ប្រធានទីភ្នាក់ងារផ្តល់ជំនួយនានារបស់អង្គការសហប្រជាជាតិបានរៀបចំធ្វើសន្និសីទពិសេសរយៈពេលមួយថ្ងៃ ដើម្បីរៃអង្គាសប្រាក់ចំនួន៤៣៤លានដុល្លារ សម្រាប់ផ្តល់ជាជំនួយសង្គ្រោះជីវិតដល់ប្រជាជន១លាន២សែននាក់ ដែលក្នុងនោះក៏មានជនភៀសខ្លួនអំបូររ៉ូហ៊ីងយ៉ានិងសហគមន៍ជាម្ចាស់ផ្ទះនៅក្នុងប្រទេសបង់ក្លាដែសផងដែរ។
នៅមុនពេលចាប់ផ្តើមសន្និសីទនេះ អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនម្នាក់របស់អង្គការសហប្រជាជាតិបាននិយាយថាចំនួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលបានរត់ភៀសខ្លួនពីអំពើហិង្សានិងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពី២ខែមុនបានកើនឡើងដល់៦សែននាក់។
ទីភ្នាក់ងារផ្តល់ជំនួយនានាបានឯកភាពថា វាគឺជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមួយដែលមិនមានថវិកាគ្រប់គ្រាន់ដើម្បីគាំទ្រ។ ការណ៍នេះបានធ្វើឲ្យលោក Mark Lowcock អនុអគ្គលេខាធិការទទួលបន្ទុកខាងកិច្ចការមនុស្សធម៌និងជំនួយសង្គ្រោះបន្ទាន់បានប្រាប់ទៅកាន់គណៈប្រតិភូឲ្យយកសន្និសីទនៅក្នុងថ្ងៃនោះ «ដើម្បីប្រមូលធនធានជួយសង្គ្រោះនិងការពារជីវិតមនុស្ស»។
លោកបានបន្ថែមទៀតថា «អ្នកមកដល់ថ្មី គឺរួមមានទាំងកុមារដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរជាច្រើនផងដែរ ហើយទីភ្នាក់ងារអង្គការសហប្រជាជាតិនឹងត្រូវបន្តផ្តល់នូវទិន្នន័យថ្មីបំផុតនិងអំពាវនាវឲ្យមានការគាំទ្របន្ថែមពីលើអ្វីដែលយើងបានធ្វើកន្លងមក និងអ្វីដែលយើងពិភាក្សានៅថ្ងៃនេះ។ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា ថវិកាគឺជាឧបសគ្គធំបំផុតរបស់យើង។ យើងត្រូវការប្រាក់ដើម្បីបំពេញទៅតាមតម្រូវការដែលកាន់តែកើនឡើងនេះ»៕