អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​អ.ស.ប.​ថ្លែង​ពី​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​

លោកស្រី ​រ៉ូណា ស្មីត​ អ្នករាយការណ៍ពិសេស​អង្គការ​សហប្រជាជាតិ​ថ្លែងការណ៍ក្នុង​សន្និសីទសារព័ត៌មានអំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នា​ឱកាស​ចុងបញ្ចប់​បេសកកម្ម​នៅ​ការិយាល័យ​ទីភ្នាក់ងារ​អ.ស.ប.ទទួល​បន្ទុក​ខាង​ជន​ភៀស​ហៅ​កាត់ថា​ UNHCR ​នាទីក្រុងភ្នំពេញ​នៅថ្ងៃ​ព្រហស្បតិ៏​ទី​៣១​ខែមិនា​នេះ។​លោកស្រី​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ទស្សនកិច្ចរបស់​លោកស្រី​លើក​មុន។​ (​ឡេង ឡែន/VOA)

លោកស្រី​បាន​ឲ្យ​ដឹង​ថា ​សូម្បី​លោកស្រី​ក៏​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​រារាំង​ដែរ​នៅ​ពេល​លោកស្រី​ទៅ​ជួប​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះវិហារ​ ដោយ​អាជ្ញាធរ​​ទាមទារ​លិខិត​អនុញ្ញាត​​ការ​ជួប​ជុំ​គ្នា។

លោកស្រី ​Rhona Smith ​អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​អំពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា​ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ ​ជាពិសេស​សេរីភាព​ជួបជុំគ្នា ​សេរីភាព​បញ្ចេញ​មតិ ​និង​សិទ្ធិ​របស់​ស្ត្រី។

«ក្តី​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ធំ​បំផុត​គឺ​សន្ទស្សន៍​នៃ​អំពើ​ហិង្សា​ប្រឆាំង​ស្ត្រី​ដែល​នៅតែ​បញ្ជាក់​ថា ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​កើត​ឡើង​ឥត​ឈប់ឈរ​នៅ​កម្ពុជា ​ហើយ​វា​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ជា​ពហុវិស័យ​ចំពោះ​រឿង​នេះ»។

លោកស្រី​បាន​ឲ្យ​ដឹង​ថា ​សូម្បី​លោកស្រី​ក៏​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​រារាំង​ដែរ​នៅ​ពេល​លោកស្រី​ទៅ​ជួប​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះវិហារ​ ដោយ​អាជ្ញាធរទាមទារ​លិខិត​អនុញ្ញាតការ​ជួប​ជុំ​គ្នា។

លោក​ ម៉ក់ សម្បត្តិ​ ប្រធាន​គណៈ​កម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​បាន​បញ្ចេញ​ប្រតិកម្ម​នឹង​ការ​សន្និដ្ឋាន​របស់​អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អ.ស.ប. ​ដោយ​និយាយ​ថា ​សេរីភាព​ជួប​ជុំ​មាន​ពេញ​លេញ​ បើ​ការ​ជួប​ជុំ​គ្នា​នោះ​មិន​មាន​លក្ខណៈ​ជា​កុប្បកម្ម​ ការ​បះបោរ​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​មិនបំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ​និង​ទ្រព្យ​សម្បត្តិ​ឯកជន។ ​លោក​និយាយ​ថា ​បាតុកម្ម​កន្លង​មក​មាន​លក្ខណៈ​ ជា​កុប្បកម្ម ​និង​ការ​បះបោរ ​បែប​អនាធិបតេយ្យ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ទប់ស្កាត់។​

«សិទ្ធិ​មនុស្ស​ត្រូវ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​និង​ផ្សារ​ភ្ជាប់​ជាមួយ​ច្បាប់។​ អាហ្នឹង​បាន​ហៅ​ថា ​ប្រទេស​ប្រជាធិបតេយ្យ។​ ប្រសិន​បើ​យើង​មាន​សិទ្ធិ​សេរីភាព ​ម្នាក់​នឹក​ឃើញ​ធ្វើ​អញ្ចេះ ​ម្នាក់​នឹកឃើញ​ធ្វើ​អញ្ចុះ​ អនាធិបតេយ្យ​ពេញ! ហើយ​បើ​អនាធិបតេយ្យ អ្នក​ណា​មាន​អំណាច​ អ្នក​ហ្នឹង​ឈ្នះ​ហើយ​ អូន»។

លោក​និយាយ​ថា ​ការ​ជួបជុំ​គ្នា​ត្រូវតែ​មាន​ការ​សុំច្បាប់​ ដែលតម្រូវ​ឲ្យ​មាន​អ្នក​ទទួល​ខុស​ បើ​ការ​ប្រមូល​ផ្តុំ​គ្នា​នោះ​ក្លាយ​ទៅ​ជា​កុប្បកម្ម​ ដែល​បង្ក​ការ​បំផ្លិច​បំផ្លាញ។ ​ទោះ​ជា​យ៉ាង​ណាក្តី​ ការ​សុំ​ច្បាប់​សម្រាប់​ការ​ប្រមូល​ផ្តុំ​គ្នា​កម្រ​ទទួល​បាន​ការ​អនុញ្ញាត​ណាស់​ក្នុង​ពេល​ស្ថានភាព​នយោបាយ​មាន​ភាព​តានតឹង។​

