អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី Yanghee Lee និយាយថា ប្រទេសមីយ៉ាន់ម៉ា បន្ដបំពានទៅនឹងច្បាប់អន្តរជាតិនិងប្រើប្រាស់វិធានការសាហាវឃោរឃៅដើម្បីដាក់សម្ពាធទៅលើជនជាតិភាគតិចនៅក្នុងរដ្ឋ Rakhine និងរដ្ឋ Chin ដែលស្ថិតនៅភាគខាងត្បូង។
លោកស្រីនិយាយថា ជនស៊ីវិលជាច្រើនត្រូវបានសម្លាប់ ហើយជនស៊ីវិលរាប់ម៉ឺននាក់ទៀតត្រូវផ្លាស់លំនៅដោយសារការប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើនប្រភេទ ដោយកងកម្លាំង Tatmadaw ដែលជាទ័ពរបស់មីយ៉ាន់ម៉ា និងកងទ័ព Arakan ដែលជាក្រុមឧទ្ទាមមួយនៅក្នុងរដ្ឋ Rakhine។
លោកស្រីនិយាយថា មិនអាចទៅរួចទេដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាអាចត្រឡប់ទៅកាន់ប្រទេស មីយ៉ាន់ម៉ា វិញដោយសុវត្ថិភាពនោះ។ កាលពីខែ សីហា លោកស្រីបានគូសបញ្ជាក់ថា មានកិច្ចព្រមព្រៀងមួយដើម្បីបញ្ជូនជនភៀសខ្លួនចំនួន៣.៤៥០នាក់ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ។
លោកស្រីនិយាយថា មីយ៉ាន់ម៉ាអះអាងថា ខ្លួនបានធ្វើអ្វីដែលចាំបាច់សម្រាប់ដំណើរការមាតុភូមិនិវត្តន៍នេះ ហើយបានបន្ទោសប្រទេស បង់ក្លាដែស ចំពោះការពន្យារពេលប្រតិបត្តិការនេះ។ ក៏ប៉ុន្តែលោកស្រីយល់ឃើញថា ការពិតគឺផ្ទុយស្រឡះ។
លោកស្រី Lee បានថ្លែងថា៖ «មីយ៉ាន់ម៉ាមិនបានធ្វើអ្វីទាល់តែសោះដើម្បីបំបាត់ប្រព័ន្ធហិង្សានិងការធ្វើទុក្ខបុកម្នេញ ហើយជនជាតិរ៉ូហ៊ីងយ៉ាដែលស្ថិតនៅក្នុងរដ្ឋ Rakhine ក៏កំពុងតែស្ថិតក្នុងស្ថានភាពដូចគ្នានេះដែរ»៕