របាយការណ៍អ.ស.ប៖ ការបិទ​សកម្មភាព​សង្គម មិន​ជួយ​ទប់ស្កាត់​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទេ

  • Lisa Schlein

រូបឯកសារ៖ លោក Petteri Taalas អគ្គលេខាធិការ​អង្គការ WMO បាន​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ដែល​គេ​ស្គាល់​ថា COP25 នៅ​ទីក្រុង​ម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

អង្គការ​ឧតុនិយម​ពិភពលោក​ (WMO) បាន​រាយការណ៍​ថា ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ក្នុង​បរិយាកាស​បន្ត​ឈាន​ដល់​កម្រិត​កំណត់ត្រា​ ទោះ​បី​ជា​មាន​ការ​បិទ​សកម្មភាព​សង្គម​ដោយសារ​ជំងឺ​កូវីដ១៩​ក្តី។ កាលពី​ចុង​ខែ​វិច្ឆិកា អង្គការ​ WMO បាន​ចេញ​ផ្សាយ​ព្រឹត្តិបត្រ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រចាំ​ឆ្នាំ​ស្តីពី​កំហាប់​កាបូនឌីអុកស៊ីត​ក្នុង​បរិយាកាស និង​ឧស្ម័ន​ផ្ទះ​កញ្ចក់​សំខាន់ៗ​ផ្សេង​ទៀត។

វិធានការ​បិទ​សកម្មភាព​សង្គម​ដោយសារ​តែ​ជំងឺ​កូវីដ១៩​ បាន​កាត់​បន្ថយ​កម្រិត​បំពុល​ខ្យល់​នៅ​ក្នុង​ក្រុង​សំខាន់ៗ​ក្នុង​ប្រទេស​ឥណ្ឌា ចិន និង​កន្លែង​ផ្សេងៗ​ទៀត។ ទោះ​ជា​យ៉ាង​នេះ​ក្តី អង្គការ WMO បាន​ឲ្យ​ដឹង​ថា វិធានការ​នេះ​ បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​កើន​ឡើងដោយ​ឥតឈប់ឈរ​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ធ្វើ​ឱ្យ​បង្កើន​កម្តៅ​ក្នុង​បរិយាកាស និង​បង្កើន​ល្បឿន​នៃ​ការ​ឡើង​កម្តៅ​ភព​ផែនដី។​

ការ​កើន​ឡើង​សីតុណ្ហភាព​ កំពុង​បង្ក​ឱ្យ​មាន​ហេតុការណ៍​អាកាសធាតុ​ហួសហេតុជ្រុល​ ការ​រលាយ​ទឹកកក ការ​កើន​ឡើង​កម្រិត​សមុទ្រ និង​ការ​កើន​ឡើង​ជាតិ​អាស៊ីត​នៅ​ក្នុង​ទឹក​សមុទ្រ។ លោក Petteri Taalas អគ្គលេខាធិការ​អង្គការ WMO បាន​និយាយ​ថា ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ មិន​មែន​ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​បម្រែបម្រួល​អាកាសធាតុទេ​។ ខណៈ​ដែល​ការ​បញ្ចេញ​កាបូន​ឌីអុកស៊ីត​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​បិទ​សកម្មភាព​សង្គម​នេះ លោក​អគ្គលេខាធិការ​បាន​ប្រាប់ VOA ថា ការណ៍​នេះ នឹង​មាន​ផលប៉ះពាល់​តិចតួច​ណាស់​ទៅ​លើ​ការ​កើន​ឡើង​កម្តៅ​ភពផែនដី និង​ការ​បម្រែបម្រួល​អាកាសធាតុ។

