ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិបានប្រតិកម្មខ្លាំងៗដោយចាត់ទុកសាលក្រមផ្តន្ទទោសលោក កឹម សុខា ថា «មានលក្ខណៈនយោបាយ»។ ក៏ប៉ុន្តែ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិបានប្រតិកម្មខ្លាំងៗបកទៅវិញ ដោយចាត់ទុកការវាយតម្លៃរបស់អ្នកជំនាញរបស់ អ.ស.ប បែបនេះ ថា«មានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន»។
កាលពីថ្ងៃពុធ ទី៨ ខែមីនា ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សប្រចាំ អ.ស.ប បានព្រមានថា សាលក្រមកាត់ទោសលោក កឹម សុខា អតីតមេដឹកនាំនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ឱ្យជាប់ឃុំរយៈពេល ២៧ ឆ្នាំនៅក្នុងផ្ទះ «នឹងមានផលប៉ះពាល់ដល់សិទ្ធិសេរីភាពនយោបាយនិងសិទ្ធិក្នុងការបញ្ចេញមតិនៅប្រទេសកម្ពុជា មុនការបោះឆ្នោតថ្នាក់ជាតិ» ឈានមកដល់នៅខែកក្កដាខាងមុខនេះ។
ក្រុមអ្នកជំនាញដែលមានសមាជិក ៩ នាក់ បានលើកឡើងថា៖ «យើងជឿថាការផ្តន្ទាទោសលើលោក កឹម សុខា មានលក្ខណៈនយោបាយ ហើយជាភស្តុតាងបន្ថែមទៀតនៃទំនោរដែលកំពុងបន្តកើតមានមួយនៃការអនុវត្តខុសនៃច្បាប់ដើម្បីដៅដៃគូប្រជែងខាងនយោបាយ និងអ្នករិះគន់លើរដ្ឋាភិបាល»។
មួយថ្ងៃក្រោយមក ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ ដែលដឹកនាំដោយឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អ៊ិន តារា បានប្រតិកម្មបកទៅវិញដោយច្រានចោលរាល់ការលើកឡើងទាំងអស់របស់ក្រុមអ្នកជំនាញនៃ អ.ស.ប។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ៩ ខែមីនា បានលើកឡើងថា ការអត្ថាធិប្បាយរបស់ក្រុមអ្នកជំនាញ «មិនត្រឹមតែពុំមានសំអាងត្រឹមត្រូវ ហើយថែមទាំងបង្កឱ្យមានការភាន់ច្រឡំទៀតផង។ មតិរបស់ក្រុមការងារនេះ ពុំមានទម្ងន់អ្វីទាល់តែសោះ រាប់ទាំងទម្ងន់ផ្លូវច្បាប់មកលើរដ្ឋអធិបតេយ្យមួយ»។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃ អ.ស.ប ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនៅកម្ពុជា ក៏បានលើកឡើងថា ការឃុំខ្លួនលោក កឹម សុខា បណ្តោះអាសន្នដើម្បីរង់ចាំដំណើរការកាត់ក្តី «មានលក្ខណៈមិនត្រឹមត្រូវតាមផ្លូវច្បាប់»។
ការលើកឡើងបែបនេះ ត្រូវបានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប ចាត់ទុកថា «គ្រាន់តែជាការបំផ្លើស និងបង្ហាញយ៉ាងច្បាស់អំពីការយល់ដឹងនៅមានកម្រិត ឬពុំមានឆន្ទៈចង់យល់ដឹងអំពីនីតិវិធីតុលាការកម្ពុជា ពីសំណាក់ក្រុមអ្នករាយការណ៍ពិសេសទាំងនោះ»។
កាលពីថ្ងៃទី ៣ ខែមីនា លោក កឹម សុខា អ្នកនយោបាយប្រឆាំងជើងចាស់មួយរូប ត្រូវបានចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដោយឱ្យលោកជាប់ឃុំរយៈពេល ២៧ ឆ្នាំនៅក្នុងផ្ទះ ហើយសិទ្ធិនយោបាយរបស់លោក ត្រូវបានដកហូតជាស្ថាពរ។ សហគមន៍អន្តរជាតិ ជាពិសេសតំណាងរដ្ឋាភិបាលនៃបណ្តាប្រទេសប្រជាធិបតេយ្យ បានរិះគន់ខ្លាំងៗលើសាលក្រមនេះ ខណៈរដ្ឋាភិបាលកម្ពុជាបានព្រមានរដ្ឋាភិបាលទាំងនោះ កុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនយោបាយរបស់កម្ពុជា។ សាលក្រមនេះបានធ្វើឡើងមិនដល់ប្រាំខែ មុនការបោះឆ្នោតថ្នាក់ជាតិខែកក្កដាខាងមុខនេះ។
ក្រុមអ្នកជំនាញនៃ អ.ស.ប ក៏បានបញ្ជាក់ផងដែរថា សាលក្រមនេះ «ឆ្លុះបញ្ចាំងពីបរិយាកាសនយោបាយដ៏អាក្រក់មួយសម្រាប់ការធ្វើសកម្មភាពនយោបាយ» នៅក្នុងដំណើរការបោះឆ្នោតថ្នាក់ជាតិ ដោយ«អំពាវនាវឱ្យអាជ្ញាធរផ្តល់សិទ្ធិសេរីភាពដល់លោក កឹម សុខា វិញ ហើយធានាឱ្យមានការគោរពសិទ្ធិមូលដ្ឋានរបស់លោក»។
ក៏ប៉ុន្តែ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិបានក្រើនរំឭកឱ្យ ក្រុមអ្នកជំនាញនៃ អ.ស.ប «ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ក្នុងការបំពេញមុខងាររបស់ខ្លួន» ដោយអះអាងថា បើទោះបីជាអវត្តមានអ្នកនយោបាយមួយចំនួនក្តី «ក៏ប្រទេសកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការបោះឆ្នោតជាសកលនៅខែកក្កដាខាងមុខនេះ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព និងឆ្លុះបញ្ចាំងយ៉ាងពេញលេញពីឆន្ទៈរបស់ពលរដ្ឋ»។
នៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧៕