ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ីរី​និង​កូរ៉េ​ខាង​ជើង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.


បុរស​ម្នាក់​ព្យាយាម​កំណត់​អត្តសញ្ញាណ​សាកសព​បន្ទាប់​ពី​អ្វី​ដែល​សកម្មជន​និយាយ​ជា​ការ​វាយប្រហារ​តាម​អាកាស​ដែល​ប្រព្រឹត្ត​ដោយ​ទ័ព​អាកាស​រុស្ស៊ី ​នៅ​ក្នុង​ក្រុង Idlib ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។
បុរស​ម្នាក់​ព្យាយាម​កំណត់​អត្តសញ្ញាណ​សាកសព​បន្ទាប់​ពី​អ្វី​ដែល​សកម្មជន​និយាយ​ជា​ការ​វាយប្រហារ​តាម​អាកាស​ដែល​ប្រព្រឹត្ត​ដោយ​ទ័ព​អាកាស​រុស្ស៊ី ​នៅ​ក្នុង​ក្រុង Idlib ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។

ប្រទេស​ស៊ីរី​ និង​​កូរ៉េ​ខាង​ជើង​នឹង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​​ជុំវិញ​ការ​បំពាន​សិទ្ធិ​មនុស្ស​ ពី​សំណាក់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​​ ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​រយៈ​បួន​សប្តាហ៍​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ។​​

ប្រទេស​ស៊ីរី​ និង​ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​ជុំវិញ​ការ​បំពាន​សិទ្ធិ​មនុស្ស​ ពី​សំណាក់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​មួយដែល​មាន​សមាជិក​ចំនួន​៤៧​ប្រទេស​ ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​រយៈ​បួន​សប្តាហ៍​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ។

សមាជិក​ទាំង​៤៧​ប្រទេស​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នឹង​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិ​មនុស្សរបស់​ប្រទេស​ជាង​៤០។​ ក្រុម​ប្រឹក្សា​នេះ​នឹង​ត្រួត​ពិនិត្យ​មើល​ទៅ​លើ​ការ​វិវត្ត​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី (Burundi)​ ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​ពិសេស​កាល​ពី​ឆ្នាំ​មុន​ អំពី​ស្ថាន​ភាព​កាន់​តែ​យ៉ាប់យឺន​ឡើង​នៅ​ក្នុង​ប្រទេស​នោះ។​

ក្រុម​ប្រឹក្សា​នេះ​ក៏​នឹង​ពិភាក្សា​ទៅ​លើ​របាយការណ៍​ជាង​៤០​ អំពី​ប្រធានបទ​សិទ្ធិ​មនុស្សជា​សកល ​មាន​ដូច​ជា​ ការ​ធ្វើ​ទារុណកម្ម​ ការ​ប្រហារ​ជីវិត​ដោយ​មិន​មាន​ការ​វិនិច្ឆ័យ​ទោស​ ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ សេរីភាព​សាសនា ​និង​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។​ ក្នុង​ចំណោម​របាយការណ៍​ទាំង​នោះ​ មាន​របាយកាណ៍​មួយ​ចេញ​ដោយ​គណៈកម្មការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ការ​ស៊ើប​អង្កេត​ នឹង​ត្រូវ​ដាក់​បញ្ចូល​នៅ​ថ្ងៃ​ទី​១៥​ ខែ​មីនា។​

លោក​ Choi Kyong-lim ប្រធាន​ក្រុម​ប្រឹក្សា​ថ្មី​ថ្លែង​ថា​ លោក​រំពឹង​ថា​ នឹង​មាន​កិច្ច​ពិភាក្សា​ដែល​ផ្តោត​យ៉ាង​ខ្លាំង​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

«ការ​បន្ត​ផ្តោត​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ស៊ីរី​នឹង​បញ្ជូន​សារ​ដ៏​ខ្លាំងក្លា​មួយ​ទៅ​កាន់​ពលរដ្ឋ​ស៊ីរី​ ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ដ៏​សាហាវ​ឃោរឃៅ​ដែល​ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំង​នោះ​នា​ពេល​អនាគត»។​

លោក​ឯក​អគ្គ​រដ្ឋ​ទូត​ Choi មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ប៉ុន្តែ​លោក​អះអាង​ប្រាប់​ VOA ថា​ លោក​នឹង​រក្សា​ជំហរ​អព្យាក្រឹត​និង​ភាព​មិន​លម្អៀង​គ្រប់​លក្ខខណ្ឌ​ទាំង​អស់​ រួម​ទាំង​ការ​ពិនិត្យ​ទៅ​លើ​កំណត់​ត្រា​ជុំវិញ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Choi ថ្លែង​ថា៖ ​
«ដូច​ក្នុង​ករណី​ប្រទេស​ស៊ីរី​ដែរ​ ពួក​យើង​ប្រហែល​មិន​អាច​ឃើញ​ពី​ភាព​ចម្រើន​ទៅ​មុខ​ជុំវិញ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង​ទេ។​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ វា​នៅ​តែ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​បន្ត​ពិភាក្សា​ លើក​ឡើង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ដ៏​អាក្រក់​នៅ​កូរ៉េ​ខាង​ជើង»។​

លោក​ Choi ថ្លែង​ថា គេ​ឃើញមាន​សញ្ញា​លើក​ទឹក​ចិត្ត​ខ្លះៗ​ តាម​រយៈ​ការណ៍​ដែល​កូរ៉េ​ខាង​ជើង​យល់​ព្រម​ឲ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​កំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់​ខ្លួន នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ដើម្បី​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​សាកល ឬ​ ​Universal Periodic Review របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ។​ លើស​ពី​នេះ​ទៅ​ទៀត​ លោក​បាន​ថ្លែង​ថា​ នៅ​ពេល​នេះ​កំពុង​មាន​កិច្ច​សន្ទនា​មួយ​កើត​ឡើង​ជុំវិញ​លទ្ធភាព​ក្នុង​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​ដោយ​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា​

XS
SM
MD
LG