បេសកជនអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេសស៊ីរីនិយាយថា លោកមានក្តីសង្ឃឹមថានឹងទទួលបានលទ្ធផលជាវិជ្ជមានថ្មីក្នុងអំឡុងពេលនៃកិច្ចប្រជុំដែលដឹកនាំដោយអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងរដ្ឋាភិបាលរបស់លោក al-Assad និងអ្នកតំណាងរបស់ក្រុមឧទ្ទាមក្នុងសប្តាហ៍នេះនៅទីក្រុងហ្សឺណែវ។
លោក Staffan de Mistura បានមានប្រសាសន៍ថា សមិទ្ធផលនៃកិច្ចសន្ទនានេះនឹងផ្អែកជាសំខាន់ទៅលើជំហររបស់សហរដ្ឋអាមេរិក។
លោកបានសួរនៅក្នុងវេទិកាមួយនៃសន្និសីទសន្តិសុខ Munich ក្នុងប្រទេសអាល្លឺម៉ង់ថា «សំណួរធំគឺស្ថិតនៅត្រង់ថាតើជំហររបស់សហរដ្ឋអាមេរិកស្ថិតនៅឯណា»?
មេដឹកនាំពិភពលោក មន្ត្រីការទូត និងមន្ត្រីការពារប្រទេសបានជួបប្រជុំគ្នានៅក្នុងសន្និសីទសន្តិសុខ Munich កាលពីចុងសប្តាហ៍មុន។
លោក Mistura បាននិយាយទៀតថា ដំណោះស្រាយនយោបាយណាក៏ដោយត្រូវតែរួមបញ្ចូលដើម្បីធ្វើឲ្យទុកចិត្តបាន ក្នុងការបញ្ចប់ជម្លោះរយៈពេល៦ឆ្នាំនៅក្នុងប្រទេសស៊ីរី៕