របាយ​ការណ៍​របស់​អ.ស.ប.អំពី​​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​បង្ហាញ​ក្តី​សង្ឃឹម​សម្រាប់​ឆ្នាំ​២០១៥

  • Lisa Schlein

របាយ​ការណ៍​ថ្មី​មួយ​របស់​អ.ស.ប.​មាន​ចំណង​ជើង​ថា​ «ស្ថាន​ភាព​សេដ្ឋកិច្ច​ពិភព​លោក​និង​សេចក្តី​សង្ឃឹម​សម្រាប់​ឆ្នាំ២០១៥»​ទស្សន៍​ទាយ​ថា​ នៅ​ឆ្នាំ​នេះ​សេដ្ឋកិច្ច​សាកល​នឹង​​មាន​កំណើន​៣,១​ភាគ​រយ​ និង​៣,៣​ភាគរយ​ក្នុង​ឆ្នាំ២០១៦។​

ក្រុម​អ្នក​ជំនាញ​សេដ្ឋ​កិច្ច​អ.ស.ប.​ព្រមាន​ថា កត្តា​ខាង​ភូមិសាស្ត្រ​នយោបាយ​ ដូច​ជា​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​ការ​រាតត្បាត​នៃជំងឺ​ អ៊ីបូឡា (Ebola) នៅ​ក្នុង​ប៉ែក​ខាង​លិច​នៃទ្វីប​អាហ្វ្រិកជា​ដើម​អាច​ធ្វើឲ្យមាន​បញ្ហា​ដល់​សេដ្ឋកិច្ច​សាកល​ ដែល​បាន​បង្ហាញ​សញ្ញា​នៃ​ភាព​ល្អ​ប្រសើរ​ជាង​មុន​គួរ​សម។​ របាយ​ការណ៍​ថ្មី​មួយ​របស់​អ.ស.ប.​មាន​ចំណង​ជើង​ថា​ «ស្ថាន​ភាព​សេដ្ឋកិច្ច​ពិភព​លោក​និង​សេចក្តី​សង្ឃឹម​សម្រាប់​ឆ្នាំ២០១៥»​ទស្សន៍​ទាយ​ថា​ នៅ​ឆ្នាំ​នេះ​សេដ្ឋកិច្ច​សាកល​នឹងមាន​កំណើន​៣,១​ភាគ​រយ​ និង​៣,៣​ភាគរយ​ក្នុង​ឆ្នាំ២០១៦។​

សេដ្ឋកិច្ច​សាកល​មាន​កំណើន ក៏​ប៉ុន្តែ​សេចក្តី​រាយ​ការណ៍​របស់​អ.ស.ប.​ព្រមាន​ថា​ ភាព​មិន​ទៀងទាត់​ជា​ច្រើន​អាច​ប្រែក្រទ្បះ​និន្នាការ​វិជ្ជមាន​នេះ​បាន។​

របាយ​ការណ៍កត់​សម្គាល់​ថា ​សេដ្ឋកិច្ច​សាកល​បាន​រីក​ចម្រើន​ក្នុង​ឆ្នាំ​២០១៤​តាម​ល្បឿន​គួរសម។សេចក្តី​រាយ​ការណ៍​បាន​បន្ត​ថា​ ការ​លូតលាស់​ពាណិជ្ជ​កម្ម​មាន​ការ​រីក​ចម្រើនគួរ​សម​ចំនួន​៤,៧​ភាគរយ​នៅ​ឆ្នាំ​នេះ។​ របាយ​ការណ៍​បាន​ចែង​ថា ​គេ​រំពឹង​ថា​ ​ប្រាក់​ដុល្លារ​អាមេរិកាំង​នឹង​នៅ​តែ​មាន​និន្នាការ​គ្រប​ដណ្តប់​លើ​ផ្សារ​ប្តូរ​ប្រាក់​បរទេសត​ទៅ​មុខ​ទៀត។​

