អគ្គលេខាធិការ​អ.ស.ប.​អំពាវនាវ​ឲ្យ​​​មេដឹកនាំ​ពិភពលោក​សាមគ្គី​គ្នា​​​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩​​ដឹកនាំ​ដោយ WHO

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មយយ​នៅ​ទីស្នាក់ការ​សហភាព​អាហ្រ្វិក​ កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres កាល​ពី​ថ្ងៃ​ចន្ទ​បាន​បើក​សន្និបាត​ប្រចាំ​ឆ្នាំ​រយៈ​ពេល​ពីរ​ថ្ងៃរបស់អង្គការ​សុខភាព​ពិភពលោក WHO ដោយ​បន្ទរ​ការ​អំពាវនាវ​របស់ WHO ឲ្យ​មេដឹកនាំ​ពិភពលោក​សាមគ្គី​គ្នាក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា។ ​

លោក Guterres ​បាន​ថ្លែងនៅ​ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ​ថា វិបត្តិ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩​ជា​ បញ្ហា​ប្រឈម​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ជំនាន់​របស់​យើង​ ហើយ​ថា​នៅ​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា​នៅ​ពេល​ណានឹង​អាច​មានវិធី​ព្យាបាល​ ឬ​វ៉ាក់សាំងមាន​ប្រសិទ្ធភាព​នោះ​ទេ។

លោក Guterres ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​មាន​ការ​គាំទ្រថវិកាដល់អង្គការ​សុខភាពពិភពលោក ឮ ដែល​លោកពិពណ៌នា​ WHO ថា​ជា​អង្គការ​មិនមាន​អ្នក​ជំនួស​បាន​ហើយ​មាន​តួនាទី​ចាំ​បាច់ជា​ពិសេស​នៅ​ក្នុង​ការ​ផ្តល់​ជំនួយខាង​សុខាភិបាល​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ខណៈ​ដែល​មេដឹកនាំ​ភាគ​ច្រើន​បាន​សន្យា​បន្ត​ផ្តល់​ជំនួយ​ដល់អង្គការ WHO មេដឹកនាំ​ខ្លះ​បាន​ចូល​រួម​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ (Donald Trump) ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​នូវ​របៀប​ធ្វើ​ការ​របស់​ WHO។ កាល​ពី​ខែ​មេសា លោក​ត្រាំ​បាន​ផ្អាក​ជំនួយ​អាមេរិក​ចំពោះ​អង្គការ​សុខភាព​ពិភពលោក ដោយ​លោក​ថា​អង្គការ​នេះ ​បាន​ជួយ​ដល់​ការ​ឃោសនា​ព័ត៌មាន​មិន​ពិតរស់​ប្រទេស​ចិន​អំពី​ស្ថានភាព​នៃ​ការ​រាតត្បាត​វីរុស​កូរ៉ូណា​ដែល​មាន​ប្រភព​នៅ​ក្នុង​ទី​ក្រុង​វូហាន ហើយ​ដែល​មាន​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់​ពាន់​នាក់។

នៅ​ក្នុង​កិច្ច​ប្រជុំតាម​អនឡាញ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ដែរ ប្រធានាធិបតី​ចិន លោក Xi Jinping ថ្លែង​ថា​លោក​ប្រទេស​ចិន​នឹង​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយអំពី​ប្រភព​ដើម​នៃ​ការ​ផ្ទុះ​រាតត្បាត​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ប៉ុន្តែ​ត្រូវធ្វើ​នៅ​ក្រោយ​ពេល​ដែល​ស្ថានភាព​នៃវិបត្តិជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩​ត្រូវ​បានគេ​គ្រប់គ្រង​បាន​សិន។​

នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​មេដឹកនាំ​ពិភពលោក​កាល​ពី​ថ្ងៃ​ចន្ទ​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ​ក៏​បាន​ថ្លែង​ថា ប្រទេស​នានា​បាន​ប្រើ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​នឹង​កូវីដ១៩​ខុសៗ​គ្នា​ ឬ​ផ្ទុយ​គ្នា​ទៀត​ផង ដោយ​ពេល​ខ្លះ​មិន​បាន​ស្តាប់​តាម​ការ​ណែនាំ​របស់​អង្គការ​ WHO ដែល​ជា​លទ្ធផល​បាន​ធ្វើ​ឲ្យ​វីរុស​ដ៏​កាចសាហាវ​នេះ​បន្តឆ្លង​រាលដាល​នៅ​ទូទាំង​ពិភពលោក៕