ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃចន្ទនេះមានគម្រោងនឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃទៅកាន់ប្រទេសចិន ដែលក្នុងនោះក៏រួមមានដំណើរទស្សនកិច្ចទៅកាន់តំបន់ដាច់ស្រយាល Xinjiang ដែលកំពុងធ្វើឱ្យមានការបារម្ភពីលទ្ធភាពចូលបានពេញលេញនៅតំបន់នោះនិងការឃោសនារបស់គណបក្សកុម្មុយនីស្តចិនជុំវិញដំណើរទស្សនកិច្ចនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ដំណើរទស្សនកិច្ចរបស់លោកស្រី Michelle Bachelet ដែលជាមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាន់ខ្ពស់ដំបូងគេ ដែលបានទៅទៅកាន់ប្រទេសចិនក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងទៅនេះកើតមានឡើងខណៈដែលចិនកំពុងទទួលរងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សលើក្រុមកាន់សាសនាអ៊ីស្លាមនៅក្នុងតំបន់ Xinjiang ដែលស្ថិតនៅតំបន់ភាគខាងលិចឆ្ងាយនៃប្រទេសចិន។
គណបក្សកុម្មុយនីស្តចិនត្រូវបានគេចោទប្រកាន់ថា បានឃុំឃាំងជនជាតិ Uyghur និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមដទៃផ្សេងៗទៀតប្រមាណជាងមួយលាននាក់នៅក្នុងតំបន់នេះ ក្រោមការបង្រ្កាបផ្នែកសន្តិសុខអស់រយៈពេលប្រមាណមួយឆ្នាំមកហើយ ដែលសហរដ្ឋអាមេរិកហៅថាជាអំពើ«ប្រល័យពូជសាសន៍» នោះ។
ប៉ុន្តែ ចិនបានបដិសេធដាច់អហង្ការជុំវិញការចោទប្រកាន់នេះ ហើយបានហៅការចោទប្រកាន់មកលើខ្លួននោះ ថាជាការ«ភូតកុហកប្រចាំសតវត្សរ៍»។
លោកស្រី Bachelet មានគម្រោងនឹងជួបតាមអនឡាញផងដែរ ជាមួយប្រមុខបេសកកម្មការទូតប្រមាណ៧០នៅក្នុងប្រទេសចិននៅថ្ងៃចន្ទនេះ។ នេះបើយោងតាមប្រភពការទូតមួយនៅក្នុងរដ្ឋធានីប៉េកាំងនៃប្រទេសចិន។
បន្ទាប់មកនៅក្នុងសប្តាហ៍នេះ លោកស្រីក៏មានគម្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុង Urumqi និង Kashgar នៃតំបន់ Xinjiang និងទីក្រុង Guangzhou ដែលស្ថិតនៅផ្នែកខាងត្បូងប្រទេសចិនផងដែរ។
ប្រធានអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងជាអតីតប្រធានាធិបតីប្រទេសឈីលី រូបនេះក៏នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ចិនក៏ដូចអង្គការសង្គមស៊ីវិល តំណាងពាណិជ្ជកម្មនិងអ្នកសិក្សាស្រាវជ្រាវមួយចំនួនផងដែរ។ នេះបើតាមការបញ្ជាក់នៃការិយាល័យរបស់លោកស្រីនៅមុនដំណើរទស្សនកិច្ចចាប់ផ្តើម។
មន្ត្រីអង្គការសហប្រជាជាតិបានជាប់គាំងក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលចិនចាប់តាំងពីឆ្នាំ២០១៨មក ដើម្បីទទួលបានការធានាមួយថា ខ្លួនអាចចូលទៅដល់ទីតាំងនានាក្នុងតំបន់ Xinjiang ដោយសេរីនិងគ្មានការហាមឃាត់។
ដោយឡែកសហរដ្ឋអាមេរិកបានធ្វើការរិះគន់មុនដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសចិនដោយនិយាយថា ខ្លួនមានការបារម្ភជាខ្លាំងដែលលោកស្រី Bachelet មិនបានទទួលនូវការធានាណាមួយទៅលើអ្វីដែលលោកស្រីចង់ឃើញនោះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងមិនរំពឹងទុកថា ចិននឹងផ្តល់ការអនុញ្ញាតឱ្យលោកស្រីទៅមើលទីតាំងសំខាន់ៗមួយចំនួន ដើម្បីធ្វើការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយនិងដោយឯករាជ្យជុំវិញបរិយាកាសសិទ្ធិមនុស្សនៅក្នុងតំបន់ Xinjiang នោះទេ»៕