ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បន្ត​ទំនាក់ទំនង​រឹងមាំ​ជាមួយ​កូរ៉េខាងជើង


កាលពី​ពេល​ថ្មីៗនេះ កូរ៉េខាងជើង​បាន​បាញ់​បង្ហោះកាំជ្រួច​រ៉ុកកែត​កូរ៉េ​ខាង​ជើង​មួយ​គ្រឿង​ដែល​រងការ​រិះ​គន់​ពីសហគមន៍​អន្តរជាតិ។
កាលពី​ពេល​ថ្មីៗនេះ កូរ៉េខាងជើង​បាន​បាញ់​បង្ហោះកាំជ្រួច​រ៉ុកកែត​កូរ៉េ​ខាង​ជើង​មួយ​គ្រឿង​ដែល​រងការ​រិះ​គន់​ពីសហគមន៍​អន្តរជាតិ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ប្រធានាធិបតី​ចិន​ ហ៊ូ ជិនតាវ ​បាន​សន្យា​ថា​នឹង​ពង្រឹង​ចំណង​ទាក់ទង​គ្នា​ជាមួយ​កូរ៉េ​ខាង​ជើង ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ប្រទេស​ទាំង​ពីរ​គួរពង្រឹង​សន្តិភាព​និង​ស្ថិរភាព​ក្នុង​ឧបទ្វីប​កូរ៉េ។​

ទី​ភ្នាក់​ងារ​ព័ត៌មាន​ជា​ផ្លូវ​ការ​ Xinhua បានដកស្រង់​ការអត្ថាធិប្បាយ​របស់​លោក​ហ៊ូ​ ដែល​និយាយ​ទៅ​កាន់​គណៈប្រតិភូ​កូរ៉េខាង​ជើង​ដែល​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន។ ​ក្រុម​ប្រតិភូ​កូរ៉េ​ខាង​ជើង​បាន​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ចិន ​១០​ថ្ងៃ​ក្រោយ​ពី​កូរ៉េខាង​ជើង​បាន​បាញ់​បង្ហោះកាំជ្រួចផ្លោង​មួយ​គ្រឿង​ដែល​នាំ​ឱ្យ​មាន​ការ​តវ៉ា​ជា​ផ្លូវការ​ពី​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប​និង​រដ្ឋាភិបាល​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​ខាង​កើត។​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​បាន​គី​មូន​ក៏​បាន​ថ្កោល​ទោស​ការ​បង្ហោះនេះ ​ដែលបណ្តា​មន្ត្រី​បាន​និយាយ​ថា​ជា​ការ​រំលោភ​លើ​បទបញ្ញត្តិ​អន្តរជាតិ​ប្រឆាំង​នឹង​ការ​បាញ់​ពិសោធន៍​កាំជ្រួច​មីស៊ីល​ដោយ​កូរ៉េខាង​ជើង។

ការ​ដាក់តាំងបង្ហាញ​រថយន្ត​នៅ​ប្រទេស​ចិន
ការ​ដាក់តាំងបង្ហាញ​រថយន្ត​នៅ​ប្រទេស​ចិន

ចិន៖ ក្រុមហ៊ុន General Motors ​មាន​មូលដ្ឋាន​នៅ​អាមេរិក ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ធំបំផុត​ក្នុង​ពិភពលោក​និយាយ​ថា​ខ្លួន​នឹង​ពង្រីក​ការ​លក់​និង​កិច្ច​ប្រតិបត្តិការ​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​ដើម្បី​ខិតខំ​ព្យាយាម​ឱ្យ​មាន​ចំណែក​ទីផ្សារ​ធំ​ជាង​មុន ​នៅ​ក្នុង​ទីផ្សារ​លក់​រថយន្ត​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​ពិភពលោក។​

លោក​ដេន អាខឹសុន​Dan Akerson ​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ GM ​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទនៅ​ក្នុង​ពិព័រណ៍​រថយន្ត​ក្នុង​ក្រុង​ប៉េកាំង​ ថា​ក្រុម​ហ៊ុន​លោក​នឹង​បន្ថែម​ហាងលក់​រថយន្ត​៦០០​ទៀត​ក្នុង​ប្រទេស​ចិន​ក្នុង​ឆ្នាំ​នេះ ដោយបន្ថែម​លើ​ហាង​ចំនួន​២ពាន់​៩​រយ​ដែល​មាន​រួច​ស្រេច​ហើយ។​

នៅ​ពេល​ជាមួយ​គ្នា​នេះ​ ក្រុមហ៊ុន​ GM ​គ្រោង​នឹង​បង្កើន​ផលិតភាព​របស់​ខ្លួន​ក្នុង​ប្រទេស​ចិន​ឱ្យ​ដល់​៥​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​ឱ្យបាន​មុន​ឆ្នាំ​២០១៦​ ដោយ​មាន​ចំនួន​ជិត​២​ដង​នៃ​ចំនួន​រថយន្ត​ដែល​ក្រុម​ហ៊ុន​ GM ​និង​ពួក​ដៃ​គូ​ចិនរបស់​ខ្លួនបាន​លក់​ក្នុង​ប្រទស​ចិន​កាល​ពី​ឆ្នាំ​ទៅ​។

