នាយកទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិបាននិយាយ កាលពីថ្ងៃទី១៤ ខែមករា ថាលោកនៅតែ «បារម្ភយ៉ាងខ្លាំង» អំពីស្ថានភាពមនុស្សធម៌នៅតំបន់ Tigray ក្នុងប្រទេសអេត្យូពី ដែលចំនួនជនភៀសខ្លួនអេរីត្រេនៅទីនោះ ស្ថិតក្នុងហានិភ័យ។
លោក Filippo Grandi ស្នងការជាន់ខ្ពស់សម្រាប់ជនភៀសរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលដែលជំនួយនិងស្បៀងអាហារត្រូវបានចែកចាយទៅកាន់ជំរំជនភៀសខ្លួនមួយចំនួនក្នុងតំបន់ បុគ្គលិកផ្នែកជំនួយមិនអាចចូលទៅកាន់ជំរំយ៉ាងតិចចំនួនពីរ តាំងពីភាពវឹកវរបានផ្ទុះឡើងពីរខែមុន។
«ខ្ញុំពិតជាបារម្ភអំពីសុវត្ថិភាពនិងសុខមាលភាពរបស់ជនភៀសខ្លួនអេរីត្រេក្នុងជំរំទាំងនោះ។ ពួកគេបានរស់នៅដោយគ្មានជំនួយណាសោះអស់ប៉ុន្មានសប្តាហ៍មកហើយ។ មិនតែប៉ុណ្ណោះ ការព្រួយបារម្ភខ្លាំងបំផុតនោះ គឺខ្ញុំបន្តទទួលបានរបាយការណ៍គួរឲ្យទុកចិត្តមួយចំនួននិងសាក្សីផ្ទាល់អំពីអសន្តិសុខ និងការចោទប្រកាន់អំពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងគួរឲ្យបារម្ភ រួមមានការសម្លាប់ ការចាប់ពង្រត់និងបង្ខំឲ្យវិលត្រឡប់មកប្រទេសអេរីត្រេវិញ។
ជនភៀសខ្លួនអេរីត្រេប្រមាណ ៩៦,០០០ នាក់ បានរស់នៅក្នុងជំរំចំនួនបួនក្នុងតំបន់ Tigray មុននឹងជម្លោះក្នុងប្រទេសអេត្យូពីបានផ្ទុះឡើង កាលពីខែវិច្ឆិកា។ មនុស្សជាច្រើនបានរត់គេចពីអំពើហិង្សាទៅប្រទេសស៊ូដង់ ឬផ្នែកផ្សេងទៀតក្នុងប្រទេស ដែលរួមមានរដ្ឋធានីអាឌីសអាបេបាផងដែរ។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា រដ្ឋាភិបាលសហព័ន្ធប្រទេសអេត្យូពីបានបង្កើតអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការពង្រឹងច្បាប់» មួយប្រឆាំងនឹងបណ្តាមេដឹកនាំ «បញ្ឆោត» ទាំងឡាយនៃគណៈបក្សកាន់អំណាចរណសិរ្សរំដោះប្រជាជន Tigray (TPLF) បន្ទាប់ពីយុទ្ធជននៃគណបក្សនេះបានវាយប្រហារបន្ទាយយោធាសហព័ន្ធមួយ។ មេដឹកនាំនៃ TPLF បានហៅការឆ្លើយតបរបស់រដ្ឋាភិបាលសហព័ន្ធជាសង្គ្រាមមួយ ប្រឆាំងនឹងប្រជាជន Tigray។
ជម្លោះបានផ្ទុះឡើងជាច្រើនសប្តាហ៍បន្ទាប់ពីតំបន់ Tigray បានរៀបចំការបោះឆ្នោតក្នុងតំបន់ក្នុងការប្រឆាំងនឹងរដ្ឋាភិបាលសហព័ន្ធ។
ប្រជាជនប្រមាណ ៥០,០០០ នាក់ពីតំបន់នោះបានរត់គេចទៅកាន់ប្រទេសស៊ូដង់ ដែលនៅជិតខាង ហើយមនុស្សជាង ១០,០០០ នាក់ផ្សេងទៀត ត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេសតាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