មហាសន្និបាតរបស់អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយដោយសំឡេងដ៏លើសលុបដោយច្រានចោលការសម្រេចចិត្តរបស់សហរដ្ឋអា មេរិកដើម្បីទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលហើយនឹងការរើស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុងនោះ។
លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកNikki Haley ប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយមុនពេលការបោះឆ្នោតថា «សហរដ្ឋអាមេរិកនឹងចងចាំនៅថ្ងៃនេះដែលខ្លួនបានទទួលរងការរិះគន់តែម្នាក់ឯងនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិចំពោះសកម្មភាពអនុវត្តនូវសិទ្ធិរបស់ខ្លួនក្នុងនាមជាប្រ ទេសមានអធិបតេយ្យភាពមួយ»។
លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមានប្រសាសន៍បន្តទៀតថា «យើងនឹងមិនបំភ្លេចទេ នៅពេលដែលគេអំពាវនាវដល់យើងឲ្យធ្វើការវិភាគទានដ៏ច្រើនបំផុតនៅក្នុងពិភពលោកទៅអង្គការសហប្រជាជាតិ ហើយយើងនឹងមិនបំភ្លេចទេនៅពេលដែលប្រទេសជាច្រើនអំពាវនាវដល់យើង ដូចដែលពួកគេបានធ្វើជាញឹកញាប់ឲ្យបង់ប្រាក់កាន់តែច្រើនឡើងហើយប្រើប្រាស់ឥទ្ធិពលរបស់យើងដើម្បីប្រយោជន៍របស់ពួកគេ»។
សម័យប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងគ្រាបន្ទាន់នេះ បានស្នើឡើងដោយប៉ាឡេស្ទីនដោយមានការគាំទ្រពីបណ្តាប្រទេសអារ៉ាប់និងប្រទេសមិនចូលបក្សសម្ព័ន្ធ។
សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិបានបញ្ជាក់ឡើងពីឋានៈភាពពិសេសរបស់ទីក្រុង Jerusalem ជាទីក្រុងពិសិដ្ឋហើយនឹងជាបញ្ហាឋានៈភាពចុងក្រោយដែលនឹងត្រូវដោះស្រាយនៅក្នុងការចរចារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅថ្ងៃអនាគត៕