សេចក្តី​រាយ​ការណ៍​នេះ​ក៏​បាន​រក​ឃើញ​ថា ​ការ​រើប​ទ្បើង​វិញ​ខាង​សេដ្ឋ​កិច្ច​កាល​ពី​ឆ្នាំ​ទៅ​មិញ​មាន​ភាព​ខុសគ្នា​ច្រើន​ក្នុង​ចំណោមប្រទេស​អភិវឌ្ឍន៍។​ ស.រ.អា.​បាន​នាំ​មុខ​គេ​ក្នុង​ការ​រើប​ទ្បើងវិញ​នៃ​សេដ្ឋ​កិច្ច​នេះ​ ដោយ​មាន​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​លើស​ពី​២​ភាគ​រយ​ក្នុង​ឆ្នាំ​២០១៤​ ចំណែក​ឯស្ថានភាព​សេដ្ឋ​កិច្ច​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​មាន​ភាព​មិន​ទៀង ជាពិសេស​នៅ​ក្នុង​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ។​

របាយ​ការណ៍​នេះ​របស់​អ.ស.ប.​បាន​និយាយ​ថា​ ប្រទេស​ជប៉ុន​មាន​កំណើន​សេដ្ឋ​កិច្ចមិន​ច្រើន​ទេ​នៅ​ឆ្នាំ​នេះ​ ពី​ព្រោះ​ជំនួយ​ផ្នែក​សារ​ពើ​ពន្ធ​និង​ការ​បន្ធូរ​បន្ថយ​ខាង​ប្រាក់​កាស​មាន​ភាព​ទន់​ខ្សោយ​ ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក។​

លោក​ Alfredo Calcagno ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​សន្និសីទអ.ស.ប.​ស្តី​ពី​ពាណិជ្ជ​កម្ម​និង​ការ​អភិវឌ្ឍ​ និយាយ​ថា កម្មវិធី​ចាយ​វាយ​ត្បិត​ត្បៀត​រារាំង​ការ​រើប​ទ្បើង​វិញ​នៃ​សេដ្ឋកិច្ច​ ក៏​ប៉ុន្តែ​អ្វី​ដែល​លោក​ហៅ​ថា​ឱសថ​នៃ​ការ​ត្បិត​ត្បៀត​ខាង​សារពើ​ពន្ធ​បាន​ក្លាយ​ជា​ប្រយោជន៍​មួយ​សម្រាប់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ខ្លះ។

«តើ​ជា​ការ​មាន​សុទិដ្ឋិនិយម​ខ្លាំង​ពេក​ឬ​ទេ ​ដែលនិយាយ​ថា​ ឱសថ​នេះ​មាន​ប្រសិទ្ធ​ភាព​តិច​ជាង​មុននោះ? វាមិន​មានន័យ​ ក្នុង​ន័យ​ថា​ ការណ៍​នេះ​បាន​កើត​មាន​រួច​ស្រេ​ច​ទៅ​ហើយ​ទេ។​ តែ​វាមានន័យថា ​យើង​ត្រូវ​ការ​ឲ្យមាន​ការ​លើក​កម្លាំង​ខាង​សារ​ពើ​ពន្ធ​ថែម​ទៀត​ ជាជាង​ការ​បន្ទាប​ការ​ត្បិតត្បៀត​ខាង​សារ​ពើពន្ធ។ ​ហើយ​ប្រទេស​ក្រិក​ ដែល​អ្នកស្រី​បាន​និយាយ​យោង​នោះ​គឺ​ជា​ឧទាហរណ៍​មួយ។ ​លោក​អ្នក​មិន​អាច​ដោះស្រាយ​វិបត្តិ​ជំពាក់​បំណុល​ដោយ​គ្មាន​កំណើន​សេដ្ឋកិច្ច​ទេ»។​

សេចក្តី​រាយ​ការណ៍​ក៏​បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ​សន្ទុះ​នៃ​ការ​លូត​លាស់​ទូទៅ​នៅ​ក្នុង​ទ្វី​ប​អាហ្វ្រិកនឹង​មាន​តទៅ​ទៀត​ ដោយ​គេ​រំពឹង​ថា ​កំណើន​នៃ​ផលិត​ផល​សរុប​ក្នុង​ប្រទេស​នឹង​ទ្បើង​ដល់​៤,៦​ភាគ​រយ​ក្នុង​ឆ្នាំ​២០១៥​ និង​៤,៩​ភាគ​រយ​ក្នុង​ឆ្នាំ​២០១៦។​

លោក​ Calcagno ​និយាយ​ថា​ ដោយ​សារមាន​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ ​បណ្តា​ប្រទេស​ផលិត​ប្រេង​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ទ្វីប​អាហ្វ្រិក មាន​ស្ថានភាព​សេដ្ឋ​កិច្ច​មិន​សូវ​ល្អ​ដូចបណ្តាប្រទេស​នៅប៉ែក​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក ដូច​ជា​ប្រទេសអេត្យូពី​ កេនយ៉ា​ និងអ៊ូហ្កាន់ដា​ទេ។

