ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​សន្តិសុខ​ជាតិកូរ៉េ​ខាង​ត្បូង​ ត្រូវ​បាន​និយាយ​ថា​បាន​រំលោភ​លើ​សេរីភាព​បញ្ចេញ​មតិ


បណ្តាញ​សង្គម​ ធ្វីតធឺ (Twitter)
បណ្តាញ​សង្គម​ ធ្វីតធឺ (Twitter)

កាល​ពី​ឆ្នាំ​២០១១ ការ​ដាក់​បង្ហោះ​លើ​គេហរទំព័រ​នូវ​សារតាមអ៊ីនធឺណែត​ចំនួន ៦៧.៣០០ ត្រូវ​បានលុបចោល។

ដោយ Jason Strother
ប្រែសម្រួល​ដោយ លី​ សុខ​ឃាង
ក្រុម​សិទ្ធិមនុស្សអង្គការ​លើកលែង​ទោស​អន្តរជាតិ​(Amnesty International)​ ថ្លែងថា​ ច្បាប់​មួយ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​ត្រូវ​បាន​តាក់​តែង​ឡើង​ដើម្បី​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ការ​ឃោសនា​គាំទ្រ​ប្រទេស​កូរ៉េ​ខាង​ជើង​ ​បាន​ដាក់​កម្រិត​លើ​សេរីភាព​បញ្ចេញមតិ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​សិទ្ធិមនុស្ស​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ ដែល​បានថ្កោល​ទោស​ច្បាប់​សនិ្តសុខ​ជាតិ​ដែលមាន​ជាយូរ​មកហើយ​មួយ​នេះ និង​បាន​ទទូចសុំ​ឲ្យអ្នកនយោបាយ​កូរ៉េ​ លុបបំបាត់​ច្បាប់​នោះ​ចោល។
លោក ប៉ាក​ ជុនជឿន (Park Jung-geun) និយាយថា​ លោក​មិនមែន​ជាអ្នក​គាំទ្ររដ្ឋាភិបាល​កូរ៉េ​ខាងជើងនោះទេ។ ប៉ុន្តែ​ កាល​ពីពេល​ថ្មីៗនេះ ជនជាតិកូរ៉េ​ខាងត្បូង​វ័យ​២៤​ឆ្នាំ​រូបនេះ ត្រូវ​បានរក​ឃើញ​ថាមាន​កំហុស​ចំពោះការគាំទ្រ​រដ្ឋាភិបាល​ទីក្រុង ព្យុង​យ៉ាង (Pyongyang)។
លោកនិយាយ​ថា លោក​គ្រាន់​តែ​ព្យាយាម​កំប្លែង​លេង​នៅ​តាម​បណ្តាញ​សង្គម​ ធ្វីតធឺ (Twitter) តែ​ប៉ុណ្ណោះ។
លោក​ថ្លែង​ថា អ្វី​ដែល​លោក​បាន​ធ្វើ គឺ​និយាយ​ឡើង​វិញនូវ​សារមួយ ដែល​មាន​ប្រភព​ដើម​ចេញ​ពី​គេហរទំព័រគាំទ្រ​កូរ៉េ​ខាង​ជើង​។ ​លោក​និយាយថា លោក​បានគិត​ថា សារនោះ​គួរ​ឲ្យ​អស់​សំណើច។
កាល​ពីឆ្នាំ​ទៅ លោក ប៉ាក ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ផ្ញើ​សារ​នោះ​នៅ​តាម​បណ្តាញ​សង្គម​ ធ្វីតធឺ។ លោក​បាន​ចំណាយ​ពេល​អស់​៤០​ថ្ងៃ​ នៅ​ក្នុងកន្លែង​ឃុំ​ឃាំង ហើយ​ម៉ាស៊ីន​កុំ​ព្យូទ័រ​របស់​លោក​ត្រូវ​បាន​រឹបអូស​ដោយ​អជ្ញាធរកូរ៉េ​ខាងត្បូង។ ចៅក្រម​មួយ​រូប​នៅទីក្រុង ស៊ូ​វុន ​(Suwon) បាន​សម្រេចកាល​ពី​សប្តាហ៍មុន​ថា​ លោក ប៉ាក បាន​បំពានលើ​ច្បាប់​សន្តិសុខ​ជាតិ និង​បាន​ចេញ​សាលក្រម​ព្យួរ​ទោស​រយៈពេល​១០​ខែ។ ឥឡូវនេះ លោក ប៉ាក មានសេរីភាពវិញ​ហើយ ប៉ុន្តែ​ប្រឈម​មុខ​នឹង​ពេល​វេលា​សម្រាប់​ការជាប់​ឃុំ​ឃាំង ប្រសិន​បើ​លោក​បំពាន​ច្បាប់នេះ​ម្តង​ទៀត។
លោក ប៉ាក និយាយថា ច្បាប់​សន្តិសុខ​ជាតិ រំលោភលើ​សេរីភាព​បញ្ចេញមតិ​របស់​លោក និង​អ្នកផ្សេងៗ​ទៀត​ជាច្រើន។
លោក​ថ្លែង​ថា ប្រជាពលរដ្ឋគួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សម្តែង​មតិដោយ​ខ្លួនឯង។ ហើយ លោក​បាន​បន្ថែម​ទៀត​ថា ជាពិសេស បទបញ្ញាតិនៃ​ច្បាប់ ដែល​ដាក់​ឲ្យ​នៅ​ក្រៅ​ច្បាប់ចំពោះ​ការ​លើកសរសើរអំពី​កូរ៉េខាង​ជើង កំពុង​ត្រូវ​បានបំពាន​ដោយ​រដ្ឋាភិបាល។
ក្រុម​សិទ្ធិមនុស្ស​ អង្គការលើកលែង​ទោស​អន្តរជាតិ យល់​ស្រប​ជាមួយ​លោក ប៉ាក។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​នេះបាន​ប្រើ​ប្រាស់​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ចេញ​ផ្សាយ​របាយការណ៍មួយ​ ដែល​ថ្កោល​ទោស​ច្បាប់​សន្តិសុខ​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង។
លោក កាល សាងដុន (Kal Sangdon) ដែលជានាយក​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិប្រចាំនៅ​កូរ៉េខាង​ត្បូង​ មាន​ប្រសាសន៍​ថា នៅក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ លី​ យ៉ុង​បាក់​ (Lee Myung-bak) ការស៊ើប​អង្កេត​ទៅលើការចោទប្រកាន់​អំពីសកម្មភាព​គាំទ្រ​កូរ៉េខាង​ជើង មានការ​កើនឡើង។
លោក កាល់ និយាយថា ច្បាប់​សន្តិសុខ​ជាតិ កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់ដើម្បី​ដាក់​កម្រិត​លើ​សេរីភាព​បញ្ចេញមតិ ជាពិសេស​នៅ​តាម​បណ្តាញ​អ៊ីន​ធឺណិត។ លោក​ថ្លែងទៀត​ថា កាល​ពី​ឆ្នាំ​២០១១ ការ​ដាក់​បង្ហោះ​លើ​គេហរទំព័រ​នូវ​សារតាមអ៊ីនធឺណែត​ចំនួន ៦៧.៣០០ ត្រូវ​បានលុបចោល ដោយសារ​សារ​ទាំងនោះ ត្រូវ​បាន​ចាត់​ទុក​ថា​ជាការ​លើក​សរសើរ​កូរ៉េខាងជើង ឬ​រិះគន់រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និងកូរ៉េ​ខាង​ត្បូង។ នោះ​ជា​ការ​កើនឡើង​ចំនួន​៥ដង​នៅ​ក្នុង​រយៈពេល​តែ​២ឆ្នាំ​កន្លងមកតែ​ប៉ុណ្ណោះ។
ទោះបី​ជា​មានការ​កើនឡើងនូវ​ចំនួន​នៃ​ការ​ស៊ើបអង្កេត​ក៏ដោយ តួលេខ​នៃ​ការ​កាត់​ទោស​ពិតប្រាកដ​ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។ បើយោង​តាម​ស្ថិតិ​របស់​រដ្ឋាភិបាល មានការ​ស៊ើប​អង្កេត​របស់​ប៉ូលីស​ចំនួន​៩០​ករណី ប៉ុន្តែមាន​តែ​ជន​ជាតិ​កូរ៉េខាង​ត្បូង​ចំនួន​១៩​នាក់ប៉ុណ្ណោះ ត្រូវ​បាន​ឃុំ​ឃាំង​ពី​បទ​រំលោភបំពាន​ច្បាប់សនិ្តសុខ​ជាតិ។​
លោក កាល់ ថ្លែងថា ដោយ​ឈរលើ​ហេតុ​ផលទាំងនេះ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ជឿជាក់ថា ច្បាប់​នេះ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បីបំភិត​បំភ័យទៅ​លើ​បុគ្គល​និង​ស្ថាប័ន ដែល​រិះគន់​គោល​នយោបាយ​កូរ៉េ​ខាង​ជើង​របស់​ លោក​ លី​ យ៉ុង​បាក់។​
លោក រ៉ា​ហ្សីវ ណារ៉ា​យ៉ាន (Rajiv Narayan) នាយកអាស៊ី​បូព៌ា​របស់​អង្គការ​លើកលែង​ទោស​អន្តរ​ជាតិ ថ្លែង​ថា ដើម្បី​ទប់ស្កាត់​ការរំលោភបំពាន​បន្ថែម​ទៀត វា​ដល់​ពេល​ហើយ​សម្រាប់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់។​
«យើង​កំពុង​ចេញផ្សាយឯកសារ​នេះ​ នៅ​ចំ​ពេល​ដែល​ប្រធានាធិបតី​ថ្មី​នឹង​ត្រូវ​បាន​ជ្រើស​តាំង​នៅ​ថ្ងៃ​ទី​១៩​ខែ​ធ្នូ។ យើង​កំពុង​អំពាវនាវ​ឲ្យ​បេក្ខ​ជនទាំងឡាយ ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ​មួយ ដើម្បី​គាំទ្រ​ដល់ការ​លុបបំបាត់ចោល​ច្បាប់​សន្តិសុខ​ជាតិ​ ឬ​កែ​ទម្រង់​ច្បាប់​នេះ​ជាមូលដ្ឋាន ឲ្យស្រប​ទៅតាម​កាតព្វកិច្ច​និង​ការ​ប្តេជ្ញាចិត្ត​ជា​អន្តរជាតិ​របស់​កូរ៉េខាង​ត្បូង»។
ប៉ុន្តែ​ ការ​លុប​ចោល ឬ​ការដាក់​កម្រិត​លើ​ច្បាប់​សន្តិសុខ​ជាតិ មិន​មែន​ជា​បញ្ហាដែលធ្វើ​ឲ្យ​ក្រុម​អ្នក​បោះឆ្នោត​ភាគ​ច្រើ​ន​ព្រួយ​បារម្ភនោះ​ទេ។ នេះ​បើ​យោង​តាម​លោក គឹម ចាងណាម (Kim Chang-nam) ដែល​បង្រៀន​នៅ​អង្គភាព​ទំនាក់​ទំនង នៅឯ​សាកលវិទ្យាល័យ សុងកុង​ហូ​(Sungkonghoe University)​ ក្នុង​ទី​ក្រុង សេអ៊ូល។
លោក គឹម និយាយថា ប្រជាពលរដ្ឋ​កូរ៉េ​ខាងត្បូង បាន​ទទួលការ​អប់រំប្រឆាំង​របប​កុម្មុយនីស្ត អស់​រយៈពេល​ជាយូរ​មក​ហើយ ដែល​ច្បាប់​សន្តិ​សុខ​ជាតិហាក់​ដូច​ជារឿងធម្មតា។ អ្នកនយោបាយ​នឹង​មិនមាន​លទ្ធភាព​ទទួល​បាន​សន្លឹក​ឆ្នោត​ច្រើន​ថែម​ទៀត​ទេ​ តាម​រយៈ​ការប្រឆាំងទៅនឹង​ច្បាប់​នេះ​ ក្នុង​អំឡុង​ពេល​នៃការធ្វើ​យុទ្ធនាការ។​
លោក គឹម ថ្លែង​ថា ​ប្រសិន​បើ​បេក្ខជន​អភិរក្ស​និយម​ លោកស្រី ប៉ាក់ ជុន​ហេ​ (Park Geun-hye) ឈ្នះ​ការ​បោះឆ្នោតនេះ លោក​រំពឹង​ថា​ ការពង្រឹង​ច្បាប់​សន្តិសុខ​ជាតិ​ នឹង​នៅតែ​ដដែល ដូច​បុព្វការី​របស់​លោកស្រី​ដែរ។ ប៉ុន្តែ​ លោក​ថ្លែងថា​ ប្រសិន​បើ​បេក្ខជន​បែប​ជឿន​លឿននិយម​ លោក មូន ចេ​អ៊ីន (Moon Jae-in)​ ឈ្នះ​វិញ វា​អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ខ្លះ។
លោក​និយាយថា យ៉ាង​ហោចណាស់ មាន​លទ្ធភាព​ ដែល​ច្បាប់​នេះអាច​ត្រូវ​បាន​កែ​សម្រួល។ ប៉ុន្តែ​ លោក​មិន​មើល​ឃើញ​ថា​ច្បាប់​នេះ​នឹង​ត្រូវ​បាន​បោះ​បង់​ចោល​ទាំង​ស្រុងនោះ​ឡើយ។
លោក ប៉ាក់ ជុងជឿន​ (Park Jung-geun) ដែលជាយុវជន​ដែល​ត្រូវ​បាន​រកឃើញ​ថាមាន​កំហុស​ពីបទ​រំលោភ​ច្បាប់​សន្តិសុខជាតិ ថ្លែង​ថា ចាប់​ពី​ឥឡូវនេះ​ទៅ លោក​នឹង​ឈប់​និយាយអ្វី​ទាំង​អស់​អំពី​ប្រទេស​កូរ៉េខាង​ជើង​នៅ​លើ​បណ្តាញសារព័ត៌មាន​សង្គម។​
លោក​និយាយថា ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ភាគ​ច្រើន ភ័យខ្លាច​មិន​ហ៊ានប្រើ​ប្រាស់​បណ្តាញ​ធ្វីតធឺ។ ហើយ​ លោក​បន្តថា លោក​បាន​បាត់​បង់​ចំណាប់​អារម្មណ៍ ទៅលើ​បណ្តាញ​នេះ៕
XS
SM
MD
LG