ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​អនុម័ត​វិធានការ​យោធា​របស់​អឺរ៉ុប​ទប់ទល់​ការ​ជួញ​ដូរ​មនុស្ស

លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​របស់​អាមេរិក​ចូលរួម​ក្នុង​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​នេះ។

កាល​ពី​ថ្ងៃ​សុក្រ​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​មួយ​អនុញ្ញាត​ឱ្យ​បុគ្គលិក​សហភាព​អឺរ៉ុប ​និង​ប្រទេស​ឯ​ទៀតៗ​ឡើង​លើ​កប៉ាល់​ធ្វើ​ការ​ឆែកឆេរ​ និង​រឹប​អូស​នាវា​ទាំងឡាយ​ណា​ដែល​ជាប់​សង្ស័យ​ពី​បទ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ទល់​មុខ​នឹង​ឆ្នេរ​សមុទ្រ​ប្រទេស​លីប៊ី។​

ក្រុម​ប្រឹក្សា​នេះ​ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​១៥​បាន​អនុម័ត​វិធានការ​នេះ​ដែល​ត្រូវ​បាន​ព្រាង​ដោយ​ប្រទេស​អង់គ្លេស​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ជន​ភៀស​ខ្លួន​ដ៏​អាក្រក់​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​មក។ ប្រទេស​ជា​សមាជិក​១៤​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​បោះឆ្នោត​គាំទ្រ​វិធានការ​នេះ​ហើយ​ប្រទេស​វ៉េណេស៊ុយអេឡា (Venezuela) ​បាន​បោះឆ្នោត​អនុប្បវាទ។​

ក្រុម​ប្រឹក្សា​នេះ​បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​នេះ​តាម​ជំពូក​ទី៧​នៃ​ធម្មនុញ្ញ​អ.ស.ប.​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រើប្រាស់​កម្លាំង​ ក៏​ប៉ន្តែ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​កម្រិត​អាណត្តិ​នៃ​សេចក្តី​សម្រេចចិត្ត​នេះ​តែត្រឹម​មួយ​ឆ្នាំ។​

ក្រុម​ប្រឹក្សា​នេះ​មិន​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព​បែបនេះ​នៅ​ក្នុង​ដែន​ទឹក​សមុទ្រ និង​នៅ​តាម​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​លីប៊ី​នោះ​ទេ។

កាល​ពី​ថ្ងៃ​ពុធ​ សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម «កិច្ចប្រតិបត្តិការ ​Sophia» នៅ​ប៉ែក​ខាង​ត្បូង​នៃ​សមុទ្រ​មេឌីទែរ៉ាណេ​ដើម្បី​ស្ទាក់​នាវា​ជួញ​ដូរ​មនុស្ស​ដែល​ខិតខំ​ព្យាយាម​ចូល​ទៅ​ក្នុង​ប្លុក​នេះ​ដោយ​ខុស​ច្បាប់៕