លោក​ ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី ​បាន​ប្រាប់​ VOA ​ថា ​លោក​មិន​ទាន់​បាន​ឃើញ​សេចក្តី​សន្និដ្ឋាន​របស់​អ្នក​តំណាង​ពិសេស​របស់​អ.ស.ប.​ខាង​សិទ្ធិមនុស្ស​ទេ។​ តែ​លោក​ថ្លែង​ថា ​កម្ពុជា​ជា​នីតិរដ្ឋ ​ដែល​មាន​ច្បាប់​គ្រប់គ្រង​សណ្ដាប់​ធ្នាប់ ​និង​សន្តិសុខ​សាធារណៈ។​

«ចំពោះ​រឿង​សិទ្ធិ​ប្រមូល​ផ្តុំហ្នឹង ​យើង​មិន​អនុញ្ញាត​ទេ​ឲ្យ​ពួក​បះបោរ​ហ្នឹង​នោះ​ ​ឲ្យ​ទៅ​បះបោរ​នៅ​ស៊ីរី ​បះបោរ​នៅ​អាមេរិក​ទៅ»។​

ក្នុង​អំឡុង​ទស្សនកិច្ច​លើក​ទី២​ដែល​ចាប់​ផ្តើម​កាល​ពីថ្ងៃ​ទី២១ អ្នកស្រី​ Rhona Smith​ មិន​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ទេ។​ ​ទោះ​ជា​យ៉ាងណា​ក្តី ​លោកស្រី​បាន​ជួបជាមួយ​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​ ដែល​ទាក់ទង​នឹង​ការងារ​សិទ្ធិ​មនុស្ស​ដូចជា​លោក​អង្គ​ វង្សវឌ្ឍនា​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ លោក​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​រដ្ឋ​មន្ត្រី​ជិត​១០​រូប​ទៀត។ ​ក្រៅពី​នេះ ​លោកស្រី​Rhona Smith​ ​ក៏បាន​ពិភាក្សា​ជាមួយ​លោក​ សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​ និង​លោក​ងួន ញ៉ិល​ ប្រធាន​ស្តីទី​នៃរដ្ឋ​សភា​។ ​លោកស្រី​ក៏​បាន​ជួប​លោក​ កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ​និង​មន្ត្រី​គណបក្ស​នេះ​ខ្លះ​ទៀត​ ដូចជា​លោក ​អេង ឆៃអ៊ាង ​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​និង​ទទួល​ពាក្យ​បណ្តឹង​នៃ​រដ្ឋ​សភា។​ ​

លោកស្រី​ក៏​បាន​ជួប​ជាមួយ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ​និង​ប្រជាពលរដ្ឋ​ដែល​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តាម​ខេត្ត​ និង​នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ។​ លោក​ស្រីក៏បាន​ទទួល​ញត្តិ​របស់​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​លំនៅដ្ឋាន​ជាច្រើន។​ លោកស្រី​ក៏បាន​ទទួល​ញត្តិ​ ដែល​លោក​ស្រី​យល់​ថា មិន​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទេ​ ដូច​ជា​ញត្តិរបស់​ក្រុម​យុវជនដែល​ទាមទារ​ឲ្យ​លោក​កឹម សុខា​ឆ្លើយ​បំភ្លឺ​រឿង​សំឡេង​សាង​សង​ស្នេហា ​ដែលគេ​ចោទ​ថា ​ជា​សំឡេង​របស់​លោក ​កឹម សុខា​ និង​សំឡេង​របស់​នាង​ ខុម ចាន់តារាទី។​

ក្នុង​សន្និសីទ​ចុង​បញ្ចប់​នៃ​ទស្សន​កិច្ច​របស់​លោកស្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោកស្រី​ Rhona Smith ​ផ្តោត​លើ​សិទ្ធិ​ស្ត្រី ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍ​ ដូចជា​ទំនប់​វារីអគ្គិសនី​ សម្បទាន​ដី​សេដ្ឋកិច្ច ​ សម្បទាន​ព្រៃឈើ ​ ការ​អប់រំ​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ទទួល​បាន​ការ​សិក្សា​ សេរីភាព​សម្តែង​មតិ ​ ការ​បង្កើត​សមាគម ​និង​ការ​ជួបជុំ​ដោយ​សន្តិវិធី ការ​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ ​ដំណើរ​ការ​នីតិកម្ម ​និង​ប្រព័ន្ធ​យុត្តិធម៌​ ​ជាពិសេស​ការ​ឃុំឃាំង​មុន​ការ​កាត់​ទោស​ហួស​ច្បាប់​កំណត់ ​ ​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​តុលាការ​ ការ​ឃុំឃាំង​សកម្ម​ជន​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់ ​និង​ការ​វាយ​ដំ​អ្នកតំណាងរាស្ត្រ​កន្លង​មក៕