លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិយាយថា ការចរចាសន្តិភាពអំពីប្រទេសស៊ីរីដែលគ្រោងធ្វើនៅថ្ងៃទី៨ ខែកុម្ភៈបានត្រូវលើកថ្ងៃទៅធ្វើនៅចុងខែកុម្ភៈវិញ។ លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានប្រកាសនៅថ្ងៃសុក្រនេះនៅក្នុងជំនួបមួយនៅក្នុងទីក្រុងមូស្គូជាមួយក្រុមឧទ្ទាមស៊ីរីជាច្រើនទៀត។
លោករដ្ឋមន្រ្តីការបរទេស Lavrov មិនបាននិយាយថា តើហេតុអ្វីបានជាអង្គការដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវបានត្រូវពន្យារពេលនោះទេ។
នៅដើមសប្តាហ៍នេះ ប្រទេសតួកគី និងរុស្ស៊ីរួមជាមួយប្រទេសអ៊ីរ៉ង់ បាននាំគណៈប្រតិភូមកពីរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមទៅកាន់ប្រទេសកាហ្សាក់ស្ថានដើម្បីធ្វើការចរចាសន្តិភាពដែលបានបញ្ចប់ដោយប្រទេសទាំង៣នោះបានព្រមព្រៀងគ្នាជួយឃ្លាំមើលការឈប់បាញ់គ្នាហើយនិងធ្វើការឆ្ពោះទៅកាន់ដំណោះស្រាយខាងនយោបាយដល់ជម្លោះនៅក្នុងប្រទេសស៊ីរី។
លោក Muftuoglu អ្នកនាំពាក្យរដ្ឋាភិបាលតួកគីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកនឹងមិនអនុញ្ញាតឲ្យអ្នកប្រយុទ្ធខ្លះធ្វើឲ្យខូចការឈប់បាញ់គ្នាដែលបានចូលជាធរមានកាលពីចុងខែធ្នូឆ្នាំទៅទេ។ លោកក៏បានបញ្ជាក់ឡើងវិញពីគោលជំហររបស់តួកគីថា ប្រធានាធិបតី បាសា អាល់អាសាដ នៃប្រទេសស៊ីរីគ្មានទីកន្លែងនៅពេលអនាគតនៅក្នុងប្រទេសស៊ីរីទេ។ តួកគីបានគាំទ្រពួកឧទ្ទាមនៅក្នុងការប្រយុទ្ធដែលបានចាប់ផ្តើមនៅឆ្នាំ២០១១ដែលជាការតវ៉ាដោយសន្តិវិធីមុនពេលធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល។
ជោគវាសនារបស់លោកអាសាដបានក្លាយជាចំណុចមួយនៃការខ្វែងគំនិតគ្នាក្នុងអំឡុងពេលនៃកិច្ចខំប្រឹងប្រែងអន្តរជាតិដើម្បីធ្វើឲ្យសម្រេចនូវសន្តិភាពនៅក្នុងប្រទេសស៊ីរី។ រុស្ស៊ី និងអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី អាសាធ បាននិយាយថា លោកអាសាធត្រូវតែកាន់អំណាច៕