លោក​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា «នៅ​ឆ្នាំ​នេះ យើង​បាន​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​នេះ​ចន្លោះ​ពី ៤ ទៅ ៧ ភាគរយ ដោយសារ​តែ​ការ​បិទ​សកម្មភាព​សង្គម​ដោយសារ​ជំងឺ​កូវីដ១៩ ប៉ុន្តែ​នេះ​នឹង​មិន​ផ្លាស់ប្តូរ​ទិដ្ឋភាព​ជារួម​នោះ​ទេ ដោយសារ​តែ​វត្តមាន​របស់​កាបូន​ឌីអុកស៊ីត​នៅ​ក្នុង​បរិយាកាស​មាន​រយៈពេល​យូរ​ណាស់»។

កាបូន​ឌីអ៊ុកស៊ីត​ស្ថិត​នៅ​ក្នុង​បរិយាកាស​យ៉ាង​ច្រើន​សតវត្សរ៍​ ហើយ​ស្ថិត​នៅ​ក្នុង​សមុទ្រ​កាន់​តែ​យូរ​ជាង​នេះ។ អ្នកស្រី Oksana Tarasova ដែល​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​បរិស្ថាន និង​បរិយាកាស​និយាយ​ថា អត្រានៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បច្ចុប្បន្ន​ គឺ​មាន​ល្បឿន​លឿន​ខ្លាំង​ណាស់។

អ្នកស្រី​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា «យើង​បាន​ឃើញ​ការ​ផ្លាស់ប្តូរ​ទាំង​នេះ ប៉ុន្តែ​ការ​ផ្លាស់ប្តូរ​ទាំង​នោះ​បាន​កើត​ឡើង​រួច​ហើយ នៅ​ពេល​ដែល​អាកាសធាតុ​ទាំង​មូល​ផ្លាស់ប្តូរ​ពី​បរិយាកាស​ដែល​មាន​ភាព​ត្រជាក់​ទៅ​បរិយាកាស​កណ្តាល ហើយ​ការណ៍​នេះ​បាន​កើត​ឡើង​ចន្លោះ​ពី ១០០ ទៅ ២០០ ឆ្នាំ។ មនុស្ស​យើង​បាន​ធ្វើ​រឿង​នេះ គ្រាន់​តែ​ជាមួយ​នឹង​ការ​បញ្ចេញ​ឧស្ម័ន​ប៉ុណ្ណោះ។ យើង​បាន​ធ្វើ​រឿង​នេះ​ក្នុង​រយៈពេល​ ៤ ឆ្នាំ»។

កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ ឆ្នាំ២០១៦ មាន​បំណង​កម្រិត​ការ​កើន​ឡើង​សីតុណ្ហភាព​សាកលលោក​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ ១,៥ អង្សាសេ​លើ​កម្រិត​មុន​យុគឧស្សាហកម្ម​នៅ​ត្រឹម​ឆ្នាំ ២០៥០។ លោក Taalas និយាយ​ថា វា​ទំនង​ថា គេ​មិន​អាច​ឈាន​ដល់​គោលដៅ​នេះ​បាន​ទេ​នៅ​ពេល​នោះ។ លោក​និយាយ​ថា ប្រទេស​ចិន សហភាព​អឺរ៉ុប ជប៉ុន និង​កូរ៉េខាងត្បូង​បាន​ប្តេជ្ញា​ចិត្ត​ដើម្បី​ក្លាយ​ជា​ប្រទេស​មិន​មាន​ឧស្ម័ន​កាបូន​នៅ​ត្រឹម​ឆ្នាំ ២០៦០។​

ប្រទេស​ទាំង​នេះ​ទទួល​ខុសត្រូវ​លើ​ការ​បញ្ចេញ​ឧស្ម័ន​សាកលលោក​ចំនួន​ ៥០%។ មន្ត្រី​អង្គការ​សហប្រជាជាតិ​និយាយ​ថា ពួកគេ​រំពឹង​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ចូ បៃដិន (Joe Biden) ដែល​ជា​អ្នក​ឈ្នះ​ក្នុង​ការ​ឆ្នោត​សហរដ្ឋអាមេរិក​ នឹង​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ស្រដៀង​គ្នា​នេះ​ដែរ៕