ប្រជាពលរដ្ឋកូរ៉េខាងជើងកំពុងរស់នៅក្នុងស្ថានភាពលំបាកនៅក្នុងប្រទេស។ ទីផ្សារឯកជនខុសច្បាប់នៅកូរ៉េខាងជើងពោរពេញទៅដោយអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សគ្រប់ទម្រង់។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយដោយអង្គការសហប្រជាជាតិ។
ប្រព័ន្ធគ្រប់គ្រងរបបរដ្ឋកូរ៉េខាងជើងត្រូវបានដួលរលំនៅពាក់កណ្តាលទសវត្សរ៍១៩៩០ ខណៈគ្រោះទុរភិក្ស និងវិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យប្រទេសនេះបង្កើតទីផ្សារពាណិជ្ជកម្មក្រៅផ្លូវការនៅក្នុងរបបសង្គមនិយម។
របាយការណ៍មួយរបស់ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានបង្ហាញថា ទីផ្សារពាណិជ្ជកម្មខុសច្បាប់ទាំងនេះបានបង្កឲ្យប្រជាពលរដ្ឋសាមញ្ញរងការចាប់ខ្លួន កាត់ទោសនិងជាប់ក្នុងមន្ទីរឃុំឃាំង។ មន្ត្រីដែលមានប្រាក់ចំណូលទាបប្រព្រឹត្តអំពើពុករលួយដោយធ្វើការគំរាមកំហែងចាប់ខ្លួន ដើម្បីទារសំណូកពីប្រជាពលរដ្ឋដែលមានប្រាក់ និងសុខចិត្តបង់ទៅឲ្យមន្ត្រីទាំងនោះ។
របាយការណ៍របស់អង្គការសហប្រជាជាតិនេះផ្អែកលើលទ្ធផលនៃការសម្ភាសន៍ជាមួយជនជាតិកូរ៉េខាងជើង ២១៤ នាក់ដែលបានរត់ចេញពីរបបនេះ និងបានទៅរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
របាយការណ៍នេះក៏បានដាក់ការស្តីបន្ទោសទៅលើរបបនេះ ដែលបានដាក់អាទិភាពលើការគាំទ្រយោធា និងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស ជាជាងការផ្តល់ការគាំទ្រពេញលេញដល់ប្រជាពលរដ្ឋរបស់ខ្លួន៕