អ.ស.ប​ដាក់​សម្ពាធ​លើ​សហភាព​អាហ្វ្រិក​ឲ្យ​មាន​កងកម្លាំង​រក្សា​សន្តិភាព​នៅ​ប៊ូរុនឌី

លោក​ប្រធានាធិបតី Pierre Nkurunziza (កណ្តាល) បាន​ប្រកាស​ថា លោក​នឹង​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​អាណត្តិ​ទី​បី​ទៀត។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន គីមូន (Ban Ki-moon) មាន​ប្រសាសន៍នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មេដឹកនាំ​អាហ្វ្រិក​មិន​អាច​រង់ចាំ​តទៅទៀត​ទេ ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​នៅក្នុង​ប្រទេស​ប៊ូរុនឌី។ លោក​ថ្លែង​ថា នៅ​ពេល​ដែលពេលវេលា​ចេះ​តែ​កន្លង​ទៅ​ប្រជាជន​កាន់​តែ​ច្រើន​ថែម​ទៀតនឹង​ស្លាប់​នៅក្នុង​ប្រទេស​នោះ។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​មួយ​របស់​មេដឹកនាំ​អាហ្វ្រិក​នៅ​ក្នុង​ប្រទេសអេត្យូពី ប្រធាន​អង្គការ​សហប្រជាជាតិ​រូប​នេះ​ បាន​ហៅ​ស្ថានការណ៍​នេះ ថា​ជា ​បញ្ហា​សិទ្ធិ​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស។

លោក​បាន គីមូន​បាន​មាន​ប្រសាសន៍​ថា «វា​ជា​បញ្ហា​នៃ​ភាព​បន្ទាន់ ដែល​ខ្ញុំ​កំពុង​ជំរុញ​ឲ្យ​មេដឹកនាំ​អាហ្វ្រិក ធ្វើ​សកម្មភាព​ ដោយ​មាន​សំឡេង​តែ​មួយ ហើយ​ជាពិសេស​កំពុង​ជំរុញ​ប្រធានាធិបតី​ប៊ូរុនឌី លោក​ Pierre Nkurunziza និង​រដ្ឋាភិបាល​របស់​លោក​ឲ្យ​ស្តាប់​យ៉ាង​យកចិត្តទុកដាក់​ និង​ចូលរួម​នៅក្នុង​កិច្ច​សន្ទនា​ ដែល​មាន​ការចូលរួម​ពី​ភាគី​នានា​ផង​ដែរ»។

កាល​ពី​ថ្ងៃ​សៅរ៍ លោក បាន គីមូន​បានថ្លែង​ប្រាប់​កិច្ច​ប្រជុំ​កំពូល​នោះ​ថា កងកម្លាំង​រក្សា​សន្តិភាព គឹ​ចាំបាច់​មាន​វត្តមាន​នៅក្នុង​ប្រទេស​ប៊ូរុនឌី ដែល​នៅ​ទីនោះ រដ្ឋាភិបាល​ បាន​ព្រមាន​ថា កងកម្លាំង​ណាមួយ​ពី​សហភាព​អាហ្វ្រិក​នឹង​ត្រូវ​បាន​ចាត់ទុក​ថា​ជា​កងកម្លាំង​រំលោភ​ឈ្លានពាន។​

សហភាព​អាហ្វ្រិក កំពុង​ពិចារណា បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​៥.០០០​នាក់​ ដើម្បី​ទប់​កំសួល​នៃ​អំពើ​ហិង្សា​នយោបាយ ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​មុន នៅពេល​ដែល​លោក​ប្រធានាធិបតី Pierre Nkurunziza បាន​ប្រកាស​ថា លោក​នឹង​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​អាណត្តិ​ទី​បី​ទៀត។

ក្រុម​ប្រឆាំង​និយាយ​ថា ការ​ធ្វើ​បែបនេះ គឺ​ខុស​នឹង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ប៊ូរុនឌី៕