ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិនឹង​បោះឆ្នោត​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង

រូប​ឯកសារ៖ មេដឹកនាំកូរ៉េ​ខាង​ជើង Kim Jong Un ក្នុង​អំឡុង​ពេល​ត្រួត​ពិនិត្យ​ទាហាន​ជើង​អាកាស​របស់​កូរ៉េ​ខាង​ជើង ក្នុង​កងលេខ 1016។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ត្រូវគេ​រំពឹង​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​លើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​នឹង​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹងការ​សាក​ល្បង​អាវុធ​នុយក្លែអ៊ែ​និង​កាំជ្រួច​វង់​ប្រតិបត្តិការ​វែង​កាល​ពីពេល​ថ្មីៗ​នេះ។

សេចក្តី​សម្រេច​ចិត្ត​ដែល​ព្រាង​ដោយ​សហរដ្ឋ​អាមេរិកហើយ​បាន​ដាក់​ស្នើកាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ខាង​អាវុធ​ទាំង​ស្រុង​លើ​រដ្ឋាភិបាល​ទីក្រុង​ព្យូងយ៉ាង ​ត្រួត​ពិនិត្យទំនិញ​នាំ​ចេញ​និង​នាំចូល​ទាំង​អស់​របស់​កូរ៉េខាង​ជើង ​ទាំង​ការ​ដឹក​ជញ្ជូន​តាម​ជើង​គោក ​ជើង​ទឹក​ឬ​តាម​អាកាស ​ហើយ​និង​បញ្ឈប់​ការនាំ​ចូល​ផលិតផល​ទាំង​អស់​ដែល​អាច​ត្រូវ​បាន​ប្រើ​ប្រាស់សម្រាប់​គោល​បំណង​ខាង​យោ​ធា។

បេសកជន​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​បញ្ជូន​សំណើ​នេះ​ទៅ​ឲ្យ​ប្រទេស​អង់ហ្គោឡា​កាល​ពី​ថ្ងៃ​ចន្ទ​ សម្រាប់​ធ្វើការ​បោះឆ្នោត។​ អង់ហ្គោឡា​នៅ​ពេលបច្ចុប្បន្ន​នេះ ​ជាប្រធាន​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​ប្រ​ទេស​១៥​ជាសមាជិក។

លោកស្រី ​Samantha Power ​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ ​បាន​មាន​ប្រសាសន៍​ថា ​សេចក្តី​សម្រេច​នេះ​ជាការ​ចាប់​ផ្តើម​ថ្មី​មួយ​ហើយ​និងជាការ​ដាក់​ទណ្ឌកម្ម​ដ៏​ខ្លាំង​បំផុត​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​រយៈ​ពេល​ជាង​២​ទសវត្សរ៍​នេះ។​ អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​មួយ​ចំនួនរួច​ទៅ​ហើយ​ទៅ​លើ​ប្រទេស​កូរ៉េខាង​ជើង​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​សាក​ល្បង​អាវុធនុយក្លែអ៊ែ​និង​កាំជ្រួច​មីស៊ីល​កាល​ពី​អតីត​កាល។

សហរដ្ឋ​អាមេរិក ​បាន​បញ្ជូន​សេចក្តី​សម្រេច​ចិត្តនោះ​បន្ទាប់​ពី​ការ​ចរចា​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​ជាមួយ​ប្រទេស​ចិន ​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​បំផុត​និង​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កូរ៉េខាង​ជើង៕