ភូមា៖ សភា​ភូមា​បាន​បើក​ជា​ថ្មី​កាល​ពី​ថ្ងៃ​ច័ន្ទ​ជាមួយ​លោក​ស្រី​អោង​ ​សាន​ស៊ូជី ​មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​និង​សមាជិក​សភា​៤២​នាក់់​ទៀត​នៅ​ក្នុង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោកស្រី​បាន​ប្រកែក​មិន​ព្រម​អង្គុយ​ក្នុង​អាសនៈ​របស់​ពួក​គេ​ដោយសារ​មាន​ជម្លោះ​មួយ​អំពី​ការ​ស្បថ​សច្ចា​ប្រណិធាន។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ដែរ​ សហភាពអឺរ៉ុប​បាន​ព្យួរ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​មាន​យូរយារ​មក​ហើយ​ប្រឆាំង​នឹង​ប្រទេស​ភូមា​សម្រាប់​ពេល​មួយ​ឆ្នាំ​ជា​ការឆ្លើយ​តប​នឹង​ការ​កែទម្រង់​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេសអាស៊ី​អាគ្នេយ៍​មួយ​នេះ​។

បារាំង​៖ លោក​ប្រធានាធិបតី​បារាំង​ Nicolas Sarkozy ​កំពុង​យក​ចិត្ត​ពួក​អ្នក​បោះឆ្នោត​និយម​នយោបាយ​ស្តាំ​បំផុត​របស់​ប្រទេស ក្រោយ​លោក​បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​ថ្នាក់​ទី​ពីរ​នៅ​ក្នុង​ការ​ បោះឆ្នោត​ប្រធានាធិបតីជុំ​ទី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ។​

ស៊ីរី៖ ពួក​សកម្មជន​ស៊ីរី​បាន​និយាយ​ថា​កង​កម្លាំង​រដ្ឋាភិបាល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​៩​នាក់​នៅ​ក្នុង​ក្រុង​មួយ​មាន​ចលាចល ​មួយ​ថ្ងៃ​ក្រោយ​ពី​ពួក​អ្នក​សង្កេតការ​អន្តរជាតិ​បាន​ទៅ​មើល​តំបន់​នោះ។

ស៊ូដង់៖ លោក​ប្រធានាធិបតី ស៊ូដង់​ អូម៉ា​ អាល់​បាសៀរ​ Omar al-Bashir ​បាន​និយាយ​ថា​នឹង​គ្មាន​ការ​ចរចាថែម​ទៀត​ជាមួយ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ទេ ​ដោយ​លោក​បំពាន​លើ​ការ​អំពាវនាវ​អន្តរជាតិ​ឱ្យ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ការ​ចរចា​គ្នា​និង​បញ្ចៀស​កុំឱ្យ​មាន​សង្គ្រាម​ពេញ​ទំហឹង។

អឺរ៉ុប៖ ប្រទេស​ជាតិ​អឺរ៉ុប​ទាំង​១៧​ដែល​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​បាន​កាត់​បន្ថយ​ឱនភាព​ថវិកា​រដ្ឋាភិបាល​ពួក​គេ​ដោយ​បាន​ដាក់​កំហិត​វិធានការ​ត្បឹតត្បៀត​ចំណាយ​មួយ​ចំនួន ក៏​ប៉ុន្តែ​នៅ​តែ​មិន​គ្រប់​គ្រាន់​ដើម្បី​ឱ្យ​បាន​ដល់​កម្រិត​ដែល​កំណត់​ដោយ​សហភាព​អឺរ៉ុប។​

...លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់​អូបាម៉ា​បាន​ចេញ​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​មួយ​ជា​លើក​ដំបូង​ដែល​នឹង​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ស.រ.អ.​ដាក់​កំហិត​ការ​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​បរទេស​ទាំង​ទ្បាយ​ណា​ដែល​ជួយ​រដ្ឋាភិបាល​ផ្តាច់ការ​ឱ្យ​ប្រើប្រាស់​បច្ចេកទេសទំនើប​សម្រាប់​រំលោភ​លើ​សិទ្ធិ​មនុស្ស។​

ហូល្លង់៖ លោក​នាយក​រដ្ឋមន្ត្រី​ម៉ាក រូត​ Mark Rutte ​នៃ​ប្រទេស​ហុល្លង់​បាន​ដាក់​ពាក្យ​លាលែង​ចេញ​ពីតំណែង​របស់​រដ្ឋាភិបាល​លោក​នៅ​ក្រោយ​បរាជ័យ​កិច្ច​ចរចា​ស្តី​ពី​ការ​កាត់​បន្ថយ​ថវិកា​របស់​ប្រទេស។

XS
SM
MD
LG