ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានផ្តន្ទាទោសការសម្លាប់អ្នករក្សាសន្តិភាពជនជាតិអេស្ប៉ាញ ម្នាក់នៅក្នុងប្រទេស លីបង់ ភាគខាងត្បូង កាលពីថ្ងៃពុធ នៅពេលមានការវាយប្រយុទ្ធគ្នារវាងកងកម្លាំង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah នៃប្រទេសលីបង់។
នៅក្រោយកិច្ចប្រជុំសម្ងាត់មួយរបស់ក្រុមប្រឹក្សាសន្តិសុខ ឯកអគ្គរដ្ឋទូត ប្រទេស អេស្ប៉ាញប្រចាំអ.ស.ប. លោក Roman Oyarzun បានថ្លែងថា រដ្ឋាភិបាលលោកចង់ឲ្យមានការស៊ើបអង្កេតដ៏ពេញលេញមួយ ហើយលោកបានបន្ទោសប្រទេស អ៊ីស្រាអែលចំពោះមរណភាពរបស់អ្នករក្សាសន្តិភាពរូបនោះ។
លោក Roman ថ្លែងថា លោកបានបញ្ជាក់ច្បាស់រួចហើយថា នេះគឺដោយមកពីប្រទេស អ៊ីស្រាអែលជាអ្នកបង្កហេតុនៃការវាយប្រហារនេះ។
លោកអគ្គលេខាធិការអ.ស.ប. Ban Ki-moon បានសម្តែងការព្រួយបារម្ភ ចំពោះការវាយប្រហារគ្នាកាលពីថ្ងៃពុធនិងការការបាញ់ រ៉ូកែត ចេញពីប្រទេស ស៊ីរី ទៅលើតំបន់ Golan Heights កាលពីថ្ងៃអង្គារ៕