គណៈកម្មការស៊ើបអង្កេតរបស់អ.ស.ប ស្តីពីប្រទេសស៊ីរី បានចេញផ្សាយរបាយការណ៍ចុងក្រោយខ្លួន ហើយពួកគេ កំពុងអំពាវនាវឱ្យប្រទេសនានាធ្វើមាតុភូមិនិវត្តន៍ កុមារនិងម្តាយរាប់ពាន់នាក់ដែលពាក់ព័ន្ធនឹងក្រុមប្រយុទ្ធរដ្ឋឥស្លាមដែលបានហាត់សមនៅជំរំភៀសខ្លួន Al-Hol របស់ប្រទេសស៊ីរី។
មនុស្សប្រហែល ៧ ម៉ឺននាក់ដែលភាគច្រើនជាស្ត្រីនិងកុមារដែលមានអាយុក្រោម ១២ ឆ្នាំ កំពុងស្នាក់នៅជំរុំ Al-Hol។ ពួកគេបានភៀសខ្លួនចេញពីទីនោះបន្ទាប់ពីមូលដ្ឋានដ៏រឹងមាំរបស់រដ្ឋឥស្លាម Deir al-Zor ត្រូវបានក្តោបក្តាប់ដោយក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកនិងកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺដ ហៅកាត់ថា SDF។
គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិដែលមានសមាជិក ៣ នាក់និយាយថា កុមាររាប់ពាន់នាក់ដែលមានអាយុលើសពី ១២ ឆ្នាំដែលត្រូវបានចាត់ទុកថា ជាអាយុអាចវាយប្រយុទ្ធបាន កំពុងត្រូវបានឃុំខ្លួនដោយក្រុម SDF នៅទីកន្លែងឃុំឃាំងដែលគ្មានទំនាក់ទំនងជាមនុស្សនៅខាងក្រៅ ។
លោក Paulo Pinheiro ប្រធានគណៈកម្មការស៊ើបអង្កេតនេះ និយាយថាក្មេងៗកំពុងត្រូវបានរក្សាទុកនៅក្នុងទីតាំងសម្ងាត់មួយជាមួយមនុស្សពេញវ័យដែលគេសង្ស័យថា ជាអ្នកប្រយុទ្ធរបស់ក្រុមរដ្ឋឥស្លាម IS ហើយពួកគេស្ថិតនៅក្នុងស្ថានភាពដែលអាចរងការធ្វើទារុណកម្ម ឬ ការធ្វើបាប។
លោក Paulo Pinheiro ថ្លែងថា៖
«យើងគិតថា ការកំណត់អាយុក្រោម១២ឆ្នាំនេះចម្លែកណាស់។ ប្រទេសជាសមាជិកចំនួន១៩១ បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ និងកុមារចាប់ពីអាយុ ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ ពួកគេជាកុមារនិងជាក្មេងជំទង់…ហើយពួកគេត្រូវបានចាត់ទុកថាជាភេរវករប្រសិនបើពួកគេ មានអាយុលើសពី ១២ ឆ្នាំ។ គណៈកម្មាធិការយល់ឃើញថា វាជាអំពើដ៏គួរឲ្យរន្ធត់»។
គណៈកម្មការនេះ បានឲ្យដឹងថា ប្រទេសនានាមានការភ័យខ្លាចចំពោះការធ្វើមាតុភូមិនិវត្តន៍របស់ម្ដាយ ដែលបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម IS ។ ក្នុងពេលជាមួយគ្នានេះដែរ គណៈកម្មការនេះ ក៏បានឲ្យដឹងផងដែរថា ការអនុញ្ញាតឱ្យកុមារដែលកើតចេញពីទំនាក់ទំនងទាំងនេះ ធំដឹងក្តីនៅក្នុងជំរំ នឹងធ្វើឱ្យពួកគេក្លាយជាមនុស្សគ្មានប្រទេស ដែលការណ៍នេះ វាជាការរំលោភច្បាប់អន្តរជាតិ។
លោក Hanny Megally ដែលជាសមាជិកនៃគណៈកម្មការស៊ើបអង្កេតនេះ បានប្រាប់ VOA ថា ហានិភ័យនៃការមិនធ្វើមាតុភូមិនិវត្តន៍កុមារទាំងនេះ នឹងមានផលវិបាកធ្ងន់ធ្ងរដល់ពួកគេ និងសង្គមទាំងមូល។
លោក Hanny Megally ថ្លែងថា៖
«នៅគ្រាដែលយើងនិយាយថាយើងមិនត្រឹមតែចង់កម្ចាត់ភេរវករប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើម្បីដោះស្រាយនូវបុព្វហេតុនានាដែលនាំឲ្យមនុស្សប្រព្រឹត្តអំពើហិង្សានោះ យើងគួរតែរកវិធីណាដែលមិនបង្កទុក្ខលំបាកដែលក្នុងពេលអនាគតអាចធ្វើឲ្យមនុស្សមួយជំនាន់ទៀតដែលមានទុក្ខព្រួយ ប្រឆាំងនឹងនឹងយើង និងប្រឆាំងនឹងប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍និងបរិយាកាសផ្ទាល់របស់ពួកគេ»។
លោក Megally និយាយថា ប្រទេស នានាគួរតែដកខ្លួនឲ្យឆ្ងាយពីគោលនយោបាយដែលគាំទ្រការដាក់ទណ្ឌកម្មចំពោះអ្នកទាំងឡាយដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម IS ហើយគួរតែឆ្ពោះទៅរកការស្តារនីតិសម្បទាវិញ។ លោក Megally និយាយ ថាកាលៈទេសៈរបស់ប្រជាពលរដ្ឋមានភាពខុសៗគ្នាហើយការណ៍ដែលចាត់ទុកពួកគេទាំងអស់ថាសុទ្ធតែជាមនុស្សអាក្រក់ វាគឺជាកំហុសដ៏ធំមួយ។
លោកមានប្រសាសន៍ថា ដំណោះស្រាយល្អបំផុត គឺអនុញ្ញាតឲ្យប្រជាពលរដ្ឋវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញ និងដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ពួកគេ។ លោកនិយាយទៀតថា ប្រទេសលោកខាងលិច មានប្រព័ន្ធតុលាការដែលអាចដោះស្រាយបញ្ហានេះបាន៕
ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់