លោករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េខាងជើងគ្រោងនឹងមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា នៅក្នុងខែកក្កដាខាងមុខនេះដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់សេដ្ឋកិច្ចអាស៊ាន។ នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៧ ខែមិថុនាកន្លងទៅនេះ។
នៅក្នុងដំណើរទស្សនកិច្ចនេះលោកហោ ណាំហុង បានជួបជាមួយនឹងលោក ប៉ាកលី ជុន (Pak Ui-chun) រដ្ឋមន្ត្រីការបរទេសនៃប្រទេសកូរ៉េខាងជើង និងលោកគីម យុង ណាម (Kim Yong-nam) ប្រធានរដ្ឋសភានៃប្រជាជនកូរ៉េខាងជើង។
លោកហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅឯព្រលានយន្តហោះភ្នំពេញអន្តរជាតិបន្ទាប់ពីលោកបានវិលត្រឡប់មកពីប្រទេសកូរ៉េខាងជើងនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។ លោកបានហៅដំណើរទស្សនកិច្ចនេះគឺជាការបង្កើតទំនាក់ទំនងទ្វេឡើងថែមទៀតរវាងប្រទេសកម្ពុជានិងប្រទេសដែលកាន់របបកុម្មុយនីស្តកូរ៉េខាងជើង។
លោកហោ ណាំហុង បានមានប្រសាសន៍ថាលោក ប៉ាកលី ជុន រដ្ឋមន្ត្រីការបរទេសនៃកូរ៉េខាងជើង នឹងមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមវេទិកាតំបន់អាស៊ាននៅក្នុងខែកក្កដា។
ប្រទេសកម្ពុជានៅក្នុងអំឡុងខែកក្កដាខាងមុខនេះនឹងមានរៀបចំវេទិកាតំបន់អាស៊ានដែលរួមមានបណ្តាប្រទេសចំនួន ២៧បានចូលរួម។ នៅក្នុងកិច្ចប្រជុំនោះ នឹងមានកិច្ចប្រជុំធំៗ ចំនួនបួន គឺការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤២ កិច្ចប្រជុំជាមួយបណ្តាប្រទេសជាដៃគូ ក្រោយពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំវេទិកាអាស៊ានលើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី២ នៃកិច្ចប្រជុំកំពូលអាស៊ានបូព៌ា ព្រមទាំងកិច្ចប្រជុំមេគង្គជប៉ុន កូរ៉េ និងបណ្តាប្រទេសផ្សេងៗទៀត។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសមិនបានដឹងថាកិច្ចប្រជុំវេទិការតំបន់អាស៊ាននឹងលើកយកបញ្ហាវិបត្តិនុយក្លេអ៊ែនៅឧបទ្វីបកូរ៉េខាងជើងយកមកពិភាក្សាទេ។
«ខ្ញុំមិនទាន់បានជ្រាបទេ។ ចាំមើលសេចក្តីជូនព័ត៌មានបន្តបន្ទាប់ទៀតពីរបៀបវារៈនៃកិច្ចប្រជុំហ្នឹង និងដឹងច្បាស់ថានឹងអាចមានអ្វីខ្លះ»។
វិបត្តិនុយក្លេអ៊ែនៃសាធារណរដ្ឋកូរ៉េខាងជើង បានបង្កឲ្យមានការព្រួយបារម្ភសន្តិសុខជាសាកល និងតំបន់ផងដែរដែលជំរុញឲ្យមានការពិភាក្សាជាសាកលដើម្បីជៀងវាងសង្គ្រាមនុយក្លេអ៊ែ។
ប្រទេសកូរ៉េខាងជើងធ្លាប់បានច្រានចោលការចរចា៦ភាគី ដែលដឹកនាំដោយសហរដ្ឋអាមេរិកបារាំង ចិន អង្គការសហប្រជាជាតិ កូរ៉េខាងត្បូង និងកូរ៉េខាងជើង។ សហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិ បានបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសកូរ៉េខាងជើងឡើងវិញបន្ទាប់ពីប្រទេសនេះបានបន្តកម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួន៕