ប្រធាន​សិទ្ធិ​មនុស្ស​ការពារ​ការ​ព្យួរ​ការងារ​​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទោះបី​ជា​ត្រូវ​បដិសេធ​ក៏ដោយ

  • Lisa Schlein

បេសកជន​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អ.ស.ប​ថ្មី​ លោក Zeid Ra'ad Al Hussein ថ្លែង​នៅ​ក្នុង​ពិធី​បើក​នៃ​កិច្ចប្រជុំ​លើក​ទី​២៧​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

បេសកជន​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លោក​ Zeid Ra'ad Al Hussein និយាយ​ថា​ លោក​នៅ​តែ​ប្រកាន់​ជំហរ​ចំពោះ​ការ​សំរេច​ចិត្ត​របស់​លោក​ក្នុង​ការ​ព្យួរ​មន្រ្តី​ជាន់​ខ្ពស់​របស់​អ.ស.ប​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​អំពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​កុមារ​នៅ​សាធារណៈ​រដ្ឋ​អាហ្រ្វិក​កណ្តាល។ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ​និយាយ​ថា​ មន្រ្តី​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​នោះ​បាន​បំពាន​បទបញ្ញត្តិ​របស់​អ.ស.ប​ដែល​មាន​គោល​បំណង​ការពារ​អត្តសញ្ញាណ​និង​សុវត្ថិភាព​របស់​ជន​រងគ្រោះ​ សាក្សី​ និង​អ្នក​ស៊ើបអង្កេត។

ការ​សម្រេច​ចិត្ត​របស់​បេសកជន​ពិសេស​ក្នុង​ការ​ព្យួរ​ការងារ​របស់លោក​ Anders Kompass ដែល​ជា​អ្នក​ធ្វើ​ឲ្យ​បែក​ធ្លាយ​ព័ត៌មាន​អ.ស.ប​ កាលពី​៣សប្តាហ៍​មុន​ បាន​ធ្វើឲ្យរឿងចម្រូង​ចម្រាស់​ចាប់​ផ្តើម។ លោក​ Kompass ​បាន​បញ្ចេញ​របាយការណ៍​សម្ងាត់​របស់​អ.ស.បឲ្យ​ទៅអាជ្ញាធរ​បារាំង​ដោយ​បាន​ចោទ​ប្រកាន់​ទាហាន​បារាំង​១៤នាក់​ដែល​មាន​តួនាទី​រក្សា​សន្តិភាព​នៅ​សាធារណៈ​រដ្ឋ​អាហ្រ្វិក​កណ្តាល​ ថា​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​ជាច្រើន​នាក់​ដែល​មាន​អាយុ​ចាប់​ពី​៨ឆ្នាំដល់​១៥ឆ្នាំ។

ការ​រំលោភបំពាន​ដែល​រង​ការ​ចោទប្រកាន់​នោះ​បាន​កើតឡើង​ក្នុង​រយៈពេល​៧ខែ​ ហើយ​បាន​បញ្ចប់​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ គឺ​ចាប់់​ពី​ខែ​ធ្នូ​ ឆ្នាំ២០១៣ ដល់​ខែ​មិថុនា ឆ្នាំ២០១៤។ ក៏​ប៉ុន្តែ​ គ្មាន​ករណី​ណាមួយ​ត្រូវ​បាន​គេ​ស៊ើបអង្កេត​នោះ​ទេ ​នៅ​មុន​ពេល​ដែលលោក​ Kompass ធ្វើ​ឲ្យ​បែកធ្លាយ​របាយការណ៍​នោះ។ តុលាការ​របស់​អ.ស.ប​បាន​កាត់​សេចក្តី​កាលពី​ថ្ងៃពុធ​ ទី៦ ​ខែឧសភា ឆ្នាំ២០១៥​ ដោយ​និយាយ​ថា​ ការ​ព្យួរ​ការងារ​របស់​លោក​ជា​រឿង​ «ខុស​ច្បាប់» ហើយ​បាន​បញ្ជា​ឲ្យ​អ.ស.ប​ផ្តល់​ការងារ​នោះ​ទៅ​ឲ្យ​ Kompass​ ដែល​មាន​សញ្ជាតិ​ស៊ុយអ៊ែត​ឡើង​វិញ។

បេសកជន​ពិសេស​លោក​ Zeid ​ប្រាប់​វីអូអេ​ថា​ ការិយាល័យ​របស់​លោក​បាន​អនុវត្ត​តាម​ការ​បង្គាប់​របស់​តុលាការ។

