ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(អ.ស.ប.)ប្រចាំនៅកម្ពុជា បានរកឃើញករណីនៃការបៀតបៀន ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន ដែលជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អង្គការអន្តរជាតិនេះទទូចឱ្យអាជ្ញាធរកម្ពុជាធានាសេរីភាពអ្នកសារព័ត៌មាន បញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងបញ្ឈប់ការចោទប្រកាន់តាមរយៈការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌលើអ្នកសារព័ត៌មានផងដែរ។ នេះបើតាមរបាយការណ៍ថ្មីមួយស្តីពីការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកម្ពុជា។
របាយការណ៍ដែលចេញផ្សាយដោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី៣ ខែសីហា បានឱ្យដឹងថា អ្នកសារព័ត៌មានចំនួន ២៣នាក់បានប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ ឬញុះញង់ ដែលផ្តើមចេញពីលទ្ធផលនៃការងាររបស់ពួកគេ។
របាយការណ៍ ដែលមានកម្រាស់ជិត៤០ទំព័រនេះ បានកត់ត្រាថា អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាកំពុងទទួលរងការបៀតបៀន សម្ពាធតាមទម្រង់ផ្សេងៗគ្នា និងរងអំពើហិង្សាកាន់តែច្រើនឡើង។ បន្ថែមពីនេះ អង្គការនេះថា បុគ្គលិកសារព័ត៌មានជាស្ត្រីជួបប្រទះបញ្ហាមួយចំនួន ដូចជាកង្វះតំណាងស្ត្រីនៅក្នុងតួនាទីជាអ្នកដឹកនាំ ការបៀតបៀន និងអំពើហិង្សាជាដើម។
ស្របពេលនឹងការចេញរបាយការណ៍ខាងលើ លោក ពក ខឺយ អ្នកកាសែតមិនចំណុះស្ថាប័នណាមួយ ឬ freelancer បានរំឭកឡើងវិញនូវបញ្ហាប្រឈមមួយចំនួនដែលលោកធ្លាប់ឆ្លងកាត់ និងបានកត់សម្គាល់ដូចជាការឃ្លាំមើល ការយាយីពីសំណាក់អាជ្ញាធរមូលដ្ឋានដែលថតសកម្មភាព និងថតរូបអ្នកសារព័ត៌មាន ការគំរាមកំហែងឱ្យលុបរូបភាព និងការគំរាមដកហូតទូរស័ព្ទជាដើម។
លោកនិយាយថា សកម្មភាពទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់ស្មារតី បង្កការភ័យខ្លាចដល់អ្នកសារព័ត៌មាន និងប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មាន។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ខ្ញុំខ្លួនឯងផ្ទាល់នៅពេលចុះទៅយកព័ត៌មាននៅក្នុងតំបន់មូលដ្ឋាន ដូចជាករណី[កូដកម្ម]ណាហ្គាវើលដ៍ បញ្ហាជម្លោះដីធ្លី និងបញ្ហាព្រៃឈើមួយចំនួន គឺតែងតែត្រូវបានគេរើសអើង ហើយនឹងមានការហាមឃាត់ ហើយនឹងការតាមសួរ ដែលធ្វើឱ្យមានការរំខានក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន»។
អ្នកសារព័ត៌មានរូបនេះ ដែលធ្លាប់ត្រូវបានអាជ្ញាធរបំភិតបំភ័យនៅពេលលោកចុះទៅយកព័ត៌មាននៅទីតាំង ជម្លោះដីធ្លីក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានការសាងសង់ព្រលានយន្តហោះថ្មីមួយ ដោយក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) បានស្នើឱ្យរដ្ឋាភិបាល និងអាជ្ញាធរ អប់រំមន្ត្រីមូលដ្ឋានឱ្យយល់ច្បាស់អំពីសិទ្ធិសេរីភាពអ្នកសារព័ត៌មាន ជាពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីបើកផ្លូវឱ្យអ្នកកាសែតអនុវត្តការងារបានដោយសេរី និងមិនមានការភ័យខ្លាច។
