ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​មេធាវី​ការពារក្តី៖ ​«លោក​​ កឹម សុខា ​​មិន​ព្រម​ទទួល​យក​សាលក្រម​នោះ​ទេ»


អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ចាកចេញ​ពី​គេហដ្ឋាន​ឆ្ពោះ​ទៅ​កាន់តុលាការ​ដើម្បី​ស្ដាប់​សាលក្រម​ចំពោះ​រូបលោក​ទាក់ទិន​នឹង​ការ​ចោទប្រកាន់​ថា​លោក​ក្បត់ជាតិ ភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៣។
អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ចាកចេញ​ពី​គេហដ្ឋាន​ឆ្ពោះ​ទៅ​កាន់តុលាការ​ដើម្បី​ស្ដាប់​សាលក្រម​ចំពោះ​រូបលោក​ទាក់ទិន​នឹង​ការ​ចោទប្រកាន់​ថា​លោក​ក្បត់ជាតិ ភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៣។

ជិត​មួយ​សប្តាហ៍​ក្រោយ​ការ​ផ្តន្ទោទោស​នោះ លោកកឹម សុខាមិន​ព្រម​ទទួល​យក​សាលក្រម​របស់​តុលាការនោះ​ទេ ​ហើយ​ការ​ប្រើប្រាស់​សិទ្ធិ​ពលរដ្ឋ​របស់​មេ​ដឹក​នាំ​នយោបាយ​ជំទាស់​រូប​នេះក៏ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ជុំវិញ​ការ​និយាយ​ស្តី​ ឬ​ការ​ទទួល​បាន​សេវា​សង្គ្រោះ​បន្ទាន់​ ដោយ​សារ​អ្នក​នយោបាយ​នេះ​មាន​វ័យ​ចំណាស់ ​និង​មាន​បញ្ហា​សុខភាព។ ​នេះ​បើ​តាម​សហ​មេធាវី​ការ​ពារ​ក្តី​លោក​កឹម សុខា​មួយ​រូប ​ដែល​បាន​ប្រាប់​សំឡេង​សហ​រដ្ឋ​អាមេរិក​វីអូអេ។​

អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោកកឹម សុខាកំពុង​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឃុំ​ខ្លួននៅ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​សង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ​ ក្រោយ​ពី​តុលាការ​រក​ឃើញ​ថា​ លោក​មាន​ទោស​ពីបទ​ក្បត់​ជាតិ។

សហ​មេធាវី​ការ​ពារ​ក្តី​មួយ​រូប​របស់​លោកកឹម សុខា ​គឺអ្នកស្រី​ម៉េង សុភារី​ ​ប្រាប់​វីអូអេ​ តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​ បើ​តាម​សាលក្រម​របស់​តុលាការ​ មាន​តែ​សមាជិក​គ្រួសារ​លោកកឹម សុខាទេ​អាច​ចូល​ជួប​គាត់​បាន​ ហើយ​ដោយ​ឡែក​អ្នក​ដទៃ ​ទោះ​មាន​សញ្ជាតិ​ខ្មែរ​ ឬ​ជន​បរទេស​ ក៏​មិន​អាច​ចូល​ជួប​គាត់​បាន​ដែរ។​

អ្នក​ស្រី​បន្ថែម​ថា​ លោក​កឹម សុខា​មិន​ព្រម​ទទួល​យក​សាលក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញទេ​ ហើយ​លោក​នឹង​បន្ត​ទាមទារ​រក​យុត្តិធម៌។​ ​

អ្នក​ស្រី​ថ្លែង​ថា៖​ «សាលក្រម​របស់​សាលាដំបូងគឺ​គាត់​អត់​ទទួល​យក​បាន​ទេ​ ហើយ​គាត់​នៅ​តែ​ទាមទារ​ស្វែង​រក​យុត្តិធម៌​សម្រាប់​គាត់​បន្ត​ទៅ​ទៀត​ចា៎»។

អ្នក​ស្រី​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ​ក្រុម​មេ​ធាវីការពារ​ក្តី​ក៏​នឹង​ពិភាក្សា​អំពី​សិទ្ធិ​ពលរដ្ឋ​របស់​លោក​កឹម សុខា​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ​ ដោយ​លើក​ហេតុ​ផល​ថា​ សាល​ក្រម​របស់​តុលាកា​រមិន​បាន​ផ្តល់​សេចក្តី​ពន្យល់​ច្បាស់​លាស់អំពី​សិទ្ធិ​ដែល​លោក​កឹម សុខា​អាច​ប្រើ​ប្រាស់​បាន ដោយ​សំដៅ​លើ​សិទ្ធិ​ជា​ពលរដ្ឋ។​

