របាយការណ៍ថ្មីមួយដែលគេដាក់បង្ហាញទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានចោទប្រទេសមីយ៉ាន់ម៉ា ថាមានការរើសអើងជាប្រព័ន្ធ និងបានធ្វើទុក្ខបុកម្នេញជាយូរមកហើយទៅលើពួកជនអំបូររ៉ូហ៊ីងយ៉ា ខណៈដែលអ្នកតំណាងរបស់រដ្ឋាភិបាលម្នាក់កំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតិ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
អ្នកស៊ើបអង្កេតពិសេសអំពីស្ថានការសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា លោកស្រី Yanghee Lee ទទួលស្គាល់ថា រដ្ឋាភិបាលថ្មីទើបតែឡើងកាន់អំណាចតែមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកស្រីបានកត់សម្គាល់ថា មានការរំលោភលើសិទ្ធិមនុស្សច្រើនលើសលប់ ដែលត្រូវតែដោះស្រាយជាបន្ទាន់។
លោកស្រី Lee បានថ្លែងថា ការសងសឹកលើក្រុមអ្នកការពារសិទ្ធិមនុស្សនិងការគាបសង្កត់លើសំឡេងប្រឆាំង តាមរយៈការចាប់ខ្លួននិងការចាប់ដាក់គុក គឺជាការព្រួយបារម្ភយ៉ាងធំមួយ។
ការវាយតម្លៃរបស់លោកស្រី Lee ដែលបានធ្វើឡើងក្រោយរបាយការណ៏មួយទៀត របស់ការិយាល័យសិទ្ធិមនុស្សរបស់អ.ស.ប ចេញផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ដែលបានកត់ត្រាសកម្មភាពហិង្សារបស់កងកម្លាំងសន្តិសុខនៃប្រទេសមីយ៉ាន់ម៉ា ដែលកើតឡើងដោយសារមានការសម្លាប់មន្ត្រីប៉ូលិស៩នាក់កាលពីខែតុលា ដោយក្រុមបុរសប្រដាប់អាវុធដែលបានវាយប្រហារលើទីតាំងប៉ូលិសយាមព្រំដែន៣កន្លែង ក្នុងខេត្ត Rakhine៕