គណៈ​កម្មការ​របស់​អ.ស.ប.​ស៊ើប​អង្កេត​លើ​ប្រទេស​ស៊ីរី​​អំពាវ​នាវ​ឲ្យ​បង្កើត​តុលាការ​អន្តរជាតិ

ក្រុម​អ្នក​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​ប្រទេស​ស៊ីរី លោកស្រី​ Carla del Ponte និង​លោក​ Paulo Pinheiro ​នៅឯ​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ នៅ​ទីក្រុង​ហ្សឺណែវ​ កាលពីថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ២០១៥។

គណៈ​កម្មការ​របស់​អង្គការ​សហប្រជាជាតិ ​កំពុង​អំពាវនាវ​ឲ្យ​បង្កើត​តុលាការ​មួយ​ដើម្បី​នាំ​ពួក​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ជាឧក្រិដ្ឋ​ជន​សង្គ្រាម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​ក្នុង​ប្រទេសស៊ីរី​មក​កាត់​ទោស។

គណៈ​កម្មការ​ស៊ើប​អង្កេត​លើ​ប្រទេស​ស៊ីរី​របស់​អង្គការ​សហប្រជាជាតិ​ ​ប្រាប់​ឲ្យ​ដឹង​ថា ​វប្បធម៌​និទណ្ឌ​ភាព​កំពុង​រីក​ដូច​ផ្សិត​នៅ​ក្នុង​ប្រទេស​នោះ។ ​គណៈ​កម្មការ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​អ្នក​ដែល​បន្ត​រំលោភ​ច្បាប់​អន្តរជាតិ​គ្មាន​អ្វី​ដែល​ពួក​គេ​ខ្លាច​ញញើត​ទេ​ ហើយ​ក៏​គ្មាន​ការ​បង្ហាញ​សញ្ញា​ថា ​ពួក​គេ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះសកម្មភាពរបស់​ខ្លួន​ដែរ។

ចាប់​តាំង​ពី​គណៈ​កម្មការ​នោះ​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​២០១១​មក ​គណៈ​កម្មការ​ស៊ើប​អង្កេត​នោះ ​បាន​ជំរុញក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឲ្យ​បញ្ជូនអ្នក​ដែល​រងការ​ចោទ​ប្រកាន់​ជា​ឧក្រិដ្ឋ​ជនសង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរីទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។​ សកម្មភាព​បែប​នេះ ត្រូវ​បាន​រារាំង​ដោយ​ការ​បោះ​ឆ្នោត​វ៉េតូ​ពី​ប្រទេស​រុស្ស៊ី ​ដែល​គាំ​ទ្រ​ប្រធានា​ធិបតី ​Bashar al-Assad នៃ​ប្រទេស​ស៊ីរី។

លោកស្រី​ Karen Abu Zayd​ សមាជិក​គណៈ​កម្មការ​នោះ​បាន​ប្រាប់​វីអូអេ​ថា ​ការ​នាំ​យក​រឿង​ក្តី​នេះ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​(ICC) មិន​អាច​ធ្វើ​ទៅ​បាន​ទៀត​ហើយ។​ លោកស្រី ​បាន​និយាយ​ថា ​គណៈ​កម្មការ​នោះ​កំពុង​ស្នើ​វិធី​ផ្សេង​ៗ​ទៀត​ដូចជា​ការ​បង្កើត​តុលាការ​ដើម្បី​នាំ​ពួក​ឧក្រិដ្ឋ​ជនឡើង​តុលាការ។

​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​គណៈ​កម្មការ​នោះ​បាន​ធ្វើ​សេចក្តី​លម្អិត​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ប្រទេស​ស៊ីរី ​នៅពេល​ដែល​ប្រទេស​នោះ ​បាន​ឈាន​ចូលក្នុង​ជម្លោះឆ្នាំ​ទី​៥​ហើយ៕