ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃអាទិត្យម្សិលមិញឲ្យរដ្ឋាភិបាលនានានៅជុំវិញពិភពលោកធានាថា អ្នកកាសែតអាចធ្វើការរបស់ពួកគេដោយមានសុវត្ថិភាពនៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ នេះ។
លោក Guterres បានថ្លែងនៅក្នុងសារជាវីដេអូមួយថា៖ «នៅពេលដែលជំងឺកូវីដ១៩ ឆ្លងរាលដាល វាក៏បង្កើនឲ្យមានការរាលដាលនៃព័ត៌មានមិនពិតផងដែរ តាំងពីការផ្ដល់ដំបូន្មានដ៏គ្រោះថ្នាក់ផ្នែកសុខភាព រហូតដល់ជំនឿខុសផ្សេងៗ។ សារព័ត៌មានគឺជាថ្នាំបន្សាបសម្រាប់ផ្ដល់ព័ត៌មាន និងការវិភាគផ្អែកលើការពិត វិទ្យាសាស្ត្រ និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។ ប៉ុន្តែ តាំងពីជំងឺកូវីដ១៩ នេះបានផ្ទុះឡើងមក អ្នកកាសែតជាច្រើនរងនូវការដាក់កំហិត និងការពិន័យកើនឡើង សម្រាប់ការណ៍ដែលពួកគេគ្រាន់តែបំពេញការងាររបស់ខ្លួនតែប៉ុណ្ណោះ»។
អង្គការសហប្រជាជាតិទទួលស្គាល់នូវភាពចាំបាច់នៅក្នុងការដាក់កំហិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ប៉ុន្តែបានបញ្ជាក់ថា រដ្ឋាភិបាលនានាមិនត្រូវកេងចំណេញពីការដាក់កំហិតទាំងនេះ ដើម្បីរារាំងអ្នកកាសែតមិនឲ្យបំពេញការងាររបស់ខ្លួននោះទេ៕