ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​អសប​ជំរុញ​ឲ្យ​បង្កើត​យន្តការ​ថ្មី​សម្រាប់​ករណី​ហិង្សា​លើ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​នៅ​មីយ៉ាន់ម៉ា

ប្រធាន​នៃ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ លោកស្រី Michelle Bachelet ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​នៅ​ថ្ងៃ​ចន្ទ​នេះ​ឲ្យ​មាន​ការ​បង្កើត «យន្តការ» ថ្មី​មួយ ដែល​មាន​កាតព្វកិច្ច​រៀបចំ​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​ទាក់ទិន​នឹង​អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ស្រប​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​អំពើ​ប្រល័យ​ពូជសាសន៍​កើត​ឡើង​ចំពោះ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា។

នៅ​ក្នុង​សុន្ទរកថា​ដំបូង​ក្នុង​នាម​ជា​ប្រធាន​នៃ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ លោកស្រី Michelle Bachelet បាន​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បង្កើត «យន្តការ​អន្តរជាតិ​ឯករាជ្យ​មួយ​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ប្រមូល ចងក្រង រក្សា និង​វិភាគ​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​បំផុត​នានា ក្នុង​គោល​បំណង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​កាត់​ទោស​ដោយ​យុត្តិធម៌ និង​ឯករាជ្យ​ឲ្យ​បាន​ឆាប់​រហ័ស​នៅ​ក្នុង​តុលាការ​ជាតិ និង​អន្តរជាតិ»។

លោកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​អនុម័ត​សេចក្ដី​សម្រេច​មួយ និង​បញ្ជូន​ករណី​នេះ​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ ដូច្នេះ​យន្តការ​ដូច​នេះ​អាច​នឹង​បង្កើត​ឡើង​បាន»។

យន្តការ​ស្រដៀង​គ្នា​នេះ​ធ្លាប់​ត្រូវ​បាន​បង្កើត​រួច​មក​ហើយ​សម្រាប់​បញ្ហា​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

កាល​ពី​ខែ​មុន បេសកកម្ម​ស្វែង​រក​ការ​ពិត​របស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​របាយការណ៍​មួយ​ដោយ​សន្និដ្ឋាន​ថា មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​កាត់​ទោស​នាយ​អគ្គសេនាធិការ​យោធា​មីយ៉ាន់ម៉ា និង​មេបញ្ជាការ​យោធា​កំពូលៗ ៥ នាក់​ទៀត ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ប្រល័យ​ពូជ​សាសន៍​ដែល​ធ្វើ​ឡើង​ចំពោះ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា។

ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​ប្រហែល ៧ សែន​នាក់​បាន​រត់​គេច​ពី​មីយ៉ាន់ម៉ា​ទៅ​កាន់​ប្រទេស​បង់ក្លាដែស បន្ទាប់ពី​យោធា​មីយ៉ាន់ម៉ា​បាន​បើក​យុទ្ធនាការ​បង្ក្រាប​លើ​ពួក​បះបោរ​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​មក៕