ប្រធាន​សិទ្ធិ​មនុស្ស​អ.ស.ប.ថ្កោល​ទោស​ការ​មិន​ចាប់​អារម្មណ៍​ការ​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​ស៊ីរី

រូបឯកសារ៖ ក្រុម​ការងារ​ការពារ​ស៊ីវិល​ស៊ីរី កំពុង​ស្វែង​រក​មនុស្ស​ក្នុង​អាគារ​ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ទីក្រុង Aleppo កាល​ពីឆ្នាំ​២០១៦។

ប្រធាន​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ថ្កោល​ទោស​ការ​មិន​ចាប់​អារម្មណ៍​របស់​អន្តរជាតិចំពោះ​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​ឡើងនៅ​ក្នុង​ប្រទេស​ស៊ីរី ​ដោយ​បាន​ព្រមាន​ថា ​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រ​ហារ​តាម​អាកាស​លើ​ជន​ស៊ីវិល ​អាច​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ចាប់​តាំង​ពី​ចុង​ខែ​មេសា​មក ​របប​ស៊ីរី​ និង​រុស្ស៊ី ​បាន​បង្កើន​ការ​វាយ​ប្រហារ​ដ៏​ប្រ​ល័យ​លើ​តំបន់ ​Idlib ​ដែល​មាន​ពល​រដ្ឋ​រស់​នៅ​៣​លាន​នាក់ ហើយ​ក៏​ជា​ទីតាំង​ចុង​ក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ផ្នែក​ពាយព្យ​របស់​ប្រទេស​ស៊ីរី។

លោក​ស្រី ​Michelle Bachelet​ ស្នងការ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​របស់​អង្គការ​សហប្រ​ជាជាតិ​បាន​និយាយ​ថា ​លោក​ស្រី​មាន​ការ​ភ្ញាក់​ផ្អើលចំពោះ​ការ​មិន​ចាប់​អារម្មណ៍​របស់​អន្តរជាតិ​ដល់​ការ​កើន​ឡើង​នូវ​ចំនួន​ជន​ស៊ី​វិល​ដែល​ស្លាប់​បណ្តាល​មក​ពី​ការ​វាយ​ប្រហារ​នៅ​តំបន់​ Idlib ​នោះ។

លោកស្រី ​Bachelet ​បាន​បញ្ជាក់​ថា ​មន្ទី​រ​ពេទ្យ ​សាលា​រៀន ​ផ្សារ​និង​កន្លែង​ផ្សេង​ទៀត​បាន​រងការ​វាយ​ប្រហារ​តាម​អាកាស។

អង្គការ​សិទ្ធិ​មនុស្ស​ Syrian Observatory ​ដែល​ជា​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​ស៊ីវិល​ជាង​៧៣០​នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់ ​Idlib ​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ចាប់​តាំង​ពី​ចុង​ខែ​មេសា​មក​។

​ក្រុម​មន្រ្តី​អង្គការ​សហ​ប្រជាជាតិ ​បាន​ថ្កោល​ទោស​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការមិន​ចាត់​វិធានការ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​អំពី​ប្រទេស​ស៊ីរី​ដោយ​វិធានការ​ណ៍​ជា​ច្រើន​ដោយ​បាន​បោះ​ឆ្នោត​វ៉េតូ​ដោយ​ស៊ីរី​និង​រុស្ស៊ី៕