ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស (OHCHR) លោក Volker Turk បានព្រមានអំពីអ្វីដែលលោកយល់ឃើញថាជា «ការប្រឆាំងជាប្រព័ន្ធលើសិទ្ធិស្ត្រីនិងសមភាពយេនឌ័រ» នៅជុំវិញពិភពលោក។
នៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយជាមួយនឹងទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី ៤ ខែមករាកន្លងទៅនេះ លោក Turk បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពី «ដំណើរថយក្រោយនិងដំណើររុញត្រឡប់ក្រោយ» ដែលលោកបានឃើញថាប្រឆាំងនឹងស្ត្រីកាលពីពេលថ្មីៗនេះ ជាពិសេសនៅលើបណ្ដាញសង្គមអនឡាញ។
លោកបានបញ្ជាក់ថា៖ «ជាឧទាហរណ៍ នៅតាមបណ្ដាញសង្គមអនឡាញ យើងបានឃើញថាការបញ្ចេញមតិបែបប្រឆាំងនឹងស្ត្រីនិងបែបអាសអាភាសហាក់ដូចជាត្រូវបានអនុញ្ញាតឱ្យមានកាន់តែច្រើន ដែលនេះគឺគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង»។
លោក Turk បានលើកឡើងអំពីប្រទេសអាហ្វហ្គានីស្ថាននិងក្រុមតាលីបង់ (Taliban) ដែលកំពុងដឹកនាំប្រទេសនេះថាជា «ករណីដ៏អាក្រក់បំផុតក្នុងចំណោមករណីអាក្រក់បំផុតនានា» និងបានហៅការជិះជាន់គាបសង្កត់របស់ក្រុមតាលីបង់លើស្ត្រីថា «គ្មាននរណាធ្វើដូច»។
កាលពីខែមុន ក្រុមតាលីបង់បានហាមឃាត់ស្ត្រីមិនឱ្យធ្វើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាល ហើយកាលពីមុនធ្លាប់បានក្បត់ពាក្យសន្យារបស់ខ្លួនដែលថានឹងអនុញ្ញាតឱ្យស្ត្រីនិងកុមារីទទួលបានការអប់រំកម្រិតមធ្យមសិក្សានិងឧត្តមសិក្សា។
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ «រួមសាមគ្គីឱ្យបានពេញទំហឹងជាមួយនឹងស្ត្រីនិងកុមារីនៃប្រទេសអាហ្វហ្គានីស្ថាន ហើយចាំបាច់ត្រូវធ្វើឱ្យប្រាកដថាករណីនេះនឹងមិនអាចក្លាយជាទម្លាប់នៅពេលអនាគត»។
លោក Turk ក៏មានបំណងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ផងដែរ ដែលនៅទីនោះ គេឃើញមានការតវ៉ានៅទូទាំងប្រទេសតាំងពីខែកញ្ញា ឆ្នាំមុនមក ដែលនៅពេលនោះ នាង Mahsa Amini អាយុ ២២ ឆ្នាំ បានស្លាប់នៅក្រោមសមត្ថកិច្ចរបស់ប៉ូលិស បន្ទាប់ពីនាងត្រូវបានគេចោទថាបានរំលោភលើច្បាប់ដ៏តឹងតែងរបស់ប្រទេសអ៊ីរ៉ង់ដែលតម្រូវឱ្យស្ត្រីពាក់កន្សែងគ្របមុខ។ លោក Turk បាននិយាយថា អាជ្ញាធរអ៊ីរ៉ង់មិនទាន់បានឆ្លើយតបចំពោះសំណើរបស់លោកនៅឡើយទេ។
លោកបានបន្តថា ប្រសិនបើលោកត្រូវបានអនុញ្ញាតឱ្យធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ លោកនឹងអំពាវនាវម្ដងទៀតឱ្យមានការលុបចោលនូវ «ការអនុវត្តបែបរើសអើងប្រឆាំងនឹងស្ត្រីនិងកុមារី» ហើយនឹងលើកឡើងអំពីប្រធានបទនៃការបង្ក្រាបដ៏ឃោរឃៅរបស់អាជ្ញាធរលើការតវ៉ា។ លោកបានបង្ហាញក្ដីបារម្ភជាពិសេសលើការប្រើទោសប្រហារជីវិតពាក់ព័ន្ធនឹងការតវ៉ានៅអ៊ីរ៉ង់នេះ។
លោក Turk បានបន្ថែមថា ទោសប្រហារជីវិតនេះ «មិនត្រូវប្រើជាដាច់ខាតនៅក្នុងបរិបទដូចនេះទោះក្នុងស្ថានការណ៍ណាក៏ដោយ»។
អង្គការសិទ្ធិមនុស្ស Iran Human Rights ដែលមានមូលដ្ឋាននៅក្នុងរាជធានីអូស្លូ ប្រទេសន័រវែស បានបញ្ជាក់ថា មនុស្សជិត ៥០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបនៅប្រទេសអ៊ីរ៉ង់ ហើយមនុស្សរាប់ពាន់នាក់ទៀតត្រូវបានចាប់ខ្លួន។
ក្រៅពីវិធានការជាប្រព័ន្ធដែលធ្វើឡើងដោយប្រទេសនានា លោក Turk បានអំពាវនាវឱ្យមាន «ការមូលមតិគ្នាជាសាកល» លើវិធីដោះស្រាយបញ្ហាព័ត៌មានមិនពិតនិងការបញ្ចេញមតិបែបស្អប់គុំកួន វិធីទប់ទល់នឹងបញ្ហាទាំងនេះលើបណ្ដាញសង្គមអនឡាញ វិធីដែលប្រទេសទាំងនោះចាត់វិធានការប្រកបដោយការទទួលខុសត្រូវនិង «មិនបន្ថែមប្រេងទៅលើភ្លើង ទៅលើស្ថានភាពជម្លោះ...ឬក៏ទៅលើប្រតិកម្មប្រឆាំងខ្លាំងក្លាដែលយើងបានឃើញលើបញ្ហាយេនឌ័រ»។
ជាទូទៅ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះបានហៅសកម្មភាពប្រឆាំងនឹងស្ត្រីទាំងនេះថាជា «ការប៉ុនប៉ងចុងក្រោយរបស់ប្រព័ន្ធគ្រប់គ្រងសង្គមដែលយកបុរសជាធំនៅក្នុងការបង្ហាញកម្លាំងរបស់ខ្លួន» ប្រឆាំងនឹងចលនានៅលើពិភពលោកនៃការលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រីនិងសមភាពយេនឌ័រ។
លោក Turk បានថ្លែងដូច្នេះថា៖ «ពួកគេមិនអាចរារាំងពិភពលោកថ្មីមិនឱ្យលេចឡើងបានទេ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា រឿងនេះនឹងក្លាយជារឿងកាលពីអតីតកាល ដោយសារតែប្រព័ន្ធសង្គមដែលយកបុរសជាធំគឺមិនមែនសម្រាប់អនាគតកាលនោះឡើយ។ វាជាអ្វីដែលគួរតែជារឿងអតីតកាលចារក្នុងសៀវភៅប្រវត្តិសាស្ត្រ»៕
ព័ត៌មាននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AFP។
ប្រែសម្រួលដោយលោក ឈឹម សុមេធ