ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប.​នឹង​ពិភាក្សា​បញ្ហា​ប្រទេស​អ៊ីរ៉ង់និងបញ្ហា​អាវុធ​ប្រល័យ​លោក​នៅ​ខាង​ក្រៅ​មហាសន្និបាតអ.ស.ប.

ប្រធានាធិបតី​ត្រាំដឹកនាំ​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប.ក្នុង​មហាសន្និបាតអង្គការ​សហប្រជាជាតិ​ប្រចាំ​ឆ្នាំ​នៅ​បុរី​ញូវយ៉ក​កាលពី​ថ្ងៃទី​២៦ ខែ កញ្ញា ឆ្នាំ ២០១៨។

មហា​សន្និបាត​អ.ស.ប.​បន្ត​ការ​ប្រជុំ​ប្រចាំឆ្នាំ​របស់ផង​ខ្លួននៅ​ថ្ងៃ​ពុធនេះ​ជាមួយ​ការ​ថ្លែង​សុន្ទរកថារបស់​ពួក​មេដឹកនាំមកពី​ប្រទេស​អ៊ីរ៉ង់ យេម៉ែន អាហ្វហ្គានីស្ថាន គុយបា និង​ប្រទេស​អង់គ្លេស នៅ​ពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប.ប្រជុំ​គ្នានៅ​ខាង​ក្រៅ​មហាសន្និបាតនេះដើម្បី​ពិភាក្សា​បញ្ហា​នានា​ដោយ​មានរួម​បញ្ចូល​បញ្ហា​ឥទ្ធិពល​នៃប្រទេសអ៊ីរ៉ង់​ក្នុង​ភូមិភាគមជ្ឈឹមបូព៌ានិង​បញ្ហាផ្សេងៗទាក់ទិន​ជាមួយ​ការមិនរីកសាយ​អាវុធប្រល័យ​លោក។

ការ​ប្រជុំ​នៃក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.នឹង​ឋិត​នៅ​ក្រោមអធិបតី​ភាព​នៃ​លោកប្រធានាធិបតីស.រ.អា. Donald Trump ដែលបានអំពាវ​នាវ​ដល់​ពួកមេដឹកនាំ​ពិភពលោក នៅ​ក្នុង​សុន្ទរកថា​របស់​លោកទៅ​កាន់មហាសន្និបាត​អ.ស.ប.កាលពី​ថ្ងៃ​អង្គារឱ្យ «ធ្វើឱ្យ​របបគ្រប់គ្រងអ៊ីរ៉ង់នៅ​ដាច់ឯកោ​ដរាបណា​ការ​ឈ្លានពានរបស់​អ៊ីរ៉ង់​នៅ​តែមាន​តទៅទៀត»។

លោកប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani បាននិយាយប្រាប់មហា​សន្និបាត​អ.ស.ប.​នៅ​ក្នុង​សុន្ទរកថា​របស់លោក​ថា​គេមិនអាចនាំ​យក​ប្រទេសណាមួយ​មកកាន់តុចរចា​ដោយសារ​ការ​ប្រើកម្លាំងបានទេ។ លោក Rouhani ក៏បាន​សាកសួរ​ដែរថា​តើប្រទេសអ៊ីរ៉ង់អាចធ្វើឱ្យមាន​កិច្ចព្រមព្រៀង​ជាមួយ​ស.រ.អា.​ដោយ​បែបណាដែល​លោកបានថ្លែង​ថា​ប្រទេសអាមេរិកបាន​រំលោភ​លើគោល​នយោបាយ​របស់លោក Barack Obama ដែល​ជា​អ្នកកាន់តំណែង​មុន​លោក Trump។ បន្ថែម​ពីលើនេះ លោក​ Rouhani បានចោទប្រកាន់រដ្ឋបាល​ Trump ថា​បានធ្វើឱ្យ​ស្ថាប័នសាកលទាំង​អស់​គ្មាន​ប្រសិទ្ធិភាព។​

នៅ​ក្នុង​ឆ្នាំ​ដែល​លោក​បានថ្លែង​សុន្ទរកថា​ដំបូង​ក្នុង​អ.ស.ប. លោក Trump បាន​កាត់បន្ថយ​ការផ្តល់ប្រាក់កាស​ដល់អង្គការ​ពិភពលោក​នេះ បានដក​ស.រ.អា.​ចេញ​ពីកិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តី​ធាតុអាកាសនិងចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ មិនតែ​ប៉ុណ្ណោះប្រធានាធិបតី​អាមេរិកាំង​រូបនេះបាន​ដក​ប្រទេសអាមរិក​ចេញ​ពីអង្គការ​នានារបស់​អ.ស.ប.ដោយមាន​រួម​បញ្ចូល​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្សផងដែរ។ លោក​ Trump ក៏មានការ​រកាំ​រកូស​នៅ​ក្នុងការ​ប្រជុំនៃ​ពួក​មេដឹកនាំ​ក្រុម​ប្រទេស G-7 និងពួក​មេដឹកនាំ​អង្គការ​អូតង់ថែមទៀត​ផង៕