ចំណែកអ្នកសារព័ត៌មានម្នាក់ទៀត ដែលបម្រើការងារនៅសំឡេងប្រជាធិបតេយ្យ (VOD)គឺកញ្ញា ប៉ា សុខេង លើកឡើងអំពីការព្រួយបារម្ភផងដែរនៅពេលអាជ្ញាធរថតរូបរារាំង និងប្រើប្រាស់ពាក្យសម្តីខ្លាំងៗ និងប្រើប្រាស់ភាសាគំរាមកំហែងតាមផ្លូវច្បាប់ នៅពេលកញ្ញាចុះប្រមូលព័ត៌មាន។
អ្នកសារព័ត៌មានស្រ្តីរូបនេះស្នើឱ្យរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចបំពេញការងារឱ្យស៊ីសង្វាក់គ្នា ហើយមិនត្រូវបំពានតួនាទី និងសិទ្ធិរបស់អ្នកសារព័ត៌មាននោះទេ ដើម្បីធានាថា អ្នកសារព័ត៌មានធ្វើការដោយគ្មានការភ័យខ្លាច និងការទទួលរងគ្រោះថ្នាក់លើរាងកាយ និងការបៀតបៀនជាដើម។
កញ្ញានិយាយថា៖ «អ៊ីចឹងខ្ញុំគិតថា[អាជ្ញាធរ]ឱ្យបំពេញតួនាទីរបស់យើងម្នាក់ៗរៀងៗខ្លួនទៅ ហើយយើងគោរពសិទ្ធិគ្នា កុំបៀតបៀនគ្នា កុំរំខានគ្នាទៅគឺតែប៉ុណ្ណឹងក៏ធ្វើឱ្យអ្នកសារព័ត៌មានមានកម្លាំងចិត្តធ្វើការបំពេញតួនាទីរបស់ខ្លួនឯង។ ហើយអ្នកសារព័ត៌មានស្ត្រី កាលណាគាត់ធ្វើទៅបានផលប្រយោជន៍សង្គមផង ហើយអត់មានការរំខាន គាត់ប្រាកដជាចង់ធ្វើហើយ ប៉ុន្តែបើឃើញថា មានស្ថានភាពយ៉ាប់យ៉ឺន រំខានអីផ្សេងៗ សម្ពាធផ្លូវចិត្តដល់គាត់ ធ្វើឱ្យគាត់ពិបាកធ្វើការងារ គាត់ក៏មិនសូវចង់ធ្វើដែរ។ អ៊ីចឹងខ្ញុំគិតថា គួរតែមានការលើកទឹកចិត្តដល់ស្រ្តីអ្នកសារព័ត៌មាន»។
របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាស្តីពីការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកម្ពុជា បានបង្ហាញករណីធ្វើទុក្ខបុកម្នេញខាងផ្លូវច្បាប់មួយចំនួនមកលើអ្នកកាសែតនៅកម្ពុជា ក្នុងនោះមានករណីចាប់ខ្លួនលោក យួន ឈីវ ចាងហ្វាងកាសែតអនឡាញនៅខេត្តកោះកុង ពីបទញុះញង់ ដែលមានទំនាក់ទំនងជាមួយវិវាទដីធ្លី និងក្តីក្តាំចារកម្មរបស់អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូបគឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា។
ករណីរបស់លោក រ៉ាត់ រ័ត្នមុន្នី អ្នកបម្រើការឱ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី និងលោក រស់ សុឃិត ស្ថាបនិកកាសែតឯករាជ្យជាតិខ្មែរ ដែលរងបទចោទព្រហ្មទណ្ឌរបស់តុលាការកម្ពុជាពីបទ«ញុះញង់»នោះក៏ត្រូវបានរំលេចនៅក្នុងរបាយការណ៍ដដែលនោះផងដែរ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សលោកស្រី Michelle Bachelet បានលើកឡើងក្នុងរបាយការណ៍នេះថា ប្រព័ន្ធផ្សព្វផ្សាយដែលមានលក្ខណៈ ឯករាជ្យ សេរី និងភាពចម្រុះបានដើរតួនាទីសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ដូច្នេះអាជ្ញាធរកម្ពុជាត្រូវតែធានានូវការអនុវត្តការងាររបស់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងត្រូវតែអនុវត្តតាមអនុសាសន៍ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។
