ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​និង​​លោក​ប្រធានាធិបតី​ Trump ពិភាក្សា​គ្នា​លើ​បញ្ហា​ក្រុង​ហ្ស៊េរុយសាឡិម


លោកស្រី Theresa May នាយករដ្ឋ​មន្ត្រី​អង់គ្លេស​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។

នាយករដ្ឋ​មន្ត្រី​អង់គ្លេស​ លោកស្រី Theresa May បានទូរស័ព្ទ​ទៅ​លោក ប្រធានាធិបតី Donald Trump កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ដើម្បី​ពិភាក្សា​លើ​ការ​សម្រេច​ចិត្ត​នា​ពេល​ថ្មីៗ​នេះ​របស់​លោក Trump ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​ ដែល​បាន​ជំរុញ​ឲ្យ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ កោះហៅ​ឲ្យ​មាន​ការ​ប្រជុំ​ជា​បន្ទាន់​មួយ​ ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ និង​ប្រទេស​កាន់​សាសនា​ឥស្លាម​នានា។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ តាមរយៈ​ការ​ពិភាក្សា​តាម​ទូរស័ព្ទ នេះ​ មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​ពិភាក្សា​អំពី​ «ជំហរ​ផ្សេង​គ្នា» ទៅ​លើ​ទីក្រុង ហ្ស៊េរុយសាឡិម។ កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោកស្រី May និង​ប្រទេស​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខរបស់​អង្គការ​សហប្រជាជាតិ​ ចំនួន១៣​ផ្សេង​ទៀត​ បាន​បោះឆ្នោត​ទៅ​លើ​សេចក្តី​សម្រេច​មួយ​ ដើម្បី​ឲ្យ​ដក​ចេញ​ការ​ប្រកាស​របស់​លោក Trump ដែល​បាន​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម​ថា​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល។ សហរដ្ឋ​អាមេរិក​បាន​ជំទាស់​នឹង​សេចក្តី​សម្រេច​នេះ។

ប្រេសិត​ប៉ាឡេស្ទីន​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Riyad Mansour បាន​ប្រាប់​ឲ្យ ដឹង​ថា​ប្រទេស​ជា​សមាជិក​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ ចំនួន១៩៣ ប្រទេស​ នឹងបោះឆ្នោត​ទៅ​លើ​សេចក្តី​សម្រេច​នេះ​នៅ​ថ្ងៃព្រហស្បតិ៍​ខាងមុខ​នេះ។ការបោះឆ្នោត​នេះ​នឹង​ដាក់​ទម្ងន់​នយោបាយ​ទៅ​លើ​សហរដ្ឋអាមេរិក។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​អង់គ្លេស​រូបនោះ​ ក៍​បាន​ថ្លែង​បន្ត​ថា​ លោកស្រី May និង​លោក Trump ក៏​បាន​ពិភាក្សា​អំពី «ការព្រួយ​បារម្ភ» អំពី​វិបត្តិ​មនុស្សធម៌​ក្នុង​ប្រទេស​យេម៉ែន​ផងដែរ។ មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​កាល​ពី​ថ្ងៃចន្ទ​ថា ​ភាគី​ដែល​ច្បាំង​គ្នា​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ជំនួយ​មនុស្សធម៌​កាន់​តែ​ច្រើន​ឡើង​ ចូល​ទៅ​ដល់​មនុស្ស​ចំនួន​ជិត៨លាន៥សែននាក់​ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចេញ​ផុត​ពី​ភាព​អត់ឃ្លាន​នៅ​ក្នុង​ប្រទេស​យេម៉ែន។ អ្នក​នាំ​ពាក្យ​រូបនោះ​បាន​ថ្លែង​បន្ត​ថា៖ «មេ​ដឹកនាំ​ទាំងពីរ​បាន​យល់ស្រប​ទៅ​លើ​សារៈសំខាន់​នៃ​ការ​បើក​ជំនួយ​មនុស្សធម៌​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឡើងវិញ​ដើម្បី​ជួយ​ការពារ​ និង​បន្ធូរបន្ថយ​គ្រោះទុរភិក្ស​ដល់​ពលរដ្ឋ​ស្លូតត្រង់​នៅក្នុង​ប្រទេស​យេម៉ែន។

លោកស្រីបាន​ប្រាប់​ទៅ​លោក Trump អំពី​ការ​វិវត្ត​នៃ​កិច្ចចរចា​នា​ពេល​ថ្មីៗ​នេះ​ លើ​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាពអ៊ឺរ៉ុប»៕

XS
SM
MD
LG