ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានកំណត់នឹងជួបប្រជុំនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាលើស្ថានភាពក្នុងទីក្រុង Rafah នៃតំបន់ហ្កាហ្សា ក្រោយពីការវាយប្រហារតាមអាកាសមួយរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤៥ នាក់ ក្នុងជំរំជនភៀសខ្លួនមួយកន្លែង និងធ្វើឱ្យមនុស្ស ២០០ នាក់ផ្សេងទៀតរងរបួស។
ប្រធានមនុស្សធម៌អង្គការសហប្រជាជាតិលោក Martin Griffiths បានហៅការវាយប្រហារនោះថា «ជាការមិនអាចទទួលយកបានឡើយ» និងបានរិះគន់លើការពន្យល់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលថា អ្វីដែលបានកើតឡើងក្នុងទីក្រុង Rafah នោះ គឺជា«កំហុសសោកនាដកម្មមួយ»។
លោក Griffiths និយាយថា អង្គការសហប្រជាជាតិធ្លាប់បានព្រមានថា ប្រតិបត្តិការយោធាមួយក្នុងទីក្រុង Rafah នឹងធ្វើឱ្យមានមនុស្សជាច្រើនស្លាប់ ហើយនឹងគ្មានទីកន្លែងសុវត្ថិភាព ឬតំបន់មនុស្សធម៌ក្នុងតំបន់ហ្កាហ្សានោះឡើយ។
អ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស់២នាក់ក្នុងការវាយប្រហារតាមអាកាសនោះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu បាននិយាយជាច្រើនលើកច្រើនសាថា អ៊ីស្រាអែលត្រូវតែធ្វើការវាយប្រហារទៅលើទីក្រុង Rafah ដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួន គឺមិនឱ្យក្រុមហាម៉ាស់អាចធ្វើសកម្មភាពបានក្នុងតំបន់ហ្កាហ្សា និងគំរាមកំហែងអ៊ីស្រាអែលក្នុងពេលអនាគតឡើយ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ក៏បានហៅការវាយប្រហារនោះ ថាជាការរន្ធត់មួយ នឹងបានជំរុញដល់អ៊ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួនក្នុងទីក្រុង Rafah។
ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាននិយាយថា «រូបភាពដ៏រន្ធត់ពីការវាយប្រហារនោះគឺជាទុក្ខសោកដ៏ខ្លាំង។ ជាការពិតហើយ អ៊ីស្រាអែលមានសិទ្ធិក្នុងការតាមកម្ទេចក្រុមហាម៉ាស់ ហើយយើងក៏បានដឹងថា ការវាយប្រហារនេះក៏បានសម្លាប់មេដឹកនាំជាន់ខ្ពស់២នាក់រប់សក្រុមហាម៉ាស់ ដែលជាអ្នកទទួលខុសត្រូវលើការវាយប្រហារទៅលើជនស៊ីវិលអ៊ីស្រាអែលផងដែរ ប៉ុន្តែដូចដែលយើងធ្លាប់បានបញ្ជាក់ច្បាស់ក្នុងពេលកន្លងទៅថា អ៊ីស្រាអែលត្រូវចាត់វិធានការនានាជាមុនដែលអាចធ្វើបាន ដើម្បីការពារជនស៊ីវិល»។
សេចក្តីរាយការណ៍ខ្លះនៃព័ត៌មាននេះត្រូវបានដកចេញពីទីភ្នាក់ងារសារព័ត៌មានThe Associated Press ទីភ្នាក់ងារព័ត៌មាន Agence France-Presse និងទីភ្នាក់ងារសារព័ត៌មាន Reuters។