លោកស្រី Michelle ត្រូវបានគេស្រង់សម្តីតាមអត្ថន័យដើមថា៖ «ការរកឃើញនៅក្នុងរបាយការណ៍នេះគឺគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ហើយខ្ញុំសូមជំរុញឱ្យអាជ្ញាធរទទួលយកអនុសាសន៍របស់យើងដើម្បីធានាថា ប្រព័ន្ធផ្សព្វផ្សាយ អាចអនុវត្តការងារសំខាន់ៗរបស់ពួកគេដោយយុត្តិធម៌ និងតម្លាភាពដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់»។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជានេះមិនអាចយកជាការបានទេ ដោយថា របាយការណ៍នោះចងក្រងឡើងដោយមិនបានស្រាវជ្រាវ និងមិនមានការពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធ។
លោកបានសរសេរតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ខ្ញុំយល់ឃើញថា របាយការណ៍នេះពុំមានអ្វីប្លែក និងពុំមែនជារឿងថ្មីដែលត្រូវយកចិត្ត ទុកដាក់ខ្លាំងពេកនោះទេ ព្រោះក្រុមអ្នកសរសេររបាយការណ៍នេះ ពួកគាត់ប្រមូលព័ត៌មានតែម្ខាង ឬពីមនុស្សមួយក្រុមតូចប៉ុណ្ណោះ ហើយយកមកធ្វើការសន្និដ្ឋាន និងវាយតម្លៃអំពីសេរីភាព សារព័ត៌មាននៅកម្ពុជា ថា ត្រូវបានវាយប្រហារ រឹតត្បិតគំរាមកំហែង ឬជ្រៀតជ្រែកជាដើមនោះ ជារឿងមិនត្រឹមត្រូវនោះឡើយ»។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា លោក ណុប វី ចាត់ទុកថា របាយការណ៍ចេញផ្សាយដោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាស្រដៀងគ្នាទៅនឹងរបាយការណ៍របស់ខេមបូចា ដែលបានរកឃើញករណីយាយីលើអ្នកកាសែតតាមរូបភាពផ្សេងៗ។
លោកនិយាយថា៖ «រឿងសំខាន់គឺធ្វើម៉េចកុំឱ្យការងាររបស់អ្នកសារព័ត៌មាននេះ វាក្លាយទៅជារឿងទោសទណ្ឌជាពិសេសទោសព្រហ្មទណ្ឌដែលជានិច្ចកាល ត្រូវបានប្រើប្រាស់ដោយក្រមព្រហ្មទណ្ឌហ្នឹង យកមកប្រឆាំងជាមួយការងាររបស់ពួកគាត់ ដែលជំរុញឱ្យមានការរឹតត្បិតសេរីភាពរបស់ពួកគាត់ផ្ទាល់។ អ៊ីចឹង យើងត្រូវធ្វើម៉េចលុបក្រមព្រហ្មទណ្ឌដែលយាយីដល់អ្នកសារព័ត៌មានហ្នឹង»។
ដោយឡែក អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា កត់សម្គាល់ថា អ្នកសារព័ត៌មានដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល មិនប្រឈមមុខនឹងការគំរាមកំហែង ឬរឹតត្បិតអ្វីនោះទេ។ ប៉ុន្តែលោកថា អ្នកសារព័ត៌មានឯករាជ្យដែលហ៊ានលើកឡើងពីបញ្ហាក្នុងសង្គម តែងតែរងការធ្វើទុក្ខបុកម្នេញនិងការរារាំងនានា។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា សង្កត់ធ្ងន់ថា ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាអាចបំពេញមុខងាររបស់ខ្លួនតាមលំនាំប្រជាធិបតេយ្យបាននោះ រដ្ឋាភិបាលទីក្រុងភ្នំពេញត្រូវតែចាត់វិធានការជាបន្ទាន់ រួមមានការបញ្ចប់ការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ ដើម្បីដាក់ទណ្ឌកម្មលើការងារសំខាន់របស់អ្នកកាសែត ហើយត្រូវទម្លាក់ចោលឱ្យបានឆាប់នូវការចោទប្រកាន់ពីបទព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលិកសារព័ត៌មានផងដែរ៕