រដ្ឋាភិបាលកម្ពុជាគ្រោងនឹងបើកឲ្យមានការផ្ទៀងផ្ទាត់ផែនទីដែលប្រើសម្រាប់បោះបង្គោល ព្រំដែនកម្ពុជា-វៀតណាមនាថ្ងៃព្រហស្បតិ៍ស្អែកនេះ ខណៈពេលដែលផែនទីជិត២០ផ្ទាំងពីអង្គការសហប្រជាជាតិនិងអ្នកជំនាញពីររូបរបស់អង្គការសហប្រជាជាតិបានមកដល់ប្រទេសកម្ពុជាហើយនោះ។
អ្នកស្រី កុយ ពិសី អនុប្រធានកិច្ចការចម្រុះព្រំដែនកម្ពុជា បានឲ្យដឹងថា ផែនទីដែលកម្ពុជាខ្ចីពីអង្គការសហប្រជាជាតិ ដែលមានចំនួន១៨ផ្ទាំងនិងមន្ត្រីអង្គការសហប្រជាជាតិ បានមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃអង្គារម្សិលមិញ។ ហើយរដ្ឋាភិបាលកម្ពុជានឹងបើកឲ្យគ្រប់ភាគី រួមទាំងគណបក្សជំទាស់ ដែលមានសំឡេងភាគតិចក្នុងរដ្ឋសភា ចូលរួមពិនិត្យផ្ទៀងផ្ទាត់ និងប្រៀបធៀបអំពីសុក្រិត្យភាពនៃផែនទីដែលអង្គភាពរបស់លោកស្រីប្រើក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមកន្លងមកនោះ។
«មកហើយ មកកាលពីយប់មិញហ្នឹង ម៉ោងប្រហែល១០:១២នាទី។ គេមកដល់យប់មិញចា៎! អ.ស.ប.ហ្នឹងគេមកមានគ្នា២នាក់ មួយខាងអ្នកច្បាប់ និងម្នាក់ទៀត ដូចជារងខាងបណ្ណាល័យ គេទុកផែន។ គេមកពីរនាក់ចា៎»។
បញ្ហាព្រំដែនកម្ពុជាវៀតណាមបានឡើងកម្តៅសារជាថ្មី បន្ទាប់ពីប្រទេសវៀតណាមបានជីកស្រះតាមបណ្តោយព្រំដែនកម្ពុជានៅខេត្តរតនគីរី និងជីកលេណដ្ឋាននៅខេត្តកណ្តាលផងដែរ ដែលជាចំណុចមិនទាន់មានការឯកភាពគ្នានោះ។
កាលពីដើមខែមិថុនាកន្លងទៅ គណបក្សជំទាស់ដែលមានសំឡេងភាគតិចនៅក្នុងរដ្ឋសភាបានចោទថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែនកំពុងប្រើប្រាស់ផែនទីចម្លង និងមិនផ្លូវការក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម និងមានការបាត់បង់ទឹកដីកម្ពុជា។
កាលពីដើមខែកក្កដាកន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសរសេរលិខិតផ្ញើរទៅលោកបាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីស្នើសុំខ្ចីផែនទីដើមទាំងអស់ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីខ្នាត១ភាគ១០០ពាន់ ដែលបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនដើម្បីបំបាត់មន្ទិលសង្ស័យទាំងនោះ។
លោកស្រី កុយ ពិសី បានបញ្ជាក់ថា ផែនទីទាំង១៨ផ្ទាំងដែលអង្គការសហប្រជាជាតិបានផ្តល់ឲ្យគឺជាផែនទី UTM ដែលកម្ពុជាភ្ជាប់ជាមួយពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៦៤។
ទោះជាយ៉ាងនេះក៏ដោយ លោកស្រីបានថ្លែងថា៖ «គោលដៅគឺបញ្ជាក់ពីសុក្រឹតភាពរបស់រាជរដ្ឋាភិបាលថា លោកបានធ្វើការត្រឹមត្រូវ ហើយលោកអត់មានប្រើប្រាស់ផែនទីក្លែងក្លាយនោះទេ។ សុំខ្ចីគេមកគឺដើម្បីឲ្យគណបក្សប្រឆាំង ជាពិសេសគណបក្សសង្គ្រោះជាតិនោះ ឲ្យលោកផ្ទៀងផ្ទាត់ទៅ។ ឥឡូវហ្នឹង គេរកអត់ឃើញទេ មានតែ១៨ផ្ទាំងហ្នឹង។ អញ្ចឹង ហើយថ្ងៃស្អែក យើងនឹងផ្ទៀងផ្ទាត់ទាំងអស់គ្នា មើលទាំងអស់គ្នា អញ្ចឹងទៅ។ ប៉ុន្តែជាទូទៅ ផែនទីហ្នឹងវាអត់មានខុសគ្នាទេ។ ខ្សែព្រំដែនជាទូទៅគឺវាដូចគ្នា»។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃអង្គារនេះ រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញឥស្សរជនមួយចំនួន ដូចជាតំណាងគណបក្សនយោបាយ តំណាងរដ្ឋសភា តំណាងព្រឹទ្ធសភា សំណាងក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផងដែរ ក្នុងការផ្ទៀងផ្ទាត់លើផែនទីនេះ នាថ្ងៃព្រហស្បតិ៍ស្អែកនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ បានឲ្យដឹងថា លោកគឹម ស៊ូភារិទ្ធ អ្នកតំណាងរាស្ត្រគណបក្សគណបក្សសង្គ្រោះជាតិ នឹងដឹកនាំតំណាងគណបក្សនេះចំនួន៤រូបផ្សេងទៀតទៅចូលរួម។ ក្នុងនោះ គណបក្សជំទាស់ក៏បានត្រៀមឯកសារយោងនិងផែនទីមួយចំនួនទៅពិនិត្យផ្ទៀងផ្ទាត់ផងដែរ។
លោកយឹម សុវណ្ណបានបញ្ជាក់ថា ការតស៊ូមតិរបស់គណបក្សជំទាស់អំពីរឿងព្រំដែន និងផែនទីគឺមិនមែនដើម្បីផលប្រយោជន៍នយោបាយនោះទេ តែដើម្បីផលប្រយោជន៍ជាតិទាំងមូល។
«បញ្ហាប្រទេសជាតិ ទឹកដីគឺជាបញ្ហាអាយុជីវិត មិនមែនជាបញ្ហាលេងសើចនោះទេ ហើយក៏មិនមែនដើម្បីយកចំណេញនយោបាយអីផងដែរ ពីព្រោះអត់មានបោះឆ្នោតស្អីថ្ងៃស្អែកហ្នឹងទេ បីឆ្នាំទៀតទើបបោះឆ្នោត។ អ្វីដែលយើងបាននឹងកំពុងធ្វើនៅពេលនេះគឺពិតជាមានឆន្ទៈនយោបាយការពារទឹកដី ការពារផលប្រយោជន៍ជាតិពិតមែន។ អត់មានទាក់ទងរឿងនយោបាយឬក៏ការបោះឆ្នោតស្អីនោះទេ ព្រោះយើងដឹងទាំងអស់គ្នាហើយ ការបោះឆ្នោតគឺនៅឆ្នាំ២០១៨ឯណោះ»។
លោកអ៊ូ វីរៈ នាយកវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក យល់ថា ការផ្ទៀងផ្ទាត់ផែនទីនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ នឹងកាត់បន្ថយការមន្ទិលសង្ស័យពីសំណាក់ប្រជាជនកម្ពុជា ដែលនឹងអាចឈានទៅដល់ការឯកភាពជាតិរឿងផែនទីនេះ។
«ខ្ញុំមើលទៅគឺជួយកាត់បន្ថយការចោទប្រកាន់ទៅលើផែនទីដែលរដ្ឋាភិបាលកំពុងតែប្រើប្រាស់ ហើយវាអាចកាត់បន្ថយការចោទប្រកាន់ ក៏ប៉ុន្តែដំណើរការបើកចំហរនេះគឺជាជំហ៊ានមួយដ៏ល្អផងដែរ។ ជាទូទៅ ការបើកចំហនេះគឺនឹងធ្វើឲ្យមានទំនុកចិត្តទៅលើរដ្ឋាភិបាលនិងកាត់បន្ថយការរិះគន់ដោយគ្មានមូលដ្ឋានផងដែរ។ ករណីដែលបើចំហ ហើយអាចបង្ហាញច្បាស់លាស់ហើយ ខ្ញុំមើលទៅ ការរិះគន់ផ្សេងៗនឹងមានការសាបរលាបខ្លួនឯងផងដែរ»។
ទាន់ទិននឹងបញ្ហាព្រំដែនកម្ពុជាវៀតណាម តុលាការក្រុងភ្នំពេញបានបញ្ជាឲ្យឃុំ និងចោទលោកហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ដែលមានសញ្ជាតិបារាំងពីបទ «ក្លែងបន្លំឯកសារ សាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់» ក្រោយពីលោកបានបង្ហោះកិច្ចព្រមព្រៀងនាឆ្នាំ១៩៧៩នៅលើទំព័រហ្វេសប៊ុក ដែលក្នុងនោះលោកបង្ហាញថា វៀតណាមចូលក្នុងទឹកដីកម្ពុជាច្រើនជាងកម្ពុជាចូលទៅវៀតណាម។ ការចាប់ឃុំខ្លួននេះគឺធ្វើឡើងមិនប៉ុន្មានថ្ងៃផង បន្ទាប់ពីមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ អង្គការសង្គមស៊ីវិលបានហៅការចាប់ឃុំខ្លួនសមាជិកព្រឹទ្ធសភានេះថា ជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញ និងបំពានលើអភ័យឯកសិទ្ធិរបស់សមាជិកព្រឹទ្ធសភារូបនេះ៕