ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​អ.ស.ប.​គ្រោង​បោះ​ឆ្នោត​លើ​សេចក្ដី​សម្រេច​ប្រឆាំង​ការ​ទទួល​ស្គាល់​របស់​​អាមេរិក​នូវ​ទីក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​​​អ៊ីស្រាអែល


លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។
លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​បោះ​ឆ្នោត​លើ​សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ជំទាស់​ទៅ​នឹង​ការ​ទទួល​ស្គាល់​របស់​សហរដ្ឋ​អាមេរិក​នូវ​ទីក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។

ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​រូប​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក​នឹង​ទំនងជា​បោះ​ឆ្នោត​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​ដែល​គាំទ្រ​ដោយ​ប្រទេស​អេហ្ស៊ីប​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា សេចក្ដី​សម្រេច​នេះ​មិន​បាន​លើក​ឡើង​ពី​សហរដ្ឋ​អាមេរិក ឬ​ក៏​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដោយ​ចំ​ឈ្មោះ​នោះ​ទេ។ ប៉ុន្តែ សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​នេះ​បាន​បញ្ជាក់​អំពី «ការ​សោកស្ដាយ​ខ្លាំង​ជា​ទី​បំផុត​ចំពោះ​ការ​សម្រេច​ចិត្ត [របស់​លោក Trump] នា​ពេល​ថ្មីៗ​នេះ ពាក់ព័ន្ធ​នឹង​ទីក្រុង​ហ្ស៊េរុយសាឡិម»។

សេចក្ដី​ព្រាង​នេះ​ក៏​អំពាវនាវ​ផង​ដែរ​ដល់​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​អស់​កុំ​ឲ្យ​បង្កើត​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ហ្ស៊េរុយសាឡិម។

គេ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយតប​ណា​មួយ​នៅ​ឡើយ​ទេ​ពី​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ការ​ឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក​នឹង​ទំនង​ជា​ធ្វើ​ឡើង​តាម​រយៈពេល​ការ​បោះ​ឆ្នោត​ជំទាស់​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក Trump បាន​និយាយ​ថា ការ​សម្រេចចិត្ត​របស់​លោក​កាល​ពី​សប្ដាហ៍​មុន​ក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល និង​ការ​ប្ដូរ​ទីតាំង​ស្ថានទូត​អាមេរិក​ទៅ​កាន់​ទីក្រុង​នោះ គឺ​ជា «ការ​ទទួល​ស្គាល់​នូវ​ការ​ពិត» ដោយ​លោក​បាន​បញ្ជាក់​ថា ទីក្រុង​ហ្ស៊េរុយសាឡិម​មិន​ត្រឹមតែ​ជា​រដ្ឋធានី​ប្រវត្តិសាស្ត្រ​របស់​ជាតិ​សាសន៍​ជ្វីហ្វ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​សម័យ​ទំនើប​នេះ​ទៀត​ផង៕

XS
SM
MD
LG