អង្គការសហប្រជាជាតិកំពុងអំពាវនាវរកប្រាក់ចំនួន១៦២ លានដុល្លារដើម្បីផ្តល់ការការពារនិងជួយសង្រ្គោះជីវិតប្រជាជនដែលងាយរងគ្រោះបំផុតចំនួន២លាន៣សែននាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែននៅឆ្នាំទី៥នៃសង្គ្រាមស៊ីវិល។
អ.ស.ប.បានរាយការណ៍ថា មនុស្សជាង៣,៣០០រយនាក់ត្រូវបានសម្លាប់និង៩ពាន់់នាក់បានរងរបួសចាប់តាំងពីឆ្នាំ២០១៤នៅពេលសង្គ្រាមស៊ីវិលផ្ទុះឡើងនៅភាគខាងកើតប្រទេសអ៊ុយក្រែនរវាងពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនិងរដ្ឋាភិបាល។
ជម្លោះនេះនៅតែបន្តនិងអាចសម្លាប់ជនស៊ីវិលរាប់លាននាក់ដែលអាចរងគ្រោះការវាយប្រហារដោយគ្រាប់ផ្លោងនិងការលបបាញ់។ ប្រជាជនជិត២លាននាក់ក្នុងចំណោមប្រជាជនចំនួន២លាន៣សែននាក់ដែលអ.ស.ប.គ្រោងនឹងជួយនៅឆ្នាំនេះ កំពុងរស់នៅក្នុងតំបន់សមរភូមិនៃភាគីទាំងសងខាង។ បន្ទាត់សមរភូមិនេះមានប្រវែង៥០០គីឡូម៉ែត្រដែលជាខ្សែបន្ទាត់បែងចែកកម្លាំងរដ្ឋាភិបាលអ៊ុយក្រែននិងកងកម្លាំងឧទ្ទាម។
លោក Jens Laerke អ្នកនាំពាក្យការិយាល័យអ.ស.ប.សម្របសម្រួលកិច្ចការមនុស្សធម៌ បានប្រាប់វីអូអេថា ការអូសបន្លាយកាន់តែយូរនៃជម្លោះនេះ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្សចាស់។ លោកនិយាយថា មនុស្សចាស់មានចំនួនមួយភាគបីនៃអ្នកដែលត្រូវការជំនួយដែលជាសមាមាត្រខ្ពស់បំផុតនៃមនុស្សចាស់ដែលរងគ្រោះនៅក្នុងពិភពលោក៕