«វា​មិន​មែន​មាន​ន័យ​ថា​ យើង​ត្រូវ​តែ​ទទួល​យក​ហេតុផល​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​យើង​ទទួល​ស្គាល់​ថា ​យើង​ត្រូវ​តែ​ធ្វើ​តាម​ការ​បង្គាប់​របស់​តុលាការ។ ហើយ​ជា​ការ​ពិត ការ​យល់​ឃើញ​របស់​យើង​ជា​ផ្នែក​មួយ​នៃ​ការ​បញ្ជូន​រឿង​ក្តី​នេះ​ទៅ​ឲ្យ​តុលាការ។ ខ្ញុំ​មិន​បាន​សុំទោស​ដល់​លោក​ Anders Kompass ​ទេ។ ខ្ញុំ​គិត​ថា​ វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ណាស់​ ដែលបន្ទុក​នៃ​ការ​ទទួល​ខុស​ត្រូវក្នុង​កម្រិត​ណា​មួយ​នោះ​ស្ទើរ​តែធ្លាក់​ទៅ​លើ​អ.ស.ប​ទាំង​ស្រុង»។

បេសកជន​ពិសេស​រូប​នេះ​បាន​កត់​សម្គាល់​ថា វា​អាស្រ័យ​លើ​អាជ្ញាធរ​បារាំង​ទេ​ ​ដែលត្រូវ​ធ្វើ​ការ​ស៊ើបអង្កេតករណី​រំលោភបំពាន​ផ្លូវ​ភេទ​នៅ​សាធារណៈ​រដ្ឋ​អាហ្រ្វិក​កណ្តាល​នោះ​ ដោយ​សារ​តែ​ករណី​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ទាហាន​របស់​គេ។ វា​មិន​អាស្រ័យ​លើ​អ.ស.ប.​ទេ។

លោក​ Zeid​ និយាយ​ថា​ លោក​ជឿ​ថា មនុស្ស​ជាច្រើន​ដឹង​អំពី​អ្វី​ដែល​កំពុង​កើត​មាន​ ក៏​ប៉ុន្តែ​ ស្ថានភាព​នោះ​ត្រូវ​គេ​ឃើញ​កាន់តែ​ច្បាស់នៅ​ពេល​ដែល​អ.ស.ប ​ចងក្រង​ព័ត៌មាន​អំពី​ករណី​រំលោភ​បំពាន​ទាំង​នោះ​ ហើយ​ចុង​ក្រោយ​វា​ក៏​បាន​បញ្ឆេះ​ឲ្យ​មាន​ការ​ឆ្លើយ​តប។

លោក​និយាយ​ថា​ របាយការណ៍​ដែល​បែក​ធ្លាយ​នោះ​រួម​មាន​ឈ្មោះ​របស់​ក្មេងៗ​ដែល​ជា​ជន​រងគ្រោះ​ ហើយ​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​បារាំង​បាន​ប្រកាស​ជា​សាធារៈ​យ៉ាង​ហោច​ណាស់​អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​ម្នាក់​ដែរ។

«យើង​ប្រកាន់​គោលការណ៍​ថា ការ​បញ្ចេញ​ព័ត៌មាន​រសើប​ណា​មួយ​ ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​សាក្សី ​និង​ជន​រងគ្រោះ ​ជាពិសេស​លើ​ជន​រងគ្រោះ​ក្មេងៗ​ដែល​ត្រូវ​គេ​រំលោភ​បំពាន​ ត្រូវ​តែ​ផ្ទេរ​ បញ្ជូន​និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ត្រឹមត្រូវ។ ប្រសិន​បើ​មានការ​រក​ឃើញ​ថា​ វា​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​មិន​ត្រឹមត្រូវ​ អញ្ចឹង​វា​ច្បាស់​ណាស់​យើង​ត្រូវ​តែ​ពិនិត្យ​មើល​រឿង​នោះ»។

លោក ​Ander Kompass គឺជា​ប្រធាន​ប្រតិបត្តិការ​នៅ​នឹង​កន្លែង​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​ផ្នែក​សិទ្ធិ​មនុស្ស។ តុលាការ​របស់​អ.ស.ប​ដែល​បាន​លើក​លែង​ការ​ព្យួរ​ការងារ​របស់​លោក និយាយ​ថា ​ខ្លួន​បាន​ចូល​រួម​ចំណែក​ដើម្បី​ជៀសវាង​ការ​ខូចខាត​កេរ្តិ៍​ឈ្មោះ​របស់​លោក​បន្ថែម​ទៀត។

បេសកជន​ពិសេស​ លោក​ Zeid និយាយ​ថា លោក​បាន​ពិភាក្សា​ជា​មួយ​លោក Kompass យ៉ាង​យូរ កាល​ពី​ថ្ងៃ​សុក្រ​ ទី៨​ ខែឧសភា ដែល​ក្នុង​ពេល​នោះ​ មាន​ការ​យល់ព្រម​គ្នា​ថា​ ការងារ​របស់​ការិយាល័យ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ ហើយ​ថា​ ពួកគេ​នឹង​ធ្វើ​ជា​មួយ​គ្នា​ដោយ​មាន​កិច្ច​សហការ​ដើម្បី​បន្ត​ការងារ​នោះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