«នៅ​ក្នុង​ប្រទេស​ទាំង​នេះ​ អ្វី​ដែល​លោក​អ្នក​មាន​គឺ​វិនិយោគ​ក្នុង​វិស័យ​ឯ​ទៀតៗ​ដូច​ជា​ទូរគមនាគមន៍ ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ដើម។​ លោក​អ្នក​មាន​ប្រជាជន​ថ្នាក់កណ្តាល​ដែល​មាន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន​ ហើយ​ដែល​មាន​សេចក្តី​ត្រូវការ​ច្រើន​ជាង​មុន​ដែរ»។​

របាយ​ការណ៍និយាយ​ថា​ ផ្នែក​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក​នឹង​នៅ​តែ​ជា​តំបន់​ដែល​មាន​កំណើន​ច្រើន​ជាង​គេ​បំផុត​ ដោយ​មាន​ការ​រីក​ចម្រើន​ជាង​៦​ភាគ​រយ។​

លោក ​Jose Palacin ​មន្ត្រី​ជាន់ខ្ពស់​ខាង​កិច្ចការ​សេដ្ឋ​កិច្ច​នៃ​គណៈកម្មការ​សេដ្ឋ​កិច្ច​របស់​អ.ស.ប.​សម្រាប់​អឺរ៉ុប​ និយាយ​ថា​ សេដ្ឋ​កិច្ច​អឺរ៉ុប​មាន​ការ​រើប​ទ្បើង​វិញ​គួរ​សម​ត​ទៅ​ទៀត​ ក៏​ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​ ភាព​តាន​តឹង​នៅ​អ៊ុយក្រែន​និង​គ្រោះថ្នាក់​ឯទៀតៗ ​អាច​ធ្វើ​ឲ្យ​អឺរ៉ុប​ធ្លាក់​ទៅ​ក្នុង​ដំណើរ​ការ​សេដ្ឋ​កិច្ច​មិន​ទៅ​មុខ។​

«នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ​ការ​បណ្តាក់​ទុន​បាន​ចុះ​ថយ​ដោយសារ​កំណើន​សោហ៊ុយ​នៃ​ការ​ផ្តល់​ប្រាក់កាស​និង​ភាព​មិន​ទៀងទាត់​ទាក់ទង​ជាមួយ​ការ​ដាក់​ទណ្ឌកម្ម​របស់បស្ចឹម​ប្រទេស។​ នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ផលិត​ផល​សរុប​ក្នុង​ប្រទេស​ក៏​បាន​ចុះ​ថយ​ច្រើន​ដែរ ​ពី​ព្រោះ​ជម្លោះ​នៅ​ក្នុង​ប៉ែក​អាគ្នេយ៍​ប្រទេស​មាន​ផល​ប៉ះពាល់​លើ​សកម្ម​ភាព​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់​ឧស្សាហ​កម្ម​ក្រុង​ Donetsk ​និង​ Luhansk ​ហើយ​បាន​ធ្វើឱ្យ​វិនិយោគ​ចុះថយ»។​

របាយការណ៍​នេះ​និយាយថា​ សេចក្តី​រំពឹងថា​ សេដ្ឋកិច្ច​នៅ​ក្នុង​អតីត​រដ្ឋ​នៃ​ សហ​ភាព​សូវៀត​មាន​ភាព​ខ្សោយ ​ដោយ​គេ​រំពឹង​ថា ​មាន​កំណើន​សេដ្ឋកិច្ច​ទេ​នៅ​ក្នុង​ប្រទេស​នោះ។​

សេចក្តី​រាយ​ការណ៍​នេះ​ចែង​ថា​ វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ លីប៊ី​ និង​ស៊ីរី​កំពុង​បង្អាក់​ការ​អភិវឌ្ឍខាង​សេដ្ឋ​កិច្ច​ និង​ខាងធនធានមនុស្ស ​ដែល​ជា​ប្រភព​ធំៗ​នៅ​សេស​សល់​ពី​ភាព​មិន​ទៀង​ទាត់​នៅ​ក្នុង​តំបន់​នោះ៕​

​ប្រែ​សម្រួលដោយ៖ ឈឹម​ សុមេធ