អ.ស.ប​អំពាវនាវ​ជាថ្មី​ឲ្យ​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ

រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត​ (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

​​សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​លោក​ស្រី ​រ៉ូណា ស្មីត ​បាន​លើក​ពី​កង្វល់​​អំពី​សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​​ពល​រដ្ឋ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​ទាំង​កង្វល់​អំពី​ការរារាំង​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួ​ល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​អំពាវនាវ​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ឲ្យ​ធានា​ដល់​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ក្រោយ​ពី​រក​ឃើញ​ថា​ បញ្ហា​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រឈម​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ​ចំពេល​ដែលលោក​ស្រី​ត្រូវ​ថ្លែង​ការណ៍​ពី​របាយការ​ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទៅ​កាន់​កិច្ច​ប្រជុំ​លើក​ទី​៤២​នៃ​ក្រុម​ប្រឹក្សា​អង្គការ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង​ហ្ស៊ឺណែវ ​ប្រទេស​ស្វ៊ីស ​លោក​ស្រី រ៉ូណា ស្មីត​ (Rhona Smith)​ លើក​ឡើង​ថា​ «វា​ដល់​ពេលត្រូវ​កំណត់​ឡើង​វិញ​អំពី​សិទ្ធិ​និង​សេរីភាព​នៅ​កម្ពុជា»។

សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​លោក​ស្រី ​រ៉ូណា ស្មីត ​បាន​លើក​ពី​កង្វល់អំពី​សិទ្ធិ​នយោបាយ​ និង​សិទ្ធិពល​រដ្ឋនៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​ទាំង​កង្វល់​អំពី​ការរារាំង​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រី​សង្កត់​ធ្ងន់​ថា ​«សិទ្ធិ​មនុស្ស​គឺ​និយាយ​អំពី​ពល​រដ្ឋ​ មិន​មែន​អំពី​នយោបាយ​នោះ​ទេ»។​

អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ដដែល​បានយោង​ដោយ​មិន​បង្ហាញ​ចំៗ​ទៅ​ដល់​ការ​ឆក់​យក​អាសនៈ​និង​តួនាទី​របស់​មេឃុំ​និង​ចៅសង្កាត់​រួម​ទាំង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ក្រោយ​ពីការ​រំលាយ​គណបក្ស​នេះ​កាល​ពី​ចុង​ឆ្នាំ​ ២០១៧។

លោកស្រី​លើក​ឡើង​ថា​អ្នក​បោះឆ្នោត​ចំនួន​៤២​ភាគរយ​ បាន​បោះឆ្នោត​ឲ្យ​គណបក្សសង្គ្រោះជាតិ​នៅ​ថ្នាក់​មូល​ដ្ឋាន​ ហើយ​សំឡេង​នេះ​នៅ​តែ​ត្រូវ​ទាត់​ចោល​និង​មិនមាន​ដំណោះ​ស្រាយ។

​ជាមួយ​គ្នា​នេះ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ដដែល​បាន​ជំរុញ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ដោះ​លែង​និង​ទម្លាក់​ចោល​ ការ​ចោទ​ប្រកាន់​លើលោក​កឹម សុខា​ អតីត​ប្រធាន​គណបក្សសង្គ្រោះជាតិ​ដែល​ត្រូវ​រំលាយ​និង​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​ចាប់​ឃាត់​ខ្លួន​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ជាង​១០០​នាក់។

លោក ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​និង​លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ល្ងាចថ្ងៃ​ពុធនេះ។

​លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ បាន​ប្រាប់​ VOA ដោយ​លោក​បាន​យល់ស្របទៅ​នឹងសេចក្តី​ថ្លែង​ការណ៍​របស់​លោកស្ រី​រ៉ូណា ស្មីតដែរ។

«ខ្ញុំ​យល់ស្រប​ទាក់ទង​នឹង​បញ្ហា​នេះ ​ពីព្រោះ​កន្លង​មក​នៅ​ប្រទេស​កម្ពុជា​យើង​តាម​ខ្ញុំ​កត់សម្គាល់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ២០១៨​មក គឺ​លំហ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ហ្នឹង​ វា​មាន​កម្រិត​នៅ​ពេល​ដែល​ប្រទេស​យើង​ហ្នឹង​ជាប់​គាំង​វិបត្តិ​នយោបាយ»។

ដើម្បី​លើក​កម្ពស់​លំហ​លទ្ធិប្រជាធិបតេយ្យ​ និង​លុប​បំបាត់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា លោក​ អំ សំអាត​បាន​លើកឡើង​ថា អ្នកនយោបាយ​ត្រូវ​វិល​មក​រក​តុចរចា​ និង​ធ្វើការ​រួម​គ្នា​ដោយ​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ និង​ពលរដ្ឋ​ជា​ធំ។

សូម​បញ្ជាក់​ថា​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ស្រី ​រ៉ូណា ស្មីត ធ្វើ​ឡើង​ស្រប​ពេល​ដែល​ការ​ចាប់​ខ្លួន​សកម្ម​ជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ត។ យោង​តាម​របាយការណ៍​ចុងក្រោយ​អ្នកគាំទ្រអតីត​បក្ស​ប្រឆាំង​នេះ​ប្រមាណ​៣០​នាក់​ហើយ​ត្រូវ​ចាប់​ឃុំ​ខ្លួន​រហូតមក​ទល់​ពេល​នេះ។

បន្ថែម​ពី​នោះ​ទៀតអតីត​ចៅ​សង្កាត់​ជ្រោយ​ចង្វា​របស់​អតីត​បក្ស​នេះ​មួយ​រូប​ទទួល​រង​ការ​វាយ​ប្រហារ​ឲ្យ​មាន​របួស​ត្រង់​ដៃ​ដោយ​ជន​មិន​ស្គាល់​មុខ ក្នុង​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​។ ហើយ​ការ​វាយ​ប្រហារ​នេះ​បាន​កើតឡើង​ក្រោយ​ពី​ជន​មិន​ស្គាល់​មុខ​ពីរនាក់​ផ្សេង​ទៀត​បាន​វាយ​សំពង​បំបែក​ក្បាល​អតីត​កង​ការពារ​លោក​សម រង្ស៊ី ​ម្នាក់​កាល​ពី​ចុង​សប្តាហួ​កន្លង​ទៅ៕