលី (AFP) លោក Andrew Colvin បាននិយាយថា កិច្ចព្រមព្រៀងក្រុមការងារទាំងនេះគឺ«សំខាន់ណាស់»។
«អ្វីដែលយើងកំពុងមើលឃើញកាន់តែច្បាស់ឡើង គឺការគំរាមកំហែងមកពីបណ្តាប្រទេសនានា ដែលមានផលប៉ះពាល់លើប្រទេសអូស្ត្រាលី។ ដូច្នេះ វាជាកិច្ចការរបស់យើងក្នុងការធ្វើការថ្នាក់តំបន់ ដើម្បីជួយធានាសុវត្ថិភាពក្នុងតំបន់ ហើយវាក៏ជាបញ្ហាដែលមានឥទ្ធិពលក្នុងស្រុកដ៏សម្បើមផងដែរ»។
លោក Colvin បាននិយាយថា ក្រុមការងារថ្មីដែលធ្វើការជាមួយប្រទេសថៃ «នឹងផ្តោតខ្លាំងលើការជួញដូរមនុស្ស ការលាងលុយកខ្វក់ ជាពិសេសការប្រឆាំងនឹងគ្រឿងញៀន»។
មន្ត្រីគ្រឿងញៀនថៃ និងមន្ត្រីអង្គការសហប្រជាជាតិផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្ម UNODC បាននិយាយថា បទពិសោធន៍របស់ប្រទេសអូស្ត្រាលីក្នុងប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន អាចផ្តល់ប្រយោជន៍ដល់ប្រទេសជិតខាងរបស់ខ្លួន នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ក្រុមមន្រ្តីបានចង្អុលបង្ហាញថា ពាណិជ្ជកម្មគ្រឿងញៀនបានកើនឡើង ហើយការការពារនៅតំបន់ព្រំដែនមានការធូររលុងនៅក្រោយពេលមានការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយសារសហគមន៍នេះក៏បានបង្កើតឱកាសសម្រាប់បទល្មើសដែលមានការចាត់តាំងច្បាស់លាស់ ក្នុងការចល័តគ្រឿងញៀន និងសារធាតុគីមីជាច្រើនទៀត ឆ្លងកាត់ព្រំដែនបានយ៉ាងងាយស្រួល។
លោក Rachanikorn Sarasin អតីតនាយករងនៃការិយាល័យក្រុមប្រឹក្សាភិបាលគ្រប់គ្រងសារធាតុញៀន ONCB ហើយបច្ចុប្បន្នជាទីប្រឹក្សាអន្តរជាតិបានថ្លែងថា៖ «ប្រទេសអូស្រ្តាលីគួរតែមកចូលរួមជាមួយប្រទេសអាស៊ានជាធ្លុងមួយ។ អូស្ត្រាលីគឺជាមិត្តភក្តិល្អរបស់បណ្តារដ្ឋជាសមាជិកអាស៊ាន ដូច្នេះ ប្រទេសអូស្រ្តាលីអាចជួយអាស៊ាននៅក្នុងផ្នែកនេះ។ អ្នកមានសមត្ថភាព និងបច្ចេកវិទ្យា អ្នកអាចជួយឬផ្តល់ដំបូន្មាន ឬការផ្លាស់ប្តូរបទពិសោធន៍ជាមួយអាស៊ាន»។
លោក Rachanikorn បានបន្ថែមថា កម្មវិធីដែលចិនបានផ្តួចផ្តើមសម្រាប់តំបន់មេគង្គ បានជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើងជាមួយប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
លោក Douglas នៃអង្គការសហប្រជាជនផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្ម UNODC បានយល់ស្របថា ការអនុវត្តច្បាប់របស់ប្រទេសអូស្រ្តាលី អាចដើរតួនាទីសំខាន់មួយក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ លោកបាននិយាយថា ការគាំទ្ររបស់អង្គការសហប្រជាជាតិ អាចជួយជម្នះលើឧបសគ្គផ្នែកនយោបាយណាមួយដែលអាចកើតឡើង។
«កិច្ចព្រមព្រៀងដែលប្រទេសថៃ និងអូស្រ្តាលី បានចូលរួមជាមួយគ្នានោះ ពិតជាការល្អណាស់។ យើងលើកទឹកចិត្តឲ្យមានកិច្ចព្រមព្រៀងបែបនេះកើតឡើង។ ប៉ុន្តែវាពិតជាត្រូវការការចូលរួមពីប្រទេសជាច្រើនក្នុងពេលតែមួយ»៕
ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង