ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវគេរំពឹងថានឹងបើកកិច្ចប្រជុំមួយនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីការសម្លាប់ជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា មេដឹកនាំរុស្ស៊ីលោក Vladimir Putin គួរប្រឈមនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមមួយ។
កិច្ចប្រជុំនៅថ្ងៃអង្គារនេះ រួមមានការថ្លែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក Martin Griffiths ព្រមទាំងការថ្លែងសុន្ទកថារបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។
ចក្រភពអង់គ្លេសជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងខែមេសានេះ ហើយឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំអង្គការសហប្រជាជាតិលោកស្រី Barbara Woodward បានប្រាប់ក្រុមអ្នកយកព័ត៌មានថា បញ្ហានៃការសម្លាប់ជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលនៃការឈ្លានពានរបស់រុស្ស៊ី គឺជាប្រធានបទ «សំខាន់មុនគេ» នៅក្នុងកិច្ចប្រជុំនោះ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅយប់ថ្ងៃចន្ទថា លោកបានពិភាក្សាពីបញ្ហានេះ ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres ដែលក្នុងនោះក៏រួមមានផងដែរពីស្ថានភាពក្នុងទីក្រុង Bucha ដែលស្ថិតនៅជាយរដ្ឋធានីកៀវ និងជាកន្លែងដែលកងទ័ពរុស្ស៊ីត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើសាហាវព្រៃផ្សៃទៅលើជនស៊ីវិលអ៊ុយក្រែននៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។
លោក Kuleba បានបង្ហោះសារលើបណ្តាញ Twitter ថា៖ «អ៊ុយក្រែននឹងប្រើប្រាស់នូវរាល់យន្តការទាំងអស់របស់អង្គការសហប្រជាជាតិ ដើម្បីប្រមូលភ័ស្តុតាង ក្នុងការធ្វើឲ្យពួកឧក្រិដ្ឋជនសង្គ្រាមរុស្ស៊ីទទួលខុសត្រូវលើបញ្ហានេះ។
រដ្ឋាភិបាលទីក្រុងមូស្គូបានបដិសេធការសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Bucha ប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានហៅការចោទប្រកាន់នោះថា ជា«ការបង្កហេតុដែលត្រូវបានរៀបចំឡើងប្រឆាំងនឹងរុស្ស៊ី» ហើយឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា លោកនឹងផ្តល់«ភ័ស្តុតាងពិតប្រាកដ» នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ។
អ្នកនាំពាក្យក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប Maxar Technologies បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា រូបភាពដែលខ្លួនប្រមូលបានក្នុងទីក្រុង Bucha កាលពីពាក់កណ្តាលខែមីនា មានការផ្ទៀងផ្ទាត់ទៅនឹងវីដេអូនិងរូបភាពលើបណ្តាញសង្គមនាពេលថ្មីនេះ ដែលបង្ហាញថា មានសាកសពជនរងគ្រោះជាច្រើននៅតាមដងផ្លូវ ហើយត្រូវបានគេទុកចោលនៅកណ្តាលវាលអស់ពេលរាប់សប្តាហ៍។
ទន្ទឹមនឹងនេះដែរ អគ្គរដ្ឋអាជ្ញារបស់អ៊ុយក្រែន លោកស្រី Iryna Venediktova បាននិយាយថា សាកសពជនស៊ីវិលប្រមាណ៤១០នាក់ ត្រូវបានយកចេញពីទីប្រជុំជននានានៅជិតទីក្រុងកៀវ ដែលអ៊ុយក្រែនបានគ្រប់គ្រងឡើងវិញពីកងទ័ពរុស្ស៊ីក្នុងពេលថ្មីៗនេះ។
ដោយឡែកប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានបង្ហោះសារនៅលើ Twitter នៅថ្ងៃចន្ទថា សហភាពអឺរ៉ុប នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយលោកស្រីក្នុងការកត់ត្រានូវឧក្រិដ្ឋកម្មសង្គ្រាម។
ចំណែកក្រសួងការបរទេសអាមេរិកវិញ លើកឡើងថា តាមសំណើរបស់អ៊ុយក្រែន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងគាំទ្ររដ្ឋអាជ្ញាចម្រុះជាតិសាសន៍មួយក្រុម ដែលនឹងប្រមូលភ័ស្តុតាងស្តីពីអំពើឃោរឃៅរបស់កងទ័ពរុស្ស៊ីដែលត្រូវបានចោទប្រកាន់នោះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បានទៅធ្វើទស្សនកិច្ចនៅក្នុងទីក្រុង Bucha កាលពីថ្ងៃចន្ទ ហើយបានថ្លែងប្រាប់ពលរដ្ឋអ៊ុយក្រែនតាមកញ្ចក់ទូរទស្សន៍ថា នៅពេលនេះការចរចា ជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម នឹងមានការពិបាកជាងមុន ដោយសារតែអំពើព្រៃផ្សៃដែលប្រព្រឹត្តដោយកងទ័ពរុស្ស៊ី ត្រូវបានគេឃើញកាន់តែជាក់ស្តែងថែមទៀតនោះ៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។