ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​សិទ្ធិ​មនុស្ស​រិះគន់​ប៉ូលិស​ពី​បទ​រំលោភ​អ្នក​រកស៊ី​ផ្លូវភេទ


ភ្នំពេញ៖​ អង្គការ​សិទ្ធិ​មនុស្សបាន​ចេញ​ផ្សាយ​របាយ​ការណ៍​រិះគន់​ប៉ូលិស​អំពី​ការ​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​អ្នក​ប្រកប​មុខ​របរ​ផ្លូវភេទ​ដោយ​ខុស​ច្បាប់​ ​ព្រមទាំង​វាយដំ​ពួក​គេដោយ​កណ្តាប់ដៃ​ ដំបង​ឈើ​ ដំបង​ឆក់​ ​ ហើយ​ក្នុង​កាលៈទេសៈ​ខ្លះ ​ ​ប៉ូលិស​បាន​រំលោភ​សេព​សន្ថវៈ​លើ​ស្ត្រី​ប្រកប​មុខ​របរ​ផ្លូវភេទ​ នៅ​ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស។​ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ និង​បាន​ចាត់​ទុក​ថា ​របាយ​ការណ៍​នេះ​ជា​ការ​បន្តុះ​បង្អាប់​ប្រឆាំង​នឹង​អាជ្ញាធរ​ប៉ូលិស​ និង​រដ្ឋាភិបាល​កម្ពុជា។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ HRW​ បាន​និយាយ​នៅថ្ងៃ​អង្គារនេះ​ថា ​ពួក​អ្នក​ប្រកប​មុខរបរ​ផ្លួវភេទ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់​ដដែលៗ​ និង​ត្រូវ​បាន​នាំ​ខ្លួន​ដោយ​ប៉ូលិស​ទៅ​កាន់​មជ្ឈ​មណ្ឌល​ឃុំឃាំង​របស់​រដ្ឋាភិបាល​ ​ដែល​ពួកគេ​ប្រឈម​នឹង​ការ​វាយដំ​ ​ការ​ចាប់​រំលោភ​ផ្លូវ​ភេទ​ និង​ការ​ជម្រិត​ទារ​ប្រាក់។

អង្គការ​សិទ្ធិ​មនុស្ស​ HRW ​ដែល​មាន​មូលដ្ឋាន​នៅ​បូរី​ New York ​បាន​បញ្ជាក់​ថា​ ​ការ​ធ្វើ​សម្ភាសន៍​ជា​មួយ​ពួក​អ្នក​ប្រកប​មុខរបរ​ផ្លូវភេទ​ជាស្ត្រីច្រើន​ជាង​៩០​នាក់​ ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ​ខេត្ត​បាត់ដំបង​ ​ខេត្ត​បន្ទាយ​មានជ័យ​ និង​ខេត្ត​សៀមរាប ​បាន​រកឃើញ​ថា​ ​ពួកគេ​ត្រូវ​បាន​រំលោភ​ជា​ទៀងទាត់​ដោយ​ក្រុម​អាជ្ញាធរ។

របាយ​ការណ៍​ចំនួន​៧៦ទំព័រ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​រាយការណ៍​ថា​ ​ប៉ូលិស​បាន​វាយ​ដំ​ពួក​អ្នក​ប្រកប​មុខរបរ​ផ្លូវភេទ​ ដោយ​កណ្តាប់ដៃ​ ដំបងឈើ​ ដំបងឆក់​ ​ ហើយ​ក្នុង​កាលៈទេសៈ​ខ្លះ​ ប៉ូលិស​បាន​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ប្រកប​មុខរបរ​ផ្លូវភេទ​ នៅក្នុង​អំឡុង​ពេល​ដែល​ពួកគេ​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស។

លោកស្រី​ Elaine Pearson ​នាយក​ស្តីទី​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​HRW​បានថ្លែង​ថា​ អស់​រយៈពល​ជាយូរ​មក​ហើយ ​ ​ប៉ូលិស​និង​អាជ្ញាធរ​ដទៃ​ទៀត​ បាន​ចាក់​សោរ​បង្ខាំង​អ្នក​ប្រកប​មុខ​របរ​ផ្លូវភេទ​ដោយ​ខុសច្បាប់​ វាយដំ​ និងរំលោភ​លើ​ផ្លូវភេទ​របស់​ពួកគេ​ ​ហើយ​លួច​ប្រាក់ ​និង​ទ្រព្យ​សម្បត្តិ​ដែល​មាន​ជាប់​ខ្លួន​របស់​ពួកគេ។

លោកស្រី​បាន​បន្តថា​ ​ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បញ្ជា​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ ដោយ​ហ្មត់ចត់​និង​ឯករាជ្យ​ ​ចំពោះ​អំពើ​រំលោភ​ជា​ប្រព័ន្ធ​ទៅ​លើ​សិទ្ធិ​មនុស្ស​របស់​អ្នក​ប្រកប​មុខរបរ​ផ្លូវភេទ​ និង​ត្រូវ​បិទ​មជ្ឈមណ្ឌល​ ដែល​ជា​កន្លែង​ដែល​អ្នក​ប្រកប​មុខរបរ​ផ្លូវភេទ​ទទួល​រង​នូវ​អំពើ​រំលោភ​នេះ។

«យើង​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​បិទ​មជ្ឈមណ្ឌល​ដែល​ពួកអ្នក​ប្រកប​មុខរបរ​ផ្លូវភេទ​ត្រូវ​បាន​រំលោភ​ និង​ធ្វើការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ និង​ហ្មត់ចត់​នៅក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អ្នក​ប្រកប​មុខរបរ​ផ្លូវភេទ»។

របាយ​ការណ៍​របស់​អង្គការ ​HRW ​បាន​និយាយ​ថា​ ​ប៉ូលិស​រំលោភ​ស្ត្រី​ប្រកប​មុខរបរ​ផ្លូវភេទ​ដោយ​ គ្មាន​ទទួល​ការ​ផ្តន្ទា​ទោស​ឡើយ​ ​ហើយ​ស្ត្រី​ប្រកប​មុខរបរ​ផ្លូវភេទ​រាល់រូប​ដែល​បាន​ធ្វើ​សម្ភាសន៍​បាន​បង់ប្រាក់​សំណូក​ ឬ​ត្រូវ​ប៉ូលិស​លួច​ប្រាក់​របស់​ពួកគេ។

លោក​ឧត្តមសេនីយ៍​ឯក​ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ពីព្រោះ​របាយ​ការណ៍​នេះមិន​បាន​ប្រាប់​ឈ្មោះ​ប៉ូលិស​ ដែល​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​ទៅ​លើ​អ្នក​ប្រកប​មុខរបរ​ផ្លូវភេទ​នេះ​ឱ្យ​បាន​ច្បាស់​លាស់ទេ។

«ជា​គោលការណ៍​ ​យើង​បដិសេធរបាយការណ៍​នេះ​ ​ពីព្រោះ​របាយការណ៍​នេះមិនបាន​ប្រាប់​ឈ្មោះ​ប៉ូលិស​ណា​ទេ ប៉ុន្តែ​យើង​ស្វាគមន៍​ ប្រសិន​បើ​មាន​បញ្ចេញឈ្មោះប៉ូលិស​ពិត​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ ដើម្បី​ឱ្យ​យើង​មាន​មូលដ្ឋាន​ក្នុង​ការ​ស៊ើប​អង្កេត​ផង។​ បើ​របាយ​ការណ៍​និយាយ​ថា​ ​ប៉ូលិស​ យើង​មិន​ដឹង​ថា ​ប៉ូលិស​ណាទេ។​ ការ​លើក​ឡើង​ជា​រួមៗ​ គឺជាការ​បន្តុះ​បង្អាប់​សមត្ថកិច្ច​ប៉ូលិស​ទាំងមូល​តែម្តង»។

លោក​ឧត្តមសេនីយ៍​ឯក​ ខៀវ សុភ័គ ​បាន​បញ្ជាក់ថា​ ​របាយ​ការណ៍​នេះ​មាន​គោល​បំណង​បន្តុះ​បង្អាប់​ប៉ូលិស​កម្ពុជា​ ​ហើយ​ក្រសួងមហាផ្ទៃ​ និង​រដ្ឋាភិបាល​មិនអាច​ទទួល​យក​បាន​ទេ​នូវ​ការ​រិះគន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ​នេះ៕

XS
SM
MD
LG