អ្នក​ស្រី​លើក​ឡើង​ថា៖ ​«ទាក់​ទង​នឹង​សិទ្ធិ​និយាយ​ស្តី​របស់​គាត់ ​យើង​អត់​ច្បាស់​ដូច​គ្នា​ ពី​ព្រោះ​អី នៅ​ក្នុង​ចំណុច​ទីពីរ​នៃ​សាលក្រមគឺ​ដក​សិទ្ធិ​ពលរដ្ឋ​ សិទ្ធិ​ឈរ​ឈ្មោះ​ សិទ្ធិ​ឲ្យ​គេ​បោះ​ឆ្នោត។ ​អ៊ីចឹង​ យើង​ក៏​អត់​ច្បាស់​លាស់​ថា​ តើ​សិទ្ធិ​ពលរដ្ឋ​កម្រិត​ណា? ​សិទ្ធិ​ពលរដ្ឋ​ហ្នឹង​ សិទ្ធិ​អីគេ​ខ្លះ​ ដែល​ថា​ គាត់​ត្រូវ​បាន​ហាម​ឃាត់​ អត់​ឱ្យ​ប្រើ​ប្រាស់​សិទ្ធិ​ទាំង​អស់​នោះ។​ អា​កន្លែង​ចំណុច​នេះក៏​យើង​នៅ​តែអត់ទាន់ច្បាស់លាស់ដូច​គ្នា»។​

ទាក់​ទិន​បញ្ហា​សុខភាព​ អ្នកស្រី​មេធាវី​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ ព្រោះ​ប្រសិន​បើ​លោក​កឹម សុខា​ និង​ភរិយា​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់​ដោយ​ប្រការ​ណា​មួយ​ក្នុង​ពេល​មាន​បញ្ហា​សុខភាព​នោះ​ ក៏​មិន​ដឹង​ថា​នឹង​មាន​ការ​អន្តរាគមន៍​យ៉ាង​ដូច​ម្តេច​ដែរ។​

អ្នក​ស្រី​ថ្លែង​ថា៖ «បើ​សិន​ជា​ចង់​ជួប​គាត់​ លុះត្រា​តែ​មាន​ការ​អនុញ្ញាត​ពី​ព្រះ​រាជ​អាជ្ញា​ ហើយ​ក្នុង​ករណី​ដែល​គាត់​មាន​ជំងឺ​ដង្កាត់​ ឬ​មួយ​ក៏​ត្រូវ​ការ​ការ​សង្គ្រោះ​បន្ទាន់​ ត្រង់​ចំណុច​នេះក៏​វា​ជា​ការ​លំបាកមួយ​សម្រាប់​គាត់​ដែរ ថា​តើ​ទាល់​តែ​ត្រូវ​ការ​ការ​អនុញ្ញាត​ឬ​មួយ​ក៏ត្រូវ​ការ​ជំនួយ​បែប​ណាដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​បាន»។​

នៅ​ព្រឹកថ្ងៃ​ពុធ​នេះ​ នៅ​ខាង​មុខ​គេហដ្ឋានលោក​កឹម សុខា​មាន​សភាព​ស្ងប់​ស្ងាត់​ និង​គ្មាន​មនុស្ស​ដើរ​ចេញ​ចូល​ដូច​មុន​ ហើយ​នៅ​បរិវេណ​ក្បែរ​ផ្ទះ​លោក​ គេ​សង្កេត​ឃើញ​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​នគរបាល​ស្លៀក​ពាក់​ឯក​សណ្ឋានជាង​១០​នាក់​ឲ្យ​នៅការ​ពារ​សន្តិសុខ។ ​ប៉ុស្តិ៍​យាម​មួយ​ដែល​ធ្លាប់​មាន​សន្តិសុខប្រចាំការ​នៅ​ជាប់​នឹង​ផ្ទះ​លោក​កឹម សុខា​នោះ​ក៏​ត្រូវ​បាន​គេសង្កេត​ឃើញ​ថា​ ទុក​នៅ​ទំនេរ​ចោល។​

លោក​មុត ចន្ថា​ ជំនួយ​ការ​ស្និទ្ធ​នឹង​លោក​កឹម​សុខា ​ប្រាប់​វីអូអេ​ថា​ លោក​មិន​មាន​ដំណឹង​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​លោក​កឹម សុខា​នោះ​ឡើយ ​ព្រោះ​លោកក៏​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ហាម​ឃាត់​មិន​ឱ្យ​ជួប​លោកកឹម សុខា​ផង​ដែរ។​ ​

អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ប្លង់ សុផលមិន​ទាន់​ឆ្លើយ​តប​សំណួរ​សំឡេង​សហ​រដ្ឋ​អាមេរិក​ដែល​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃ​ពុធ​នេះ​ទេ។​

ការ​ប្តឹង​ផ្តល់​ប្រឆាំង​នឹង​អ្នក​នយោបាយ​ជំទាស់ត្រូវ​អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា​ មិន​មែន​កើត​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ។​

អ្នក​វិភាគ​នយោបាយ​លោក​សេង សារី​ថ្លែង​ថា​ មាន​ករណី​កាត់​ទោស​មេ​បក្ស​ជំទាស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​ថា​ លោកពិបាក​នឹង​ធ្វើការ​ប្រៀប​ធៀប​រវាង​ករណី​លោក​កឹម សុខា​ និង​ករណី​មេ​បក្ស​ជំទាស់​ក្នុង​តំបន់​ ដោយសារ​តែ​របៀប​របប​ដឹកនាំ​នយោបាយ​មាន​លក្ខណៈ​ខុស​គ្នា​ ហើយ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​ក៏លែង​មាន​សេចក្តី​ប្រាថ្នា​របប​នយោបាយ​បែប​សេរី​ និង​ចង់​ឲ្យ​មាន​តែគណបក្ស​មួយ​ដឹកនាំ​រដ្ឋាភិបាល​កើត​ចេញ​ពីការ​បោះឆ្នោត​ក្រោម​ទិដ្ឋភាព​មាន​គណបក្សចម្រុះ​ចូល​រួម។​

តុលាការ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក៏​បាន​កាត់​ទោស​មេ​ដឹកនាំ​នយោបាយ​ជំទាស់​ ដូច​នៅ​កម្ពុជា​ផង​ដែរ​ ក្រោម​បទ​ចោទ​ប្រកាន់​ផ្សេងៗគ្នា ​តែ​ទម្ងន់​ទោស​គឺ​ខ្លះ​ធ្ងន់​ និង​ទាប​ ដូច​យ៉ាង​ករណី​មេ​ដឹកនាំ​សម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ (NLD)​នៅ​ប្រទេស​ភូមា​គឺ​លោក​ស្រី​ Aung San Suu Kyi ​ដែល​ត្រូវ​តុលាការ​របប​យោធាកាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​សរុប​៣៣​ឆ្នាំ​ពី​បទ​ព្រហ្មទណ្ឌ​ជាច្រើន​ រីឯ​ករណី​មេ​ដឹកនាំ​ប្រឆាំង​ដ៏​យូរ​ឆ្នាំរបស់​ម៉ាឡេស៊ី​គឺ​លោក​ Anwar Ibrahim ​ធ្លាប់​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារជិត​មួយ​ទស​វត្សរ៍​ពី​បទ​សេព​សន្ថវៈ​ មុន​លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​កាល​ពីខែ​វិច្ឆិកា ​ឆ្នាំ​២០២២។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ​និង ​Reuters។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​អំ សំអាត​ ​នៅ​តែ​រំពឹង​ថា ​អ្នក​នយោបាយ​ខ្មែរ​នឹង​ចូល​តុ​ចរចា ​ដោយប្រើ​ប្រាស់​វប្បធម៌​សន្ទនា​ដើម្បី​ផល​ប្រយោជន៍​ប្រជាជន​ខ្មែរ។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា​ អ្នក​នយោបាយ​ខ្មែរ​នឹង​អាច​មាន​ការ​ចរចា​ផ្នែក​នយោបាយ​ដើម្បី​បញ្ចប់​នូវ​ការ​ជាប់​គាំង​ឬ​ក៏​បញ្ហា​ឯក​ឧត្តម​កឹម សុខា​នេះ»។​

កូនស្រី​ច្បង​របស់លោក​កឹម សុខា​គឺ​កញ្ញា​កឹម មនោវិទ្យា​មិន​ឆ្លើយ​សំណួរ​របស់​សំឡេង​សហ​រដ្ឋ​អាមេរិក​វីអូអេ​ពាក់​ព័ន្ធ​ស្ថានភាព​ឪពុក​ ក្រោយ​ការ​ប្រកាស​សាលក្រម​នោះ​ទេ​។ នាង​លើក​ឡើង​ថា ​បច្ចុប្បន្ន​នាង​កំពុង​ផ្តោត​លើអ្នក​តាមដានអន្តរជាតិ​សម្រាប់ការ​តស៊ូ​មតិ។​

ប៉ុន្តែ​នាង​បាន​អំពាវនាវ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គមឱ្យ​ប្រទេសលោក​ខាង​លិច​ ​ដែល​ជា​ដៃ​គូ​ពាណិជ្ជ​កម្ពុជាប្រើប្រាស់​ឥទ្ធិពល​ខ្លួន​ដើម្បី​ឱ្យ​របប​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា​ទទួល​ខុស​ត្រូវ​ និង​ដាក់​ទណ្ឌ​កម្ម​លក្ខណៈ​បុគ្គល​លើ​មន្ត្រី​កម្ពុជា​ចំពោះ​អ្វី​ដែល​នាង​ថា ​ជា​ការ​បង្ក្រាប​លើលទ្ធិ​ប្រជា​ធិបតេយ្យ។ ​នេះបើ​តាម​ការ​អត្ថាធិប្បាយ​មួយ​ចំនួន​របស់​នាង​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​ Twitter ​ក្រោយ​ការ​ប្រកាស​សាលក្រម​លោក​កឹម សុខា​កាលពី​ថ្ងៃទី៣​ ខែ​៣ ​ឆ្នាំ​២០២៣​នេះ។​

ទោះមាន​ការ​អំពាវនាវ​បែប​នេះ​ក្តី ​ អ្នក​វិភាគ​នយោបាយ​លោក​សេង សារី​មិន​ជឿ​ថា ​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិអាច​ធ្វើឱ្យ​រដ្ឋាភិបាល​កម្ពុជា​ញញើត​នោះ​ឡើយ​ ព្រោះ​កាលពី​គ្រា​មុន​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ហៅ​កាត់​ថា​ EBA ​ហើយ​ក្រោយ​មក​ស្ថាន​ការណ៍​នៅ​យ៉ាប់​យ៉ឺន​ដដែល​ ពោល​គឺ​មិន​មានអ្វី​ផ្លាស់​ប្តូរ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​«ដូច្នេះ​ហើយ​យើង​ឃើញ​ថា ​យន្តការ​អន្តរជាតិ​ ហាក់​ដូចជា​មិន​មាន​ប្រសិទ្ធ​ភាព ​សូម្បី​តែ​កន្លង​មក​យើង​ឃើញ​ទាំង​យន្តការ​ក្តៅ​ យន្តកា​រការ​ទូត​ក៏​នៅ​តែមិន​ធ្វើ​ឱ្យ​រដ្ឋាភិបាលកម្ពុជាផ្លាស់​ប្តូរ​ឥរិយាបថ​ ដែល​ទាក់​ទង​ទៅ​នឹង​ការ​ទាម​ទារ​ឬ​ក៏​ស្នើសុំពី​អន្តរ​ជាតិ​នោះ​ដែរ»។​

បើ​តាម​អ្នក​វិភាគ​រូប​នេះ​ មាន​សេណារីយោ​ ឬ​លទ្ធភាព​ដែល​អាច​កើត​ឡើង​ចំនួន​ពីរចំពោះ​ករណី​លោក​កឹម សុខា។ ​ទី​១​បើ​សិន​ជា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​លែង​ត្រូវ​ការ​អ្នក​នយោបាយ​ជំទាស់ដើម្បី​លម្អ​នូវ​អ្វី​ដែល​លោក​ហៅ​ថា​«សួន​ប្រជា​ធិបតេយ្យ»​នោះ ​វា​នឹង​ពិបាក​សម្រាប់​លោក​កឹម សុខារើខ្លួន​រួច​ពីការ​ផ្តន្ទាទោស​នា​ពេល​ថ្មីៗ​នេះ។​ ទី​២ ​អាច​មាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ​តាម​រយៈ​ការ​ស្នើ​ពី​នាយក​រដ្ឋ​មន្ត្រី​ ប្រសិន​ជា​មាន​ស្ថាន​ការណ៍​អ្វី​មួយ​ប្រែប្រួល​ ដែល​អាចជំរុញ​ឱ្យ​លោក​ហ៊ុន សែន​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​មកស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​នោះ៕

XS
SM
MD
LG