អង្គការ​សិទ្ធិ​មនុស្ស​មាន​ផែនការ​បន្ត​ការដាក់​គំនាប​លើ​ប្រទេស​កូរ៉េ​ខាង​ជើង

  • Brian Padden

លោក Marzuki Darusman​ អ្នក​តំណាង​ពិសេស​​របស់​អ.ស.ប.​ ​អំពី​សិទ្ធិ​មនុស្ស​នៅ​កូរ៉េខាងជើង​

កាល​ពី​សប្តាហ៍​មុន ​អ្នក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​កំពូល​ម្នាក់​របស់​អង្គការ​ស​ហ​ប្រជាជាតិបាន​ធ្វើ​ការ​ជួប​ប្រជុំ​ជាមួយ​ពួក​អ្នក​ការទូត​កូរ៉េខាង​ជើង​អំពី​លទ្ធភាព​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ចដើម្បី​វាយ​តម្លៃការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នោះ។ ​ការ​ចរចា​នេះកើត​មាន​ឡើងនៅពេល​ដែលកូរ៉េខាង​ជើង​ព្យាយាម​រារាំងអង្គការ​សហ​ប្រជាជាតិ​មិន​ឲ្យ​បញ្ជូន​របាយ​ការណ៍​ស្ថានភាព​សិទ្ធិ​មនុស្សរបស់​ប្រ​ទេសខ្លួន​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ ​(ICC)។​

ជំនួប​កាល​ពី​សប្តាហ៍​មុន​រវាង​លោក ​Marzuki Darusman ​អ្នក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​និង​ពួក​អ្នក​ការទូត​កូរ៉េខាង​ជើង​កើត​មាន​ឡើងបន្ទាប់​ពី​ការស៊ើប​អង្កេត​នាំមុខ​មួយ​របស់​លោក​ Darusman ​ពីស្ថាន​ភាពសិទិ្ធ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​របស់​ប្រ​ទេសនោះ។ ​គណៈ​កម្មការ​ស៊ើប​អង្កេត​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ចេញ​សេចក្តី​រាយការណ៍​នៅ​ដើម​ឆ្នាំ​នេះ ​ដែល​កត់​ត្រា​ពី​ប្រព័ន្ធការ​ងារ​ គុកនយោ​បាយក្នុង​ប្រទេស​កូរ៉េខាង​ជើង​ដែលកំពុង​ឃុំ​ឃាំង​មនុស្ស១សែន​២​ម៉ឺន​នាក់ហើយនិង​បញ្ជី​ពី​ភាព​ព្រៃផ្សៃ​ដែល​រួមមានការ​កម្ចាត់ ​ការ​ធ្វើ​ឃាត ​ការ​ធ្វើ​ទារុណកម្ម ​ការចាប់​ដាក់​គុក​ ​ការ​ចាប់​រំលោភ​ ​ការ​ពន្លូត​កូន​ដោយ​បង្ខំហើយ​នឹង​អំពើ​ហិង្សា​ខាង​ផ្លូវ​ភេទ​ផ្សេងៗទៀត។​

លោកស្រី ​Joanna Hosaniak ​នាយិកា​រងនៃអង្គការ​សម្ព័ន្ធ​ភាពពលរដ្ឋ​ដើម្បី​សិទ្ធិ​មនុស្ស​កូរ៉េ​ខាង​ជើង​ដែល​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សហ​ប្រជា​ជាតិ​ បានរាយ​ការណ៍​លម្អិត​ពី​ទំហំនៃ​ការ​រំលោភ​ធ្វើ​បាប​នៅ​ក្នុង​ប្រទេស​នោះ។ ​លោកស្រី​មាន​ប្រសាសន៍ថា​ ប្រភេទ​នៃ​ការ​រំលោភ​ធ្វើ​បាបជា​ប្រព័ន្ធ​បាន​រាលដាល ​ដែល​ផ្អែក​លើកម្រិត​នៃ​ភាព​ស្មោះ​ត្រង់ដល់​ពួក​អាជ្ញាធរ​នៅ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង។​

ជន​ជាតិ​កូរ៉េខាង​ជើង​រាប់​ពាន់​នាក់​អាច​ត្រូវ​គេ​ចាត់​ទុកថា​ ជា​សត្រូវ ​ពី​ព្រោះ​តែសមាជិកផ្សេង​ទៀត​របស់ក្រុម​គ្រួសារ​ខ្លួន​កាល​ពី​អតីតកាលបាន​ជំទាស់​ប្រឆាំង​ឬ​មិន​បានគាំទ្រ​របប​នោះ។ ​បន្ទាប់​មក​ពួកគេ​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​ជំរំ​ការងារ​ដោយបង្ខំដើម្បី​ធ្វើ​ការងារ​ពី​១៦​ម៉ោង​ទៅ​១៨​ម៉ោងក្នុង​មួយ​ថ្ងៃ ​ហើយ​ត្រូវបាន​គេ​ផ្តល់​របប​អាហារ​តិច​តួច​បំផុត។​

«អ្នក​ទោស​ជា​ច្រើន​បានស្លាប់នៅ​ឆ្នាំ​ទី​១ដោយ​សារ​ការ​បញ្ជូនទៅ​កាន់​ជំរំ​នោះ ​ពីព្រោះ​តែ​គេ​ត្រូវ​ការ​ចំណាយ​ពេល​វេលាដើម្បី​សម្រប​ទៅ​តាមការងារ​ដ៏​លំបាក​នេះ​ហើយ​នឹង​សម្រប​ទៅ​តាម​កម្រិត​ចំណី​អាហារ​ដែល​ពួក​គេ​ផ្តល់​ឲ្យ។ ​ហើយ​ម្ហូប​ដែល​គេផ្តល់​ឲ្យ​នោះគ្មាន​ជីវជាតិ​ទេ»។​

លោក ​Phil Robertson ​នាយករង​ទទួល​បន្ទុក​តំបន់​អាស៊ី​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​ និយាយ​ថា គណៈ​កម្មការ​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​ បង្ហាញ​ពី​កម្រិត​ភាព​ព្រៃផ្សៃ​ដែល​គេ​មិន​បាន​ឃើញ​ចាប់​តាំង​ពី​ជំរំ​ប្រមូល​ផ្តុំរបស់​ពួក​ Nazi ក្នុង​សង្គ្រាម​លោក​លើក​ទី​២​មក ​ហើយ​ការណ៍​នេះ​តម្រូវឲ្យ​មាន​ការ​ឆ្លើយ​តប​ជា​អន្តរជាតិ​ក្នុង​សំឡេង​តែ​មួយ។​

«ការណ៍​ពិត​គឺ​ថា ​គណៈកម្មការ​ស៊ើប​អង្កេត​នោះនិយាយ​យ៉ាង​ច្បាស់​ថា ​នេះជាការ​រំលោភ​សិទ្ធិ​មនុស្សដែល​គ្មានអ្វី​ប្រៀប​ប្រដូច​បាន​ ដែល​គេ​ទាំង​អស់បាន​ដឹង​នៅ​ក្នុង​រយៈ​ពេល​៣០​ឬ​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដែល​ចង្អុល​បង្ហាញ​ថា ​អង្គការ​ស​ហប្រជាជាតិត្រូវតែ​ត្រឡប់​មក​ធ្វើ​តាម​គោល​បំណង​កាល​ពី​ដើម​វិញ​ដែល​ត្រូវ​រារាំង​ឧក្រិដ្ឋ​កម្ម​ដ៏ព្រៃផ្សៃ​នោះ»។​

អង្គការ​សិទ្ធិ​មនុស្ស​បាន​គាំទ្រ​អនុសាសន៍​នៃ​របាយ​ការណ៍​ដើម្បី​កាត់​ទោសពួក​មន្រ្តី​កូរ៉េខាង​ជើង រួមទាំង​មេដឹកនាំ​ Kim Jong Un ​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​នៅឯ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ។​

ពួក​អ្នកការទូត​កូរ៉េខាង​ជើង ​បាន​ប្រកាស​ប្រឆាំង​ការ​ប្រមូល​ចងក្រង​សេចក្តី​រាយ​ការណ៍​នោះ​ថា​ជា​ភូតកុហក ​ប្រឌិត​និង​បង្ខូច​កេរ្ត៍​ឈ្មោះ។​

មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​ត្រូវ​គេ​រំពឹង​ថា ​នឹង​បោះឆ្នោតលើ​បញ្ហា​នេះ​នៅ​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា​នេះ។ ​ទោះ​បី​ប្រទេស​ភាគ​ច្រើន​បោះឆ្នោត​កាត់​ទោស​ពួក​មន្រ្តី​កូរ៉េខាង​ជើង​ក៏​ដោយ​ ​វិធានការ​នេះ​ទំនង​ជាត្រូវ​បាន​បោះឆ្នោត​វ៉េតូ​ដោយ​ប្រទេស​ចិន​ ឬ​រុស្ស៊ីនៅពេល​ដែលវិធានការ​នេះ​ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ។​

ទោះ​ជាយ៉ាង​នោះ​ក៏ដោយ ​លោកស្រី​ Hosaniak ​និយាយ​ថា ​សេចក្តី​រាយការណ៍​នោះ​បាន​ទទួល​ជោគ​ជ័យ​រួច​ទៅ​ហើយ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ពិភព​លោកយក​ចិត្ត​ទុកដាក់​លើ​ការ​រំលោភ​សិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង ​ហើយ​ពិភពលោក​បាន​យក​ចិត្ត​ទុក​ដាក់​អំពីកូរ៉េខាង​ជើង ​ដែល​កំពុង​ពិភាក្សាពី​លទ្ធភាព​អនុញ្ញាតឲ្យ​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សហ​ប្រជាជាតិ​ចូល​ក្នុង​ប្រទេស​នោះជាលើក​ដំបូង​ ​ប្រសិនបើ​អង្គការ​ពិភព​លោក​នេះ​ទម្លាក់​ចោលកិច្ច​ខំ​ប្រឹង​ប្រែងដើម្បី​កាត់​ទោសពួក​មន្រ្តី​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​នោះ។​

«ការណ៍​នេះ ​ជា​អ្វីដែល​ធ្វើ​ឲ្យមន្រ្តី​កូរ៉េខាង​ជើង​ធ្វើ​ការ​ផ្លាស់​ប្តូរ ​ដែល​ពួកគេ​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ពី​ការគិត​របស់​សហគមន៍​អន្តរជាតិ​ដែល​អាច​ធ្វើឲ្យ​ពួកគេទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ទាំង​នេះ»។​

លោក ​Robertson ​និយាយ​ទៀត​ថា ​នេះ​ជា​វិធានការដ៏ល្អលើក​ទី​មួយ​ ក៏ប៉ុន្តែ​គេ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត​ដើម្បី​ធ្វើ​ឲ្យ​សម្រេច។​

«នៅ​ពេល​ដែល​មាន​កម្លាំង​ពិត​ប្រាកដ ​នៅពេល​ដែល​មាន​ការ​គំរាម​ពិត​ប្រាកដ​ដើម្បី​ធ្វើ​ឲ្យ​ពួក​មេដឹកនាំ​ទទួល​ខុស​ត្រូវនៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង ​រដ្ឋាភិបាល​នឹង​មាន​ប្រតិកម្ម​ ក៏​ប៉ុន្តែ​ខ្ញុំមិន​ជឿ​ភ្លាមៗ​ថា ​យើង​នឹង​ឃើញ​ការតាំង​ចិត្តជា​ដុំ​កំភួនណា​មួយ​ដល់​កំណែ​ទម្រង់ដែល​នាំ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​ទេ»។​

សកម្មជន​ទាំង​នោះ​និយាយ​ថា ​នេះគ្រាន់​តែ​ជា​ការ​ចាប់​ផ្តើមនៃ​យុទ្ធសាស្រ្ត​ដើម្បីបង្កើន​ការ​គាប​សង្កត់​លើ​កូរ៉េខាង​ជើង​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្តូរហើយ​នឹង​បញ្ជូន​សារថា ពួក​មន្រ្តី​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នឹង​ត្រូវ​ទទួល​ខុសត្